នរក ៤ រូប

ថ្ងៃពុធ ទី ១២ តុលា ២០១៦​
862
នរក ៤  រូប
យើងជាពុទ្ធបរិស័ទ គួរតែមានសេចក្តីសង្វេគតក់ស្លុតក្នុងជីវិតរស់នៅក្នុងបច្ចុប្បន្ននេះ វាមិនមានអ្វីស្ថិតស្ថេរឡើយក្នុងលោកនេះ មានការកើតឡើងហើយមានការស្ថិតនៅ និងការបាត់ទៅវិញជាធម្មតា ។

សូមញាតិញោមពិចារណានូវរឿងក្នុងព្រះពុទ្ធសាសនា ដើម្បីជាបទពិចារណាក្នុងរឿងរ៉ាវជីវិតដែលរស់នៅក្នុងលោកនេះ វាមានទាំងវិបាក ទាំងល្អដោយអំណាចក្នុងការប្រព្រឹត្តរបស់មនុស្ស ។ កាលកន្លងទៅហើយ ព្រះដ៏មានព្រះភាគ ព្រះនាមកស្សបៈ ទ្រង់ឧប្បត្តិកឡើងក្នុងលោក ក្នុងកាលដែលមនុស្សទាំងឡាយមានអាយុកាល ២ ម៉ឺនអង្គ ។ ពួកអ្នកនគរពារាណសីឃ្មាតខ្មីបបួលគ្នីគ្នាធ្វើអាគន្តុកទាន ។  គ្រានោះមានសេដ្ឋីបុត្ត ៤ នាក់ជាសម្លាញ់នឹងគ្នាមានសម្បត្តិ ៤០ កោដិ ក្នុងនគរពារាណសី បានប្រឹក្សាគ្នាថា ទ្រព្យសម្បត្តិយើងមានច្រើនតើយើងនឹងប្រកបការងារដូចម្តេច ? កាលដែលព្រះសម្មាសម្ពុទ្ធ ស្តេចកំពុងយាងទៅកាន់ចារិកយ៉ាងនេះ ក៏សេដ្ឋីបុត្តទាំង ៤ នាក់នោះ ឥតមាននិយាយយ៉ាងនេះថា យើងទាំងឡាយនឹងឲ្យទាន នឹងបូជានឹងរក្សាសីលដូច្នេះសោះ បែរជានិយាយយ៉ាងនេះថាបើយើងទាំងឡាយផឹកស្រាឲ្យស្រវឹង ហើយស៊ីសាច់ដែលមានរស់ជាតិឆ្ងាញ់ពិសាទើបពេញជាការរស់នៅមានប្រយោជន៍ ។ ម្នាក់ទៀតនិយាយថា យើងគួរតែបរិភោគបាយអង្គរ ស្រូវសាលីដែលមានក្លិនក្រអូប និងវត្ថុផ្សេង ៗ ។ ម្នាក់ទៀតនិយាយថា យើងចំណាយប្រាក់ឲ្យពួកស្រី ៗ ទោះបីកូនប្រពន្ធគេក៏គង់តែស័្មគ្រចិត្តនឹងយើងមិនខាន ហើយពួកយើង នឹងធ្វើបតរទារកម្មឲ្យពេញបន្ទុក ។ សេដ្ឋីបុត្តទាំង ៤ នាក់នោះ យល់ព្រមព្រៀងគ្នាហើយចាប់ផ្តើមអំពីថ្ងៃនោះមក ក៏តែងតែបញ្ជូនទ្រព្យទៅឲ្យស្រី ៗ ទាំងឡាយដែលមានរូបល្អ ហើយធ្វើនូវបរទារកម្មអស់ ២ ម៉ឺនឆ្នាំ លុះធ្វើមរណកាលទៅបានទៅកើតក្នុងលោហកុម្ភីនរក ជម្រៅ ៦០ យោជន៍ លិចចុះទៅអស់ ៣ ម៉ឺនឆ្នាំ ទើបដល់បាតខ្ទះអណ្តែតឡើងអស់ ៣ ម៉ឺនឆ្នាំ ទើបដល់មាត់ខ្ទះ ហើយទើបចង់ពោលគាថាម្នាក់មួយ ៗ ប៉ុន្តែមិនអាចពោលទាន់ ក៏ពោលបានត្រឹមតែពាក្យថា ទុ. ស. ន. សោ  ហើយក៏ត្រឡប់លិចចុះទៅក្នុងខ្ទះទង់ដែងវិញទៅ ។

សត្វនរកទី ១ បម្រុងនឹងពោលយ៉ាងនេះថា

ទុ. ទុជ្ជីវិតមជីវិម្ហា យេ សន្នោ ន ទទាមសេ
វិជ្ជមានេសុ ភោគេសុ ទីបំ នាកម្ហ អត្តនោ ។

យើងទាំងឡាយ មានជីវិតដ៏លាមក បានរស់នៅហើយកាលដែលភោគសម្បត្តិកំពុងមាន យើងទាំងឡាយមិនបានឲ្យទានសោះ យើងទាំងឡាយមិនបានធ្វើនូវទីពឹងដល់ខ្លួនឯងសោះឡើយ ។

សត្វនរកទី ២ បម្រុងនឹងពោលយ៉ាងនេះថា

ស. សដ្ឋីរស្សសហស្សានិ  បរិបុណ្ណានិ  សព្វសោ
និរយេ  បច្ចមានានំ  ភទា  អន្តោ  ភវិស្សតិ  ។

យើងទាំងឡាយ ដែលបាបកម្មចម្អិននៅក្នុងនរកអស់ ៦ ម៉ឺនឆ្នាំពេញគ្រប់គ្រាន់មិនមានលើសខ្វះ ឱ! កាលណាហ្ន៎! នឹងមានទីបំផុតនៃសេចក្តីទុក្ខ ។

សត្វនរកទី ៣ បម្រុងនឹងពោលយ៉ាងនេះថា

ន. នត្ថិ អន្តោ ភុតោ អន្តោ បដិនិស្សតិ
តទា ហិ បភតំ បាបំ មម  តុយ្ហញ្ច  មារិស ។

ទីបំផុតនៃសេចក្តីទុក្ខរបស់យើងទាំងឡាយ មិនមានឡើយ មានទីបំផុតនៃសេចក្តីទុក្ខពីណា ទីបំផុតនៃសេចក្តីទុក្ខមិនប្រាកដទេ  ម្នាលអ្នកដូចជាខ្ញុំ ដ្បិតពីកាលណោះ  ខ្ញុំនិងអ្នកទាំងឡាយបានធ្វើបាបពេកបន្ទុកណាស់ ។

សត្វនរកទី ៤  បម្រុងនឹងពោលយ៉ាងនេះថា

សោ. សោហំ នូន ឥតោ គន្ត្វា យោនី លទ្ធាន
មានុសី  វនញ្ញូ  សីលសម្បន្នោ  កាហាមិ  កុសលំ  ពហុំ ។

បើខ្ញុំបានរួចអំពីនេះទៅ ហើយបានកើតជាមនុស្ស នឹងជាអ្នកដឹងនូវពាក្យពេចន៍បរិបូណ៌ដោយសីល ខ្ញុំនឹងខំធ្វើតែបុណ្យកុសលយ៉ាងច្រើន ។

មនុស្សយើង  កាលដែលមិនទាន់បានឃើញទោសកំហុសចំពោះខ្លួនឯងទេ រមែងចេះតែគ្រាន់បើលើខ្លួនឯងចេះតែមានអំនួត អួតអាងចំពោះអំណាចដែលខ្លួនមាន ទីបផុតក្នុងលោកនេះមិនមានអ្វីជាទីពឹងឡើយ ។

ដកស្រង់ចេញពីសៀវភៅ  ក្តីសង្ឈឹមអ្នកមានគុណ
រៀបរៀងដោយៈ   ភិក្ខុ ចិន្ត កវី ទូច ចន្ថា
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា

 

ចែករំលែក

បញ្ចេញយោបល់