កម្ពុជា-ចិន ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើការផ្លាស់ប្តូរវិស័យព័តមាន

ថ្ងៃចន្ទ ទី ១០ មេសា ២០១៧​
175

ភ្នំពេញ៖ ក្រសួងព័តមានកម្ពុជា និងក្រុមប្រឹក្សារដ្ឋទទួលបន្ទុកព័តមាននៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើការផ្លាស់ប្តូរវិស័យព័តមាន។ អនុស្សារណៈនេះ ចុះហត្ថលេខាដោយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័តមាន និងលោក ជាំង ចៀនគ័រ រដ្ឋមន្ត្រី ក្រុមប្រឹក្សារដ្ឋទទួលបន្ទុកព័តមាននៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពី លោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មន្ត្រីជាន់ខ្ពស់ក្រសួងព័តមាន គណៈប្រតិភូចិន ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នព័តមានធំៗជាច្រើនរូបទៀត នាទីស្តីការក្រសួងព័តមាន រាជធានីភ្នំពេញ។

លោក អ៊ុក គឹម សេង អនុរដ្ឋលេខាធិការក្រសួងព័តមានបានឱ្យដឹងថា អនុស្សារណៈនៃការយោគយល់គ្នានេះគឺសំដៅលើការឯកភាពផ្លាស់ប្តូរព័តមានទូទៅរវាងប្រទេសទាំងពីរ ទាក់ទងនឹងគ្រប់វិស័យ។ មួយវិញទៀត ភាគីទាំងពីរបានយល់ព្រមផ្លាស់ប្តូរដំណើរទស្សនកិច្ចនៃគណប្រតិភូប្រទេសទាំងពីរ ទៅវិញទៅមក ដើម្បីទៅសិក្សាស្វែងយល់អំពីការងារពាក់ព័ន្ធនឹងវិស័យផ្សព្វផ្សាយ និងសារព័តមាន។

ក្រៅពីការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ លោក ជាំង ចៀនគ័រ រដ្ឋមន្ត្រីក្រុមប្រឹក្សារដ្ឋទទួលបន្ទុកព័តមាននៃសាធារណរដ្ឋប្រជាមានិតចិន និង លោក ខៀវ កាញារីទ្ធក៏បានជួបពិភាក្សាគ្នាអំពីគម្រោងជួយដល់កម្ពុជាពីសំណាក់ចិន លើការងារបណ្តុះបណ្តាលធនធានមនុស្សពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល ដោយភាគីចិនបានសន្យាថា នឹងជួយដល់អ្នកសារព័តមានកម្ពុជា មិនថាមកពីស្ថាប័នរដ្ឋ និងឯកជននោះទេ។

លោក បន្តថា ក្រោមគោលនយោបាយ ក្រសួងព័តមានកម្ពុជាបានបញ្ជូនគណៈប្រតិភូរួមទាំងអ្នកបច្ចេកទេសផង ទៅស្វែងយល់ដកស្រង់បទពិសោធន៍ជាបន្តបន្ទាប់ នៅប្រទេសចិន ហើយភាគីចិនក៏បានអញ្ជើញមកកម្ពុជា ដើម្បីធ្វើការងារជាមួយក្រសួងព័តមាន ដូចជាទូរទស្សន៍យូណាន់ និងគ័ងស៊ី ជាដើម៕

 

 

 

បញ្ចេញយោបល់