បន្ទាប់ពីកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅឆ្នាំមុននិងនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់សម្ព័ន្ធភាពអាស៊ី-ប៉ាស៊ីហ្វិកលើកទីបីនោះ សម្ព័ន្ធភាពប៉ាស៊ីហ្វិក (Pacific Alliance – PA) (ឈីលី កូឡុំប៊ី ម៉ិកស៊ិក និងប៊េរ៉ូ) និងអាស៊ានបានដាក់ឈ្មោះជាផ្លូវការទៅជាក្របខ័ណ្ឌសម្ព័ន្ធភាពអាស៊ាន-ប៉ាស៊ីហ្វិកដើម្បីកិច្ចសហប្រតិបត្តិការ (ASEAN-Pacific Alliance Framework for Cooperation – ASEAN-PA)។
កិច្ចព្រមព្រៀងនោះ ដែលនឹងបង្កើតការសហការនៅអនាគតរបស់ក្រុមប្រទេសទាំងនេះស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច អប់រំ បច្ចេកវិទ្យាវិទ្យាសាស្ត្រ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ គឺជាកិច្ចព្រមព្រៀងលើកដំបូងរវាងអាស៊ីខាងកើតនិងអង្គការតំបន់អាមេរិកឡាទីន។ ដូច្នេះ វាបានផ្តល់ទំហំកាន់តែធំនិងសារៈសំខាន់កាន់តែកើតឡើងផ្នែកទំនាក់ទំនងរវាងតំបន់ទាំងពីរនេះ និងឆ្លុះបញ្ចាំងអំពីការកាន់តែស៊ីជម្រៅនៃទំនាក់ទំនងអន្តរតំបន់នៅក្នុងកម្រិតផ្សេងៗ។
ដោយមានជម្រើសផ្សេងៗគ្នាដើម្បីចរចាសម្រាប់ពាណិជ្ជកម្មនៅតំបន់ប៉ាស៊ីហ្វិកបន្ទាប់ពីការស្លាប់របស់កិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក (TPP) នោះ និងដោយសម្ព័ន្ធភាពប៉ាស៊ីហ្វិកកំពុងបង្ហាញពីសក្តានុពលរបស់វាក្នុងការបង្កើតទំនាក់ទំនងរវាងអាស៊ីប៉ាស៊ីហ្វិក និងអាមេរិកឡាទីននោះ កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរបស់ ASEAN-PA នោះអាចនឹងឈានទៅកាន់ភាពជាដៃគូដ៏សំខាន់មួយដោយមានសារៈសំខាន់យុទ្ធសាស្ត្រ មិនសម្រាប់តែសមាជិករបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកាន់តែទូលាយទៀតផង។
សម័្ពន្ធភាពប៉ាស៊ីហ្វិក និងការងាករបស់ឡាទីនទៅកាន់អាស៊ី
នៅឆ្នាំ ២០១២ ឈីលី កូឡុំប៊ី ម៉ិកស៊ិក និងប៊េរ៉ូបានបង្កើតសម្ព័ន្ធភាពប៉ាស៊ីហ្វិក ជាគំរូនៃការធ្វើសមាហរណកម្មច្នៃប្រឌិតមួយដែលបង្រួបបង្រួមសេដ្ឋកិច្ចក៏មានសក្តានុពលនិងបើកចំហបំផុតរបស់តំបន់នោះ។ រួមគ្នាទៅ ប្រទេសទាំងនេះបានបង្ហាញពីទីផ្សារនៃប្រជាជនចំនួន ២១៥ លានដុល្លារ ចំនួន ៤០ ភាគរយនៃ ផ.ស.ស របស់អាមេរិកឡាទីន និងចំនួន ២៥ ភាគរយនៃពាណិជ្ជកម្មតំបន់។
ចំណុចខុសប្លែកគេបំផុតរបស់ PA ហើយអ្វីដែលបានបង្កើតវាខុសពីការខិតខំប្រឹងប្រែងធ្វើសមាហរណកម្មផ្សេងៗទៀតនៅអាមេរិកឡាទីននោះ គឺគោលដៅឆាប់រហ័សរបស់វាក្នុងការតំរង់ទិសសេដ្ឋកិច្ចរបស់សមាជិកខ្លួនឆ្ពោះទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅពីក្រោយនៃការផ្តួចផ្តើមគំនិតនេះគឺតម្រូវការសម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចដើម្បីធ្វើឲ្យមានចីរភាពដល់គំរូកំណើនសេដ្ឋកិច្ចដែលអូសទាញដោយការនាំចេញ ព្រមទាំងការទទួលស្គាល់នៃអន្តរកាលពិភពលោកឆ្ពោះទៅរកសេដ្ឋកិច្ចដែលមានមូលដ្ឋាននៅអាស៊ី។ សេដ្ឋកិច្ចផ្តោតនៅអាស៊ីនេះត្រូវបានឆ្លុះបង្ហាញជាពិសេសនៅក្នុងអាមេរិកឡាទីនតាមរយៈកម្រិតខ្ពស់នៃការវិនិយោគ ហិរញ្ញវត្ថុ និងតម្រូវការរបស់ចិនចំពោះវត្ថុធាតុដើមនិងផលិតផលកសិកម្ម។
ចាប់ពីពេលនោះមក សម្ព័ន្ធភាពប៉ាស៊ីហ្វិកបានធ្វើឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់លើការធ្វើសមាហរណកម្មពណិជ្ជកម្ម (ជាង ៩០ ភាគរយនៃពន្ធគយត្រូវបានទម្លាក់ចោល) ភាពងាយស្រួលនៃការធ្វើធុរកិច្ច និងអភិក្រមការទូតសហការគ្នា។ នេះបានរួមចំណែកដល់ការបង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ី ក្នុងខណៈដែលបង្កើតឡើងនូវទំនុកចិត្តរបស់ប្លុកនោះមកធ្វើជាការផ្តួចផ្តើមគំនិតជោគជ័យមួយ។ ឥឡូវនេះ ដោយស្របជាមួយនឹងការប្រែប្រួលក្នុងតំបន់ និងពិភពលោក តួអង្គកាន់តែច្រើនកំពុងស្វះស្វែងរកការធ្វើសហប្រតិបត្តិការជាមួយសម្ព័ន្ធភាពប៉ាស៊ីហ្វិក។ ឧទាហរណ៍សំខាន់ៗនោះគឺប្រទេសជិតខាងអាហ្សង់ទីន និងប្រេស៊ីល ដែលកំពុងអំពាវនាវយ៉ាងសកម្មឲ្យមានទំនាក់ទំនងកាន់តែជិតស្និតរបស់ Mercosur-PA។ ស្រដៀងគ្នាដែរ ប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ ជំរុញឲ្យមានចំណាប់អារម្មណ៍ខ្លាំងរបស់បារាំង និងសហភាពអឺរ៉ុបក្នុងការបង្កើតទំនាក់ទំនងឡើងវិញជាមួយ PA ក្នុងពេលដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសឈីលី និងកូឡុំប៊ី កាលពីខែមករា ហើយរដ្ឋមន្ត្រីការបរទេសអេស្បាញក៏បានធ្វើដូចគ្នាដែរនៅប្រទេសប៊េរ៉ូនិងម៉ិកស៊ិកនៅដើមខែមីនា។
ទំនោរបែបនេះត្រូវបានទទួលយ៉ាងកក់ក្តៅដោយប្រទេសសមាជិក ដែលកំពុងស្វែងរកការបង្កើតភាពជាដៃគូថ្មីៗ និងពង្រីកឱកាសពាណិជ្ជកម្ម ជាពិសេសបន្ទាប់ពី TPP បានបែកខ្ញែក។ ជាការពិត ក្នុងពេលកិច្ចប្រជុំមួយធ្វើឡើងនៅថ្ងៃទី ៩ ខែមីនា ប្រធានាធិបតីរបស់សម្ព័ន្ធភាពប៉ាស៊ីហ្វិកបានសន្យាបន្តធ្វើឲ្យស៊ីជម្រៅដល់កម្រិតសមាហរណកម្មរបស់ប្លុកនោះនិងពង្រីកបណ្តាញពាណិជ្ជកម្ម ដែលអាស៊ាននិង Mercosur ត្រូវបានគេដៅថា ជាអាទិភាពសំខាន់។
ប៉ុន្តែនៅក្នុងជំហានបន្តដែលមានគោលដៅក្នុងការបង្កើតកម្លាំងរបស់ប្លុកនោះមកធ្វើជាតួអង្គស្នូលនៃពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិកនោះ ប្រទេសឈីលី បច្ចុប្បន្នជាប្រធានបណ្តោះអាសន្នរបស់ PA បានបង្កើតការ “ពិភាក្សាកម្រិតខ្ពស់ស្តីពីការផ្តើមគំនិតធ្វើសមាហរណកម្មនៅអាស៊ីប៉ាស៊ីហ្វិកៈ កត្តាប្រឈមនិងឱកាស” នៅថ្ងៃទី ១៤-១៥ ខែមីនាមុន ជាទីដែលរដ្ឋមន្ត្រីពាណិជ្ជកម្មនិងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសហត្ថលេខី TPP រួមជាមួយចិន កូរ៉េខាងត្បូង និងកូឡុំប៊ីនោះ បានបង្កើតគំនិតថ្មីៗសម្រាប់ពាណិជ្ជកម្មតំបន់ប៉ាស៊ីហ្វិក។ នៅក្នុងកិច្ចប្រជុំនោះ អ្នកចូលរួមបានយល់ស្របគ្នាបន្តការពិភាក្សាតាមរយៈកិច្ចប្រជុំ APEC និងប្តេជ្ញាចិត្តរបស់គេឲ្យមាន “ពាណិជ្ជកម្មសេរីស្តង់ដារខ្ពស់”។
នៅពេលបិតបញ្ចប់របស់ខ្លួន បណ្តាប្រទេសសម្ព័ន្ធភាពប៉ាស៊ីហ្វិកនោះបានប្រកាសបង្កើតអង្គរដ្ឋរួមមួយដល់ប្លុកនោះ ដែលអាចក្លាយជាធាតុផ្សំសំខាន់នៅក្នុងការពង្រីកកម្លាំងរបស់សម្ព័ន្ធភាពប៉ាស៊ីហ្វិក។ យោងតាមរដ្ឋមន្ត្រីការបរទេសឈីលីលោក ហឺរ៉ាល់ ម៉ូញ៉ូ បានឲ្យដឹងថា អង្គមួយនេះនឹងជួយសម្រួលដល់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមាន “គុណភាពខ្ពស់និងស្តង់ដារខ្ពស់” ជាមួយភាគីពាក់ព័ន្ធ ដែលអាចជាមួយបណ្តាប្រទេសដូចជា កាណាដា និងណូវែល ហ្សឺឡង់ ឬប្លុកផ្សេងដូចជាអាស៊ាន។
ការកើនឡើងទំនាក់ទំនងរវាងសម្ព័ន្ធភាពប៉ាស៊ីហ្វិក និងអាស៊ាន
ទំនាក់ទំនងរបស់ប្លុក និងប្លុករវាង PA និងអាស៊ានបានចាប់ផ្តើមក្នុងឆ្នាំ ២០១៤ នៅពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកដំបូងត្រូវបានធ្វើឡើងនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅឆ្នាំនោះ។ ការពិភាក្សាជាទៀងទាត់បានកើតឡើងចាប់ពីពេលនោះមក ដែលការពិភាក្សាចុងក្រោយបានត្រួសត្រាយផ្លូវដល់ទំនាក់ទំនងកាន់តែរួបរួមមួយតាមរយៈ “ក្របខ័ណ្ឌសម្ព័ន្ធភាពអាស៊ាន-ប៉ាស៊ីហ្វិកដើម្បីកិច្ចសហប្រតិបត្តិការ”។ ចំណុចសំខាន់ៗចំនួន ៤ របស់កិច្ចព្រមព្រៀងនោះ (សេដ្ឋកិច្ច វិស័យអប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការអភិវឌ្ឍប្រកបដោយចីរភាព) នឹងបង្កើតជាមូលដ្ឋានគ្រឹះដល់ការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយមួយ។ ហើយ ក្នុងខណៈពេលនេះ ទំនាក់ទំនងសេដ្ឋកិច្ចមានលំដាប់កាន់តែខ្ពស់ផ្អែកលើអាទិភាពនោះ ផលប្រយោជន៍សម្រាប់ទំនាក់ទំនងកាន់តែស៊ីជម្រៅអាចបង្កើតឡើងយ៉ាងឆាប់រហ័ស។
ទំនាក់ទំនងពាណិជ្ជកម្មជាមួយតំបន់អាស៊ីអាគ្នេយ៍អាចមានតាំងពីទសវត្សរ៍ទី ៧០ នៅពេលសិង្ហបូរីគឺជាវិនិយោគិនដ៏ធំជាងគេនៅអាមេរិកឡាទីន។ ប៉ុន្តែ ពាណិជ្ជកម្មអន្តរតំបន់បានចាប់ផ្តើមពង្រីកគួរឲ្យកត់សម្គាល់នៅក្នុងទសវត្សរ៍ដំបូងនៃឆ្នាំ ២០០០។ ត្រឹមឆ្នាំ ២០១៣ ពាណិជ្ជកម្មរវាងបណ្តាប្រទេសសម្ព័ន្ធភាពប៉ាស៊ីហ្វិកនិងអាស៊ានត្រូវបានប៉ាន់ប្រមាណចំនួន ១៦,៨ ពាន់លានដុល្លារ ដោយមានឱនភាពចំនួន ១,២ ពាន់លានដុល្លារ ដែលមិនល្អសំរាប់ប្លុកអាមេរិកឡាទីន។ សព្វថ្ងៃ ការនាំចេញប្រហែល ០,៦ ភាគរយរបស់សម្ព័ន្ធភាពប៉ាស៊ីហ្វិកទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដែលធ្វើឲ្យប្រទេសទាំងបួននោះអន្ទះសារក្នុងការប្រើប្រាស់ឱកាសដែលបានផ្តល់ឲ្យដោយអាស៊ាន ពោលគឺទីផ្សារដែលប្រជាជនចំនួន ៦០០ លាននាក់ មាន ផ.ស.ស ចំនួន ២,៦ ពាន់ពាន់លានដុល្លារ និងសក្តានុពលថ្នាក់កណ្តាលយ៉ាងធំនៅក្នុងឥណ្ឌូនេស៊ីនិងហ្វីលីពីន។
កម្រិតកាន់តែខ្ពស់នៃពាណិជ្ជកម្មរវាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍និងអាមេរិកឡាទីនបាននាំឲ្យមានសន្ធិសញ្ញាវិនិយោកទ្វេភាគីនៅចុងទសវត្សរ៍ទី ៩០ ដោយក្រោយមកមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅក្នុងទសវត្សរ៍ទី ២០០០។ សព្វថ្ងៃនេះ កិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិកចំនួន ៩ កំពុងមានជាធរមាន ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ៣ ទៀតកំពុងត្រូវបានចរចា ដែលទាំងអស់នោះរាប់បញ្ចូលទាំងសមាជិកម្នាក់របស់សម្ព័ន្ធភាពប៉ាស៊ីហ្វិក ឬសមាជិកផ្សេងទៀត ដូចជាកូស្តារីកា និងប៉ាណាម៉ា ហើយប្រទេសឈីលី និងសិង្ហបូរីមានសន្ធិសញ្ញាទាំងនេះច្រើនជាងគេ។
សព្វថ្ងៃនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ASEAN-PA មិនពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីនោះទេ ប៉ុន្តែសន្ធិសញ្ញាទ្វេភាគីដែលមានស្រាប់អាចយកមកធ្វើជាមូលដ្ឋានដល់កិច្ចព្រមព្រៀងបែបនេះនៅពេលក្រោយ។ ច្បាស់ណាស់ ការបង្កើតគំរូពាណិជ្ជកម្ម PA-ASEAN នោះនឹងល្អសម្រាប់អនាគតនៃទំនាក់ទំនងរបស់ប្លុកទាំងនេះ។
កត្តាប្រឈម ឱកាស និងសារៈសំខាន់យុទ្ធសាស្ត្រ
ទោះបីជាមានកិច្ចខិតខំការទូតជាសាធារណៈដោយសមាជិកអាស៊ាននិងសម្ព័ន្ធភាពប៉ាស៊ីហ្វិកក្នុងការបង្កើនទំនាក់ទំនងរបស់កេនោះ ភាពរីកចម្រើនពិតប្រាកដនឹងជួបកត្តាប្រឈមនៅលើមុខព្រួញជាច្រើន។ ការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធនិងតម្លៃភស្តុភាខ្ពស់នៅតែជាបញ្ហា ព្រមទាំងការយល់ដឹងអំពីវប្បធម៌ទៅវិញទៅមកនៅទាបយ៉ាងខ្លាំងរវាងក្រុមប្រទេសដែលមានភាពចម្រុះគ្នាយ៉ាងខ្លាំងនេះ។ កម្រិតផ្សេងៗនៃការបង្កើតស្ថាប័ននៅក្នុងប្លុកនីមួយៗនេះ ពោលគឺការប្រជែងផលប្រយោជន៍ជាតិ និងការប្រែប្រួលនៅក្នុងទិដ្ឋភាពនយោបាយក្នុងស្រុកនោះក៏អាចរារាំងដល់ការរីកចម្រើននៃទំនាក់ទំនងដែរ។
ប៉ុន្តែ បរិបទសព្វថ្ងៃបានផ្តល់ឲ្យសម្ព័ន្ធភាពប៉ាស៊ីហ្វិកនិងអាស៊ាននូវឱកាសដ៏លេចធ្លោរមួយក្នុងការបង្កើតភាពជាដៃគូររបស់គេ។ ដោយសារការស្វែងរកជម្រើសផ្សេងៗសម្រាប់សមាហរណកម្មសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនឹងពាក់ព័ន្ធជាមួយកម្រិតផ្សេងៗគ្នានៃទំនាក់ទំនងរវាងអ្នកទទួលខុសត្រូវដែលមានចាប់ពីវេទិកាទំហំធំដូចជា APEC ឬ FEALAC (the Forum for East Asia-Latin Cooperation) និងការពិភាក្សារបស់ ASEAN-PA រហូតដល់ទំនាក់ទំនងទ្វេភាគីនោះ ការប្រាស្រ័យទាក់ទងរវាងបណ្តាប្រទេសពីប្លុកទាំងនេះនៅកម្រិតនីមួយៗនៃទំនាក់ទំនងអន្តរតំបន់នោះនឹងធ្វើឲ្យប្រទេសទាំងនោះក្លាយជាអ្នកទទួលខុសត្រូវសំខាន់សម្រាប់ជម្រើសពាណិជ្ជកម្មប៉ាស៊ីហ្វិកថ្មីៗ។
នៅអតីតកាលផងដែរ បណ្តាប្រទេសដូចជាឈីលីនិងសិង្ហបូរីមានតួនាទីសំខាន់ក្នុងការកំណត់ទំនាក់ទំនងអន្តរតំបន់ ដូចដែលគេឃើញតាមរយៈការបង្កើត FEALAC ក្នុងឆ្នាំ ១៩៩៩ និង ភាពជាដៃគូពាណិជ្ជកម្មយុទ្ធសាស្ត្រអន្តរប៉ាស៊ីហ្វិកក្នុងឆ្នាំ ២០០៥។ សព្វថ្ងៃនេះ ទ្វាសំខាន់ថ្មីមួយបានបើកចំហមកធ្វើជាកម្រិតផ្សេងៗគ្នានៃត្រួតគ្នាក្នុងទំនាក់ទំនងអន្តរតំបន់ និងសម្ព័ន្ធភាពប៉ាស៊ីហ្វិក និងបណ្តាប្រទេសអាស៊ានបានគ្រប់គ្រងតួនាទីសំខាន់ៗនៅក្នុងកិច្ចប្រជុំ APEC និង FEALAC។ នេះបានផ្តល់ឲ្យសមាជិករបស់សម្ព័ន្ធភាពប៉ាស៊ីហ្វិកនិងអាស៊ាននូវឱកាសក្នុងការបង្កើនភាពជាដៃគូរបស់គេក្នុងពេលតែមួយ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតសេនារីយោពាណិជ្ជកម្មថ្មីៗ រាប់បញ្ចូលទាំងច្រកផ្សេងៗដូចជារដ្ឋរួមរួមរបស់ PA។
នៅទីបញ្ចប់ នៅពេលជម្រើសនោះត្រូវបានបង្ហាញឡើង សារៈសំខាន់យុទ្ធសាស្ត្រនៃភាពជាដៃគូដ៏រឹងមាំរបស់សម្ព័ន្ធភាពប៉ាស៊ីហ្វិក-អាស៊ាននោះនឹងកាន់តែគេមើលឃើញនៅក្នុងតួនាទីកាន់តែមានតុល្យភាពដែលទំនាក់ទំនងនោះអាចប្រើប្រាស់ទល់នឹងមហាអំណាចសេដ្ឋកិច្ច។ ជាការពិត ការធ្វើពិពិធកម្មសេដ្ឋកិច្ចនោះនឹងជួយដល់ប្លុកទាំងនេះក្នុងការបន្ធូបន្ថយការពឹងផ្អែកខាងសេដ្ឋកិច្ចលើមហាអំណាច ក្នុងខណៈដែលការពារខ្លួនគេពីឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មជាយថាហេតុណាមួយ។ ទន្ទឹមគ្នានោះដែរ ទំនាក់ទំនងរវាងប្លុកនិងប្លុកកាន់តែខ្លាំងអាចប្រើប្រាស់ជាយន្តការទន់ភ្លន់មួយក្នុងការធ្វើឲ្យមានតុល្យភាពឥទ្ធិពលកាន់តែខ្លាំងរបស់ចិន ទាំងនៅក្នុងទំនាក់ទំនងអន្តរប៉ាស៊ីហ្វិកនិងនៅក្នុងអាស៊ីខាងកើតនិងអាមេរិកឡេទីន ដែលនាំឲ្យជួយរួមចំណែកដល់បរិយាកាសកាន់តែស្ថិរភាពនិងតុល្យភាពសម្រាប់ការរីកចម្រើននៃទំនាក់ទំនងអន្តរតំបន់៕
ប្រភព៖ The Diplomat ចុះថ្ងៃ០៦ ខែមេសា ឆ្នាំ២០១៧