នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណជាមួយនឹងការយោគយល់របស់ប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវដែលត្រូវបានកសាង។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង ៤០គីឡូម៉ែត្រ ចាប់ពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទៅដល់ថ្នល់កែង ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា លោក សូមថ្លែងអំណរគុណជាមួយនឹងការយោគ យល់របស់ប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវ ហើយមានពេលមួយនោះ ដោយសារ មានការវាស់វែងខ្វះចន្លោះ និងការបាញ់នូវចំណុចដៅខ្វះចន្លោះ លោក ក៏បានធ្វើដំណើរមក កាន់កន្លែងជិតស្ពានជ្រោយចង្វារនេះដើម្បីពិនិត្យមើលដោយផ្ទាល់ ហើយក៏បានកាត់បន្ថយមួយចំនួនដែលកាលពីមុនវាតទីធំរហូតដល់អស់ផ្ទះប្រជាពលរដ្ឋ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ទោះជាយ៉ាងណា ការសាងសង់ពង្រីកផ្លូវគឺ ពិតជាមានផលប៉ះពាល់ ហើយដែលយើងបានចំណាយប្រាក់សម្រាប់ដោះស្រាយផលប៉ះពាល់នេះ អស់ប្រមាណជា ៩លានដុល្លារសហរដ្ឋអាមេរិកឯណោះ៕