លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ រាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងទៅនេះ គឺដោយសារមានការដឹកនាំត្រឹមត្រូវខាងនយោបាយ

ថ្ងៃអង្គារ ទី ១១ មេសា ២០១៧​
105

រាល់សមិទ្ធផលដែលរាជ​រដ្ឋាភិបាល​សម្រេចបានកន្លងទៅ​នេះ គឺដោយសារមានការ​ដឹកនាំ​ត្រឹម​​​​ត្រូវខាងនយោ​បាយ​។ នេះគឺជាការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ក្នុងសារលិខិតអបអរសាទរ​ផ្ញើជូនជនរួមជាតិកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ​ប្រពៃ​ណី​ជាតិចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា រាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន កន្លងទៅនេះ គឺអាស្រ័យដោយមានការដឹកនាំខាងនយោបាយត្រឹមត្រូវ ប្រកបដោយឆន្ទៈមោះ មុត មានការចូលរួមគាំទ្រពីសមាជិក សមាជិកានៃស្ថាប័ននីតិប្បញ្ញត្តិ សមាជិក សមាជិកា រាជ​រដ្ឋាភិបាល មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងការបំពេញភា​រ​​​​កិច្ចរបស់ខ្លួន និងការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋទូទាំងប្រទេស ព្រមជាមួយនេះ ដែរ ក៏មានការជួយឧបត្ថម្ភគាំទ្រដោយចិត្តស្មោះសពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍ និង​សហ​គមន៍អន្តរជាតិផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំពុះពារគ្រប់ បែបយ៉ាង ដើម្បីបន្តថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់​សាធារណៈឱ្យបានកាន់តែរឹងមាំ ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយមស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលនិងប្រជាពលរ​ដ្ឋ​ទាំងមូលសម្រេចបានកន្លងមក៕

បញ្ចេញយោបល់