លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នយោបាយហេដ្ឋារចនាសម្ព័ន្ធនៅតែជានយោបាយអាទិភាព របស់គណបក្សប្រជាជនក្នុងការដឹកនាំប្រទេសបន្តទៀត

ថ្ងៃព្រហស្បតិ៍ ទី ៦ មេសា ២០១៧​
111

នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែង​ថា​ នយោ​បាយហេដ្ឋារចនាសម្ព័ន្ធនៅតែជានយោបាយអាទិភាព របស់គណបក្សប្រជាជនក្នុង​ការដឹកនាំ​ប្រទេសបន្តទៀត។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង ៤០គីឡូម៉ែត្រ ចាប់ពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយ​ចង្វារ រាជធានីភ្នំពេញ ទៅដល់ថ្នល់កែង ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធនេះហើយ ដែលអាចឱ្យយើង សម្រេចកំណើនសេដ្ឋកិច្ចខ្ពស់ដែលស្ថិតក្នុង ៧,៧% ក្នុងរយៈពេលជាង២០ឆ្នាំកន្លងទៅ និង​បន្តបន្ទាប់ ក្រោយពីវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ចកម្ពុជា នៅតែស្ថិតក្នុងរង្វង់ ៧% ជា​បន្តទៀត។​ដោយសារហេដ្ឋារចនាសម្ព័ន្ធតាមរយៈនៃការគិតគូរត្រូវរបស់គណបក្សប្រជាជន កម្ពុជា និងរបស់រាជរដ្ឋាភិបាលនោះហើយ ដែលធ្វើឱ្យយើងបាននាំប្រទេស​ចេញពីប្រទេស​ដែលមានប្រាក់ចំណូលទាប ទៅកាន់ឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយយើងនឹងបន្តដំណើរបែបនេះតទៅទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា យើងគ្មានជម្រើសណាល្អ និងគ្មានជម្រើស ណាឱ្យមានសមភាពជាងការប្រើប្រាស់នូវកំណើនសេដ្ឋកិច្ចឬការទទួលបានការគាំទ្រពីមិត្តភ័ក្រ្តដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ ប្រឡាយទឹក អគ្គីសនី ឬក៏ហេដ្ឋារចនាសម្ព័ន្ធ ទាក់ទងជាមួយវិស័យអប់រំ និងសុខាភិបាល។ វាសមភាពខ្លាំងណាស់ ឧទាហរណ៍ ការធ្វើផ្លូវ មួយខ្សែទាំងអ្នកមានក៏ធ្វើដំណើរ ទាំងអ្នកក្រក៏ធ្វើដំណើរ ហើយតាមរយៈនៃការតភ្ជាប់ និងការ ធ្វើផ្លូវថ្នល់នេះ គឺអនុញ្ញាតិឱ្យប្រជាជនរវាងទីក្រុង និងជនបទមិនមានការខុសប្លែកគ្នាឆ្ងាយ​ទៀត​​ទេ។

លោក ហ៊ុន សែន ក៏បានមានប្រសាសន៍បន្ថែមទៀតថា នៅទីក្រុងក៏មានផ្លូវចាក់កៅស៊ូ នៅ​ជនបទក៏មានផ្លូវចាក់កៅស៊ូ។ នៅទីក្រុងមានអគ្គីសនីប្រើប្រាស់ នៅជនបទក៏មានអគ្គីសនីប្រើប្រាស់។ ដូច្នេះយើងពិតជាមានតម្រូវការទុនជាមួយដៃគូអភិវឌ្ឍ​នានាដែលក្នុងនោះ មាន​មិត្ត​ចិន​ដែលជាអ្នកផ្តល់នូវហិរញ្ញប្បទានធំជាងគេ៕

បញ្ចេញយោបល់