ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តរតនគិរី បានសំណូមពរដល់លោកគ្រូ អ្នកគ្រូ កុំឱ្យជឿលើកាឃោសនា បោកប្រាស់ញុះញង់និងបំបែកបំបាក់របស់បក្សប្រឆាំង។ លោក បានថ្លែងដូចនេះ ក្នុងឱកាសសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ ចំនួន២០០នាក់ ដែលបង្រៀននៅក្នុងក្រុងបានលុង ខេត្តរតនគិរី នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧នេះ។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានស្នើសុំឱ្យលោកគ្រូ អ្នកគ្រូ ជឿទុកចិត្តលើសមត្ថភាព របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ លោកគ្រូ អ្នកគ្រូ ដែលជាបញ្ញាវ័ន្តចេះដឹងនៅមូលដ្ឋាន ជួយអប់រំបងប្អូនកូនក្មួយ របស់យើងជំនាន់ក្រោយឱ្យបន្តគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យរីកចម្រើនបន្ថែមទៀត និងកសាងប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជាយើង។
បន្ថែមពីលើនេះលោកទេសរដ្ឋមន្ត្រី ក៏បានជម្រាប ដល់លោកគ្រូ អ្នកគ្រូ អំពីការកំពុងខិតខំ របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាធំៗ មួយចំនួនទៀត ដូចជាបញ្ហាព្រំដែន ដែលបន្សល់ទុកតាំងពីអតីតកាល(ជំនាន់បារាំង) និងកិច្ចខិតខំប្រឹងប្រែងកន្លងមកដូចជា៖ ១- រំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត ប្រល័យពូជសាសន៍ ២- ដឹកនាំប្រទេសជាតិចេញពីបាតដៃទទេ និងការហ៊ុំព័ទ្ធសេដ្ឋកិច្ច ៣- បញ្ចប់សង្គ្រាមស៊ីវិល រវាងខ្មែរ និង ខ្មែរ ធ្វើឱ្យប្រទេសជាតិមានសន្តិភាព តាមគោលនយោបាយ ឈ្នះ-ឈ្នះ ៤- ការអភិវឌ្ឍលើគ្រប់វិស័យ តាមគោលនយោបាយ និងទស្សនវិស័យដ៏ត្រឹមត្រូវបំផុត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង៥- ការយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់មន្ត្រីរាជការ តាមរយៈការតំឡើងប្រាក់ខែ និងប្រាក់បំណាច់ផ្សេងៗផងដែរ៕