នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាការឈឺចាប់របស់ប្រជាជនយើងល្មមគ្រប់គ្រាន់ដើម្បីការយល់ដឹងរបស់យើង ហើយយើងត្រូវធានាឱ្យបានថាយើងត្រូវរក្សាសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង ៤០គីឡូម៉ែត្រ ចាប់ពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទៅដល់ថ្នល់កែង ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា លោក បានយកជីវិតធ្វើជាដើមទុន ដើម្បីចូលទៅ ក្នុងតំបន់ត្រួតត្រាដោយខ្មែរក្រហមនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីចរចាធ្វើសមាហរណកម្ម ដើម្បីបញ្ចប់នូវសង្រ្គាមរ៉ាំរ៉ៃដែលបង្កើតឡើងដោយអ្នកជំនាន់មុន។ ចំណុចនេះហើយធ្វើឱ្យយើងឃើញពីសារៈសំខាន់នៃការបង្រួបបង្រួមជាតិ នៅពេលដែលលោកចូលរទៅកាន់តំបន់ ទាំងនោះ ម្តាយ ម្តាយធំបានថា «ឯងចូលទៅកាន់ក្នុងតំបន់របស់គេ មិនខ្លាចគេបាញ់សម្លាប់ចោលទេឬ?» លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានឆ្លើយតបថា «ម៉ែ! ធំ! បើសិនជាស្លាប់ គឺ ស្លាប់តែខ្ញុំម្នាក់ និងអ្នកទៅជាមួយ ប៉ុន្តែបើបានមកវិញគឺបានផែនដីទាំងមូលតែម្តង។»
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា សូមសប្បាយរីករាយនឹងដំបូលសន្តិភាព ដែលកំពុងកើតមាននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា មានតែរក្សាបាននូវសន្តិភាពទេ ទើបមានការអភិវឌ្ឍ បើសន្តិភាពត្រូវបានបំផ្លាញហើយ គឺគ្មានការអភិវឌ្ឍណាមួយនឹងត្រូវបាន អភិវឌ្ឍនោះទេ មានតែការបំផ្លាញតែប៉ុណ្ណោះ មិនត្រឹមតែបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទេ ជីវិតមនុស្ស ក៏ត្រូវបានបំផ្លាញដូចគ្នា៕