នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានចុះហត្ថលេខាលើមាត្រា ៥០ ហើយបានចាប់ផ្តើមជាផ្លូវការនូវដំណើរការដែលនឹងនាំឲ្យអង់គ្លេសដើរចេញពីសហភាពអឺរ៉ុប។ ឥឡូវនេះ ចំណាប់អារម្មណ៍បានងាកទៅរកអ្វីដែលនឹងកើតឡើងនៅពេលខាងមុខ។
ការវិភាគជាច្រើនកន្លងមកបានផ្តោតទៅលើការចរចានៅពេលខាងមុខជាមួយសហភាពអឺរ៉ុប ដោយមានលទ្ធភាពនៃការគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបកាន់តែទំនងកើតឡើង។ ប៉ុន្តែការជជែកដេញដោលពិតប្រាកដបានធ្វើទៅលើតួនាទីអ្វីដែលអង់គ្លេសមាននៅក្នុងពិភពលោកបន្ទាប់ការចាកចេញពីអឺរ៉ុប។
លោកស្រី May បានសន្យាឲ្យមាន “អង់គ្លេសក្នុងពិភពលោកពិតប្រាកដ” មួយនៅក្រៅសហភាពអឺរ៉ុប ហើយអ្នកគាំទ្រខ្លះលើការចាកចេញរបស់អង់គ្លេសនោះបានចាត់ទុកការផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុបថា ជាឱកាសដល់អង់គ្លេសក្នុងការពង្រឹងទំនាក់ទំនងចក្រពត្តិនិងប្រវត្តិសាស្ត្ររបស់ខ្លួន។
នេះគឺជាទស្សនៈដ៏គ្រោះថ្នាក់និងបណ្តាលឲ្យមានបញ្ហាយ៉ាងខ្លាំង។ ដើម្បីក្លាយជាប្រទេសអង់គ្លេស “ពិភពលោកពិតប្រាកដ” ចាំបាច់ត្រូវតែបោះចោលការអតីតកាលចក្រពត្តិនេះ។
ការចាកចេញរបស់អង់គ្លេសដែលមានលក្ខណៈចក្រពត្តិ
នៅពេលធ្វីតធឺបានចាត់ទុកថ្ងៃពុធ ទី ២៩ ខែមីនា ថាជា “ថ្ងៃចាកចេញរបស់អង់គ្លេស” នោះ ប្រវត្តិវិទូលោក David Starkey បានលេចមុខនៅក្នុងកម្មវិធីរបស់ទូរទស្សរ៍ ប៊ីប៊ីស៊ី ដោយបានប្រៀបធៀបការចាកចេញរបស់អង់គ្លេសទៅនឹងការបំបែកខ្លួនជាប្រវត្តិសាស្ត្ររបស់ Henry VIII ចេញពីចក្រភពរ៉ូមអញ្ចឹង។ គាត់បានលើកឡើងថា បដិវត្តិនោះបានធ្វើឲ្យមានការ “ពង្រីកខ្លួនរបស់អង់គ្លេស” និងលើកឡើងថា ការចាកចេញរបស់អង់គ្លេសអាចមើលឃើញថា ជាយុគ្គចក្រភពមួយទៀតរបស់អង់គ្លេស។
ចាប់តាំងពីការបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុបមក ទស្សនៈនៃទំនាក់ទំនងនៅអនាគតរបស់អង់គ្លេសជាមួយពិភពលោកទាំងមូលនោះបានបង្កើតសាជាថ្មីដល់គំនិតចក្រពត្តិ។ ចេញពីការសន្យារបស់លោកស្រី Theresa May លើការចាកចេញរបស់អង់គ្លេស “ក្រហម ស និងខៀវ” ចំពោះការលើកឡើងថា ក្រុមហ៊ុន Royal Yacht Britannia ត្រូវបានផ្តល់សិទ្ធិក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះ អនាគតរបស់អង់គ្លេសត្រូវបានបង្ហាញឡើងថា ជាឱកាសក្នុងការវិលត្រឡប់ទៅរកអតីតកាលដ៏រុងរឿងមួយ។
ការធ្វើការជាមួយអតីតកាលដ៏ចក្រពត្តិមួយ
ការផ្តោតជាក់លាក់នៃទំនាក់ទំនងពាណិជ្ជកម្មអនាគតលើបណ្តាប្រទេសសមាជិក Commonwealth នោះបានបង្ករឲ្យមានបញ្ហាជាច្រើន។ បញ្ហាមួយនោះគឺការកាន់ជើងយ៉ាងច្បាស់ដល់ដែនរបស់អង់គ្លេស ហើយការលម្អៀងមិនចេញមុខនោះគឺភាពដូចគ្នាខាងពូជសាសន៍និងភាសា។
អូស្ត្រាលីបានក្លាយជាប្រទេសនាំមុខគេសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មនៅក្រោយការចាកចេញរបស់អង់គ្លេស ហើយការពិភាក្សាជាសាធារណៈរបស់ក្រុមប្រទេសសមាជិក Commonwealth ចង់ផ្តោតទៅលើប្រទេសណូវែល ហ្សឺឡង់ ឬកាណាដា ជាជាងប្រទេសម៉ាឡាវី ឬប្រទេសម៉ាឡេស៊ី។
ក្នុងខណៈដែលអតីតប្រទេសក្រោមការគ្រប់គ្រងរបស់អង់គ្លេសដូចជា អូស្រ្តាលី កាណាដា និងណូវែល ហ្សឺឡង់ ប្រហែលជាអ្នកចូលរួមដ៏មានឆន្ទៈនៅក្នុងគម្រោងចក្រព័ទ្ធថ្មីមួយនោះ ប្រទេសទាំងនោះមិនមែនជាកម្លាំងសេដ្ឋកិច្ចដ៏ធំនោះទេ។ ដើម្បីស្វែងរកដៃគូពាណិជ្ជកម្មដែលប្រហែលជានឹងជំនួសសហភាពអឺរ៉ុបនោះ អង់គ្លេសនឹងត្រូវតែធ្វើការជាមួយបណ្តាប្រទេសដែលមានទស្សនៈរិះគន់លើអំពើចក្រពត្តិរបស់ខ្លួននៅអតីតកាល។
អង់គ្លេសបានរួមចំណែកលើបញ្ហាប្រវត្តិសាស្ត្រនេះជាមួយប្រទេសជិតខាងរបស់ខ្លួននៅទ្វីបអឺរ៉ុបជាច្រើន។ ប៉ុន្តែ ការបង្កើតចក្រភពឡើងវិញដោយអ្នកគាំទ្រការចាកចេញរបស់អង់គ្លេសនោះបានឆ្លុះបញ្ចាំងនូវទស្សនៈវិជ្ជមានយ៉ាងខ្លាំងអំពីប្រវត្តិសាស្ត្រចក្រព័ទ្ធនោះ។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ អាឡឺម៉ង់បានសុំទោសប្រទេស ណាំមីបៀ ហើយប្រទេសហូឡង់បានសុំទោសប្រទេសឥណ្ឌូនេស៊ីចំពោះភាពជ្រុលហួសរបស់ចក្រភពរបស់ខ្លួន។ ស្រដៀងគ្នានោះដែរ បេក្ខជនប្រធានាធិបតីបារាំងលោក Memmanuelle Macron នៅពេលថ្មីៗនេះបានចាត់ទុកអតីតកាលនៅសម័យអាណានិគមរបស់បារាំងថា ជា “បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ” នៅក្នុងបទសម្ភាសមួយជាមួយទូរទស្សរ៍អាល់ហ្សឺរី។ នៅអង់គ្លេស គេមិនមានឃើញការចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នាអំពីវិប្បដិសារី ឬការផ្សះផ្សាណាមួយនោះទេ។
ប្រទេសអង់គ្លេសសាកលដ៏ពិតប្រាកដ
ទស្សនៈវិជ្ជមានជ្រុលហួសរបស់អង់គ្លេសអំពីប្រវត្តិសាស្ត្រចក្រពត្តិរបស់ខ្លួនទំនងជានឹងបណ្តាលឲ្យមានបញ្ហាក្នុងការចរចាជាមួយដៃគូពាណិជ្ជកម្មថ្មីៗ។ ឧទាហរណ៍ អ្នកនយោបាយឥណ្ឌាលោក Shashi Tharoor បានព្រមានថា នៅឥណ្ឌា “អាណាចក្រ ២.០” នឹងមានភាពឆ្កួត ហើយចាត់ទុកការគ្រប់គ្រងរបស់អង់គ្លេសនៅឥណ្ឌាថា ជា “រយៈពេល ២០០ ឆ្នាំនៃអំពើប្លន់ទ្រព្យនិងកេងប្រវ័ញ្ច”។ ដើម្បីធានាឲ្យមានការចូលទៅកាន់សេដ្ឋកិច្ចឥណ្ឌាដែលកំពុងលូតលាស់នោះ អង់គ្លេសត្រូវតែទទួលស្គាល់ថា ការវិលត្រឡប់ទៅកាន់ភាពអំណាចចក្រពត្តិរបស់ខ្លួននោះគឺមិនក្លាយជាការពិត ហើយក៏មិនគួរឲ្យចង់បាននោះដែរ។
ស្រដៀងគ្នានោះដែរ មហាអំណាចសេដ្ឋកិច្ចពិភពលោកដ៏មានប្រៀបគឺអាមេរិកនិងចិននោះមានប្រវត្តិផ្ទាល់ខ្លួនគេក្នុងការទទួលរងអំពើហិង្សាជាមួយនឹងចក្រភពអង់គ្លេស។ មហាអំណាចអន្តរជាតិធំៗទាំងនេះទំនងជាមិនគ្រាន់តែមិនចាប់អារម្មណ៍នឹង “ចក្រភព ២.០” ប៉ុណ្ណោះទេ ប៉ុន្តែអតុល្យភាពអំណាចរវាងមេដឹកនាំពិភពលោកនិងអង់គ្លេសបានបញ្ឈឺដល់ពុតត្បុតចក្រព័ទ្ធរបស់អង់គ្លេស។
ការផ្ទេរអធិបតេយ្យរបស់ហុងកុងទៅឲ្យចិននៅឆ្នាំ ១៩៩៧ និងបរាជ័យនៅពេលបន្ទាប់របស់អង់គ្លេសដើម្បីផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់ “បដិវត្តិឆ័ត្រ” នៅឆ្នាំ ២០១៤ នោះគឺជាបង្ហាញយ៉ាងច្បាស់អំពីអសមត្ថភាពរបស់អង់គ្លេសក្នុងការចម្លងយកឥទ្ធិពលចក្រពត្តិរបស់ខ្លួននៅក្នុងសម័យទំនើបនេះ។
កេរ្តិ៍តំណែលចក្រពត្តិដ៏សំខាន់បំផុតនោះគឺស្ថិតនៅក្នុងស្រុក។ សាធារណៈជនអង់គ្លេសមិនគួរយល់ច្រឡំជាមួយនឹងការសន្យាអំពីភាពល្បីល្បាញចក្រពត្តិនោះទេ។ ជាជំនួសវិញ គេគួរបញ្ជាក់ច្បាស់ថា អង់គ្លេសកំពុងធ្វើកិច្ចព្រមព្រៀងជាមួយដៃគូស្មើភាព ជាជាងការពឹងផ្អែកលើការគ្រប់គ្រងសម័យអាណានិយមចាស់នោះ។
នៅពេលអង់គ្លេសប្រឈមមុខនឹងតថភាពនៃជីវិតនៅខាងក្រៅសហភាពអឺរ៉ុប ហើយសម្លឹងរកការបង្កើតទំនាក់ទំនងថ្មីជាមួយដៃគូពិភពលោកនោះ ខ្លួនត្រូវតែបោះចោលអតីតកាលចក្រព័ទ្ធរបស់ខ្លួននោះ៕
ប្រភព៖ AljaZeera ចុះថ្ងៃ០៥ ខែមេសា ឆ្នាំ២០១៧