បក្សីចាំក្រុងគឺជាឈ្មោះប្រាសាទតូចច្រឡឹងមួយដែលមានខឿនបីថ្នាក់ ហើយកសាងឡើងនៅដើមសតវត្ស ទី១០ ក្រោយពេលដែលប្រាសាទលើភ្នំបាខែងបានកសាងរួច ។ នៅម្ដុំនេះមានប្រាសាទតូចៗមួយចំនួនទៀត ដែលសាងសង់អំពីឥដ្ឋ ហើយប្រាសាទខ្លះបានបំាងបាត់ដោយរុក្ខជាតិ ។ កាលពីជំនាន់សាងសង់នោះពុំមានសិលា ចារឹកអ្វីឡើយ ។ លុះដល់ព្រះបទរាជេន្ទ្រវរ្ម័នបាននាំរាជធានីពីកោះកែរ មកតាំងនៅអង្គរសាជាថ្មីវិញនៅ គ្រិស្ដសករាជ៩៤៨ ទើបព្រះអង្គឱ្យគេចារឹកកាព្យសំស្ក្រឹតនៅលើមេទ្វារដូចដែលយើងបានឃើញសព្វថ្ងៃនេះ ។ សេចក្ដីនៃអក្សរថ្ម នោះគូរជាទីចាប់អារម្មណ៍ក្រៃលែង ព្រោះមាននិទានអំពីបុព្វការីជនដំបូងបង្អស់នៃជនជាតិខ្មែរ ក្នុងលំនាំជារឿងព្រេង ។ ក្មុងនោះមាននិយាយថាខ្មែរចុះតំណាងពូជពង្សមកពីឥសីមួយអង្គព្រះនាម“កម្ពុ” ដែលកើត ឡើងដោយឯកឯង (ស្វ័យម្ភូ) ។ ឥសីនោះទៅភប់ប្រសព្វនឹងទេពកញ្ញាឈ្មោះ“មេរុ” ទើបបង្កើតបានជាកូនចៅ តរៀងមក ។ ប្រសាទបក្សីចាំក្រុងបានសាងសង់នៅលើស្ថានីយបុរេប្រវត្ដិមួយនៃយុគសំរឹទ្ធិ ។