ល្បែង​គ្របមាន់

ថ្ងៃព្រហស្បតិ៍ ទី ៦ មេសា ២០១៧​
5345

ល្បែងគ្របមាន់ ជាល្បែងកំសាន្តមួយយ៉ាងរបស់ពួកកុមារាកុមារីជំទង់ៗ គ្រប់ភូមិស្រុក ទូទៅ​ទាំង​ប្រទេស កម្ពុជា ដែលតែងតែលេងនៅពេលទំនេរ ក្នុងវេលាយប់ខែភ្លឺ ។ អ្នកលេង​មាន​ស្រី​មាន​ប្រុស មានគ្នាតាំងពី ៥នាក់ ឬ១០នាក់ ម្ខាងឡើងទៅ ។ របៀបលេង​គេជ្រើសយកក្មេង​ប្រុស​ម្នាក់ និងក្មេងស្រីម្នាក់ ក្នុងបណ្តាពួកអ្នកទាំងពីរនោះ មកគ្របសំពត់ ឬក្រមា ឲ្យជិត​ខ្លួនតាំង​ពី​ក្បាល ដល់ចុងជើង ដើម្បីកុំឲ្យស្គាល់ជា នរណា ហើយគេឲ្យក្មេងពីរអ្នក នោះ ក្រាបបែរមុខរកគ្នា គឺខាងប្រុសតំណាងមាន់ឈ្មោល ខាងស្រីតំណាងមាន់ញី ។

សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ៖

កាលក្រាបហើយគេឲ្យពូកខាងប្រុសម្នាក់ គោះខ្នងមាន់ខាងស្រីឲ្យរងាវ មាន់ខាងស្រីរងាវថា “កិកកិកែកឺត” ឡើង ដោយខំធ្វើសម្លេងឲ្យប្លែកពីធម្មតា ។ តែបើស្តាប់សូរមិនបានគេអាចគោះ ឲ្យរងាវបានបីដង ពួកខាងប្រុស ចាំស្តាប់សម្លេងមាន់ខាងស្រីនោះ ហើយគេទាយតាមឈ្មោះ មនុស្សស្រីដែលគេស្គាល់ ទាយហើយគេបើកគ្រប ឡើង បើត្រូវ គេយកមាន់មកទុកជារបស់គេ រួចហើយខាងស្រីគោះមាន់ខាងប្រុសឲ្យរងាវម្តង ។​មាន់ខាង ប្រុសរងាវ

ថា “កិកកិកែកឺត” ដូចគ្នា ។ ពួកខាងស្រីចាំស្តាប់សម្លេងមាន់ខាងប្រុសនោះហើយគេ ទាយតាម​ឈ្មោះមនុស្សប្រុស ដែលគេស្គាល់ បើខាងស្រីទាយត្រូវ ឮខាងប្រុស​គេយកមាន់​ខាងស្រី​ដែល​គេ​យក ទៅនោះម​កសងស្រីវិញ  តែបើខាង ប្រុសទាយខុស ខាងប្រុសគេយកមាន់ខាង​ស្រីនោះ​ទៅទៀត ។

ការទាយសម្លេងមាន់ ស្រេចលើខាងណាទាយត្រូវច្រើន គេបានមាន់ច្រើន ខាងណា​ទាយ​ខុសច្រើន ត្រូវបង់ ខាតមាន់ច្រើនដែរ ។​​ គេធ្វើរបៀបនេះទាល់តែម្ខាងៗ អស់មាន់ទាំងអស់ ឬ​អស់​​មាន់​ច្រើនជាង គេទុកជាចាញ់ ខាងណាបានមាន់ច្រើន គេទុកជាឈ្នះ ហើយគេរៀបចំ​ជា​ថ្មី​ឡើងវិញ ។ គេចេះតែធ្វើរបៀបនេះ ដរាបដល់ពេល ដែលគេសន្មត់គ្នាថាឈប់ ទើបលែងលេង​។

ល្បែងនេះ ជាល្បែងកំសាន្តមួយយ៉ាង សម្រាប់កុមារាកុមារីជំទង់ៗ លេងតាមសប្បាយ ដែល​ជាល្បែង ហាត់បញ្ញា ហាត់គំនិត ឲ្យប៉ិនប្រសប់ខាងស្តាប់ ខាងកាត់ប្រមាណ​តម្រូវតាម​សម្លេងរបស់មនុស្ស ៕

(១)-ស្រុកខ្លះ គេហៅថា ល្បែងលាក់មាន់។

ដោយ ព្រះតេជគុណ ផាត់ ដុង (ដកស្រង់ចេញពីសៀវភៅល្បែប្រជាប្រិយខ្មែរ)

បញ្ចេញយោបល់