ទស្សនវិភាគ៖ ជោគជ័យរបស់គណបក្សសិទ្ធិមនុស្សគឺជាបរាជ័យរបស់គណបក្ស សម រង្ស៊ី

ថ្ងៃសុក្រ ទី ៧ មេសា ២០១៧​
175

ផ្អែក​តាម​លិខិត​​ជូន​ដំណឹង​របស់​ក្រសួង​មហាផ្ទៃ​ កាល​ពី​ថ្ងៃ​ទី០​៥ ខែ​មេសា ឆ្នាំ២០១៧ ដែល​បាន​ផ្ញើទៅ​គណបក្ស​សង្គ្រោះជាតិ​វិញ​ គឺ​បាន​​ទទួល​ស្គាល់ការជ្រើសរើស​​​លោក កឹម សុខា ជា​ប្រធាន​​គណបក្ស​សង្គ្រោះជាតិថ្មី ​គឺ​ស្រប​ទៅ​នឹង​លក្ខន្តិកៈថ្មី​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​​​ដែល​បាន​យក​ទៅ​តម្កល់​នៅ​​ក្រសួង​មហា​ផ្ទៃ។ ​នេះ​ជាដំណឹង​ដ៏​ត្រេក​ត្រអាល​មួយ​​សម្រាប់​​​លោក កឹម សុខា​ និង​​ក្រុម​មន្ត្រី​ដែល​ស្និទ្ធនឹង​លោក​មក​ពី​កូតា​គណបក្ស​​សិទ្ធិ​មនុស្ស​​។ គេអាច​និយាយបាន​ថា​ «យុទ្ធ​សាស្ត្រ​ច្រេះស៊ីដែក»​ ដែល​គណបក្ស​សិទ្ធិ​មនុស្ស​​បាន​ប្រើប្រាស់​ដើម្បី​លួង​លោម​បញ្ចុះ​បញ្ចូល​គណ​បក្ស សម រង្ស៊ី​ តាំង​ពី​ឆ្នាំ​២០១២ ដើម្បី​រួម​បញ្ចូល​គ្នា​នោះ​ គឺ​ត្រូវ​បាន​គណបក្ស​សិទ្ធិមនុស្ស​ស៊ីដាច់​ខ្ទេច​នៅ​ត្រឹម​ខែ មេសា​ ឆ្នាំ​២០១៧​នេះ​តែម្តង​​។

ក្រុម​អ្នក​វិភាគ​ បាន​ចាប់​អារម្មណ៍​ថា​ ការ​ឡើង​ក្តោប​ក្តាប់អំណាច​​ជាប្រធាន​គណបក្ស​​​​​របស់​​លោក កឹម សុខា​ នៅពេលនេះ​ គឺ​ជាការ​ឡើង​​កាន់​អំណាច​ដោយ​តក់​ក្រហល់​ និង​មាន​ភាព​​ចម្រូង​ចម្រាស់ផ្ទៃ​ក្នុងយ៉ាង​ស្រួច​ស្រាវ​​​។ នៅក្នុង​កិច្ច​ប្រជុំ​​​បោះ​ឆ្នោត​ជ្រើស​តាំងលោក កឹម សុខា​ជាថ្មី​ កាលពី​ថ្ងៃ​ទី០២ ខែ​មេសា​ ឆ្នាំ២០១៧​ ​ដើម្បី​ឱ្យ​ស្រប​តាម​លក្ខន្តិកៈថ្មីនោះ​ គេ​ពុំ​ឃើញ​មាន​ការ​ចូល​រួម​ពីសមាជិក​​គណៈកម្មាធិការ​នាយក​​នៃ​គណបក្ស​ទាំង​អស់​នោះ​ទេ​ ម្យ៉ាង​ទៀត​ក្រុម​សមាជិក​ដែល​បាន​ចូល​រួម​នោះ​ បាន​លួច​ត្អូញត្អែរ​ប្រាប់គ្នីគ្នាតាម​ទូរស័ព្ទ​​​ថា​ ការ​បោះឆ្នោត​ជ្រើស​តាំង​នោះ​ គឺ​ធ្វើឡើង​​ដើម្បីតែ​​បង្គ្រប់​កិច្ច​​ប៉ុណ្ណោះ​ព្រោះ​​សមាជិកដែល​ចូល​រួម​​មួយចំនួន​មិន​ពេញ​ចិត្ត​ឡើយ​ ដោយ​​សារ​តែ​កូតា​ប្រធាន​គណបក្ស​​សង្គ្រោះជាតិ​ គឺ​ត្រូវ​ជ្រើស​ចេញ​ពី​សមាជិក​ដែល​ជាអតីត​គណបក្ស​ សម រង្ស៊ី​។ ​

គេ​នៅ​ចាំបាន​ថា ក្រោយ​ពេល​ដែល​មាន​ការ​បញ្ចុះបញ្ចូល​ឱ្យ​លោក សម រង្ស៊ី​ ធ្វើពាក្យ​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​នៅ​ថ្ងៃ​ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ភ្លាម ស្រាប់​តែ​ស្អែក​ឡើង​មួយថ្ងៃ​ប៉ុណ្ណោះ​ គឺ​ថ្ងៃ​ទី​១២ ខែ ឆ្នាំ​ដដែល​ ក៏មាន​ការ​កោះ​ប្រជុំ​បន្ទាន់​ពី​លោក កឹម សុខា​ ឱ្យ​មាន​ការ​យល់​ព្រម​លាលែង​តំណែង​នោះ​ភ្លាមៗដែរ​ (អាច​ហៅបាន​ថា​​ជា​យុទ្ធសាស្ត្រ​​​​ រុញ​ស៊ីក្លូបញ្ចូល​ឡាន ) ដើម្បី​បាន​កាន់​អំណាច​កាន់​តែ​ឆាប់​។ ​​​

ដោយ​សារ​តែ​មាន​ការ​ចាញ់​ប្រៀប​ខ្លាំង​ក្នុង​ការ​រៀប​ចំ​ក្បាល​ម៉ាស៊ីន​ក្នុង​បក្ស​នៅ​ថ្នាក់​ជាតិ​បែប​នេះ​ហើយ​ ទើប​មាន​ការ​តវ៉ា​ស្នើ​សុំ​រំលាយ​សមាសភាព​ក្រុម​ប្រឹក្សា​ស្រុក​-ខេត្ត​ ដែល​ជាកូតា​មក​ពី​គណបក្ស​សិទ្ធិមនុស្ស​ ដោយ​ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ​ នៅ​ខេត្ត​ព្រះសីហនុ​ ប៉ុន្តែ​ការ​តវ៉ា​នោះ​ត្រូវ​ទទួល​បរាជ័យទៅ​វិញ​ ដោយ​ក្រុម​អ្នក​ស្និទ្ធ​នឹង​លោក កឹម សុខា​ បាន​ចោទ​ព្រះអង្គ​ថា​ «កំពុង​តែ​ឆ្កួត​និង​បែក​ឆ្វេង​»

ការ​ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​ជាប្រធាន​គណបក្ស​ របស់​លោក កឹម សុខា​ នៅ​ពេល​នេះ​ គឺ​ជាជំហ៊ាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​ក្តោបក្តាប់​​អំណាច​នៅក្នុង​បក្ស​បាន​ទាំង​ស្រុង​ ហើយ​ជាទស្សនៈ​ស្រមើស្រម៉ៃ​របស់​លោក កឹម សុខា​ គឺ​គាត់​នឹង​ក្លាយ​ទៅ​ជា​បេក្ខភាព​ឈរឈ្មោះ​ប្រកួត​ប្រជែងជាបេក្ខជន​នាយក​រដ្ឋ​មន្ត្រី​ នៅក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ដោយ​ស្វ័យ​ប្រវត្តិ​​​​ ។ មាន​ន័យ​ថា​ « ជោគជ័យ​របស់​គណបក្ស​សិទ្ធិ​មនុស្ស​នៅពេល​នេះ​ គឺ​ជា​បរាជ័យ​​ដ៏ជូរចត់​​របស់​​​គណបក្ស​​ សម រង្ស៊ី​ » យ៉ាង​ច្បាស់​ក្រឡែត​។​​

ផ្អែក​តាម​លទ្ធផល​នេះ​ ក្រុម​អ្នក​វិភាគ​ បាន​មើល​ឃើញ​ថា​ ក្រុម​សកម្ម​ជន​ដែល​ធ្លាប់​គាំ​ទ្រ​គណបក្ស​​សង្គ្រោះជាតិ​​​ បាន​បាត់​បង់​ទឹក​ចិត្តនិង​សេចក្តី​ក្លាហាន​​ដែល​ពួក​គេ​ធ្លាប់​គាំ​ទ្រ​គណបក្ស​ សម រង្ស៊ី​ និង​ជាពិសេស​គឺ​ពួក​គេ​ធ្លាប់​ចាត់​ទុក​លោក សម រង្ស៊ី​ ជាប្រធាន​របស់​គេ​នោះ​ គឺ​បាន​រលា​យ​សាបសូន្យ​ទៅហើយ​។​ បន្ថែម​លើនេះទៀត​​ វិបត្តិ​នៃ​ក្បាលម៉ាស៊ីន​ដឹក​នាំ​បក្ស​នា​ពេល​នេះ បាន​ធ្វើ​ឱ្យ​ជោគវាសនា​​របស់​គណបក្ស​ប្រឆាំង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ប្រាកដ​​ប្រជា​ថា ​​​​តើ​មាន​សុពល​ភាព​ជា​​​គណបក្ស​ស្រប​ច្បាប់​ឬយ៉ាង​ណា​ សម្រាប់​ការ​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ នៅ​ថ្ងៃ​ទី០​៤ ខែ​មិថុនា​ ឆ្នាំ​២០១៧ នេះ​ ដោយ​ហេតុ​ថា​ បាន​អនុវត្ត​ខុស​នឹង​លក្ខន្តិកៈ​គណប​ក្សម្តង​ហើយ​ម្តង​ទៀត​ក្នុង​ការ​ជ្រើសរើស​អនុប្រធាន​កន្លង​មក​។​​

ទោះជាយ៉ាងណា​ «យុទ្ធ​សាស្ត្រ​កង្កែប​លេប​ពស់»​ ឬនិយាយ​ឱ្យ​ចំ​​គឺ​បក្សដែល​មាន​តែ​​៣កៅអី​ អាច​គ្រប់​គ្រង​លើ​បក្ស​ ២៦​កៅអី​ នៅ​ពេល​នេះ​គឺ​បាន​សម្រេច​ជាស្ថាពរ​ហើយ​។ ប៉ុន្តែ​អ្វី​ដែល​បន្សល់​ទុក​នោះ​ គឺ​ការ​ឈឺចាប់​របស់​សកម្មជន​គណបក្ស​ សម រង្ស៊ី​ ដែល​ខិត​ខំ​តស៊ូ​ជាយូរ​មក​ហើយ​ និង​មាន​កម្លាំង​ច្រើន​ជាង​គណបក្ស​សិទ្ធិ​មនុស្ស​ បែរ​ជា​ត្រូវ​មក​ស្តាប់​តាម​ការ​ដឹក​នាំ​របស់​បក្សសិទ្ធិ​មនុស្ស​ទៅ​​វិញ​ ហើយ​ដែលកន្លង​មក​ ​លោក​ប្រធាន​តែង​តែ​ហៅថា​ជា​  «បក្ស​ ​​កំប៉ិកកំប៉ុក​ ជា​បក្ស​តូច​តាច» នោះ​៕

ដោយ​៖ ពង្ស សុភក្ត្រា

ចែករំលែក

បញ្ចេញយោបល់