អស់រយៈពេលជាង ៤ទសវត្សរ៍ហើយ ដែលសហរដ្ឋអាមេរិកបានផ្តល់ក្តីឈឺចាប់ឥតគណនាដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការទម្លាក់គ្រាប់បែកជាច្រើនលានតោនមកលើប្រទេសកម្ពុជា និងបានសម្លាប់ប្រជាពលរដ្ឋកម្ពុជាអស់ជាច្រើនសែននាក់។ ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក គឺជារឿងប្រវត្តិសាស្ត្រប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណ ដែលប្រជាពលរដ្ឋកម្ពុជាមិនអាចទទួលយកបាន។ ក្នុងពេលដែលកម្ពុជាកំពុងមានសុខសន្តិភាព ប៉ុន្តែគ្រាប់បែកសហរដ្ឋអាមេរិកកាលពីអតីតកាលនៅតែបន្តញាំញីតាមលងបន្លាចប្រជាពលរដ្ឋខ្មែរ ជាពិសេសគ្រាប់មិនទាន់ផ្ទុះ។
រាជរដ្ឋាភិបាលកម្ពុជា បានចំណាយពេលជិត ២០ឆ្នាំ យ៉ាងត្រដាបត្រដូសក្នុងការស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ និងទាមទារឲ្យអាមេរិកលុបបំណុលកខ្វក់នេះ ដោយសារតែជារឿងអមនុស្សធម៌មកលើកម្ពុជា។ ជាក់ស្តែងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធសមិទ្ធផលនានានៅវត្តព្រែកប្រា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ថ្មីៗនេះ បានស្នើជាថ្មីទៅកាន់សហរដ្ឋអាមេរិកឲ្យលុបបំណុលដែលកម្ពុជាជំពាក់នៅក្នុងសម័យសាធារណរដ្ឋខ្មែរ និងបានចោទជាសំណួរទៅកាន់សហរដ្ឋអាមេរិកថា តើអាមេរិកគិតបែបណាដែលមកវ៉ៃកម្ពុជា ហើយទារលុយទៀតនោះ? ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យគណបក្សនយោបាយទាំងអស់នៅកម្ពុជា ចូលរួមគាំទ្រចលនាទាមទារឲ្យអាមេរិកលុបបំណុលកម្ពុជាជំពាក់ក្នុងរបបលន់នល់ផងដែរ។
ទន្ទឹមនឹងសកម្មភាពរបស់រាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធនឹងការបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន បានទាមទារឲ្យសហរដ្ឋអាមេរិកលុបបំណុលកខ្វក់នេះ ប៉ុន្តែបែរជាគណបក្សប្រឆាំង និងអង្គការដែលលម្អៀងទៅរកបក្សប្រឆាំងមិនអើពើយកចិត្តទុកដាក់ចំពោះបញ្ហានេះទៅវិញ ខុសប្លែកពីសកម្មភាពរាល់ដងរបស់ពួកគេដែលទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើអ្វីមួយ ឬបញ្ហាផ្សេងៗទៀតនោះ។
អ្នកវិភាគនយោបាយនៅកម្ពុជាបានវាយតម្លៃថា បក្សសង្គ្រោះជាតិ និងអង្គការដែលទទួលមូលនិធិពីអាមេរិកប្រៀបដូចជាកូនបង្កើតរបស់សហរដ្ឋអាមេរិកអញ្ចឹង។ ដូច្នេះ បើទោះបីដឹងថា ឪពុករបស់ខ្លួនសម្លាប់ប្រជាជនខ្លួនក្តី ធ្វើឲ្យកម្ពុជាខ្ទេចខ្ទាំធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃយ៉ាងណាក្តី ក៏បក្សសង្គ្រោះជាតិព្យាយាមបិទបាំងចំពោះអំពើឃោរឃៅព្រៃផ្សៃរបស់ឪពុកខ្លួនដែរ។
កូនសហរដ្ឋអាមេរិកនៅស្រុកខ្មែរ គឺជាកូនចង្រៃ ដែលព្យាយាមបន្តមរតកសង្គ្រាមរបស់ឪពុកដែលជាជនឃោរឃៅព្រៃផ្សៃ។ ទាំងនេះហើយ គឺជាទឡ្ហីករណ៍មួយដែលបង្ហាញឲ្យឃើញកាន់តែច្បាស់ថា មូលហេតុនៃការមិនអើពើរបស់ក្រុមប្រឆាំង ចាយប្រាក់ដុល្លារ គឺដោយសារពួកគេត្រូវបានដឹកច្រមុះដោយសហរដ្ឋអាមេរិក។ ក្រុមប្រឆាំង មានដង្ហើមរស់បានក៏ដោយសារអាមេរិក ចុះបើគាត់ទៅតវ៉ាប្រឆំាងនឹងអាមេរិក គឺមានន័យថា គាត់មិនគោរពតាមឪពុក ដែលជាជនខិលខូចដើរសម្លាប់គេឯង។
សកម្មភាពរបស់បក្សប្រឆាំង និងអង្គការលម្អៀងទៅបក្សប្រឆាំង អាចធ្វើទៅបាន គឺតាមតែចិត្តចង់របស់សហរដ្ឋអាមេរិកប៉ុណ្ណោះ គឺការព្យាយាមកកូរកកាយកិច្ចការនយោបាយផ្ទៃក្នុងនៅកម្ពុជាឲ្យឡើងកម្តៅ ព្យាយាមធ្វើឲ្យសុខសន្តិភាពនៅកម្ពុជាដែលកំពុងប្រៀបដូចជាផ្កាកូឡាបដ៏ស្រស់បំព្រង ឲ្យទៅជាក្រៀមស្រពោន ធ្វើឲ្យទឹកដែលកំពុងត្រជាក់ ត្រីកុំ ប្រែជាក្តៅក្រហាយ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។
បក្សសង្គ្រោះជាតិ និងអង្គការលម្អៀងទៅបក្សប្រឆាំង មិនអើពើរឿងបំណុលកខ្វក់ដែលកម្ពុជាជំពាក់អាមេរិក ដោយទុកឲ្យរាជរដ្ឋាភិបាលទទួលបន្ទុកជាមួយពលរដ្ឋខ្លួនឯងក្តី ឬមួយក៏គណបក្សប្រឆាំងរង់ចាំស្វាគមន៍ការទម្លាក់គ្រាប់បែកជាថ្មីរបស់អាមេរិក ដែលអាចកើតមានក្នុងពេលណាមួយមកលើក្បាលប្រជាជនកម្ពុជាឬ?
សូមជម្រាបថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា តាំងពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយគ្រាប់បែកដែលអាមេរិទម្លាក់នៅកម្ពុជាមានចំនួនជាង២លាន៨សែនតោន និងបានសម្លាប់ប្រជាជនកម្ពុជាប្រមាណជាង ៥សែននាក់។ បើតាមឯកសារនៅសម័យរបប លន់ នល់ បំណុលដែលកម្ពុជាជំពាក់អាមេរិក គឺជាលុយទិញអាវុធ ទិញគ្រាប់បែកផ្សែង គ្រាប់គីមី យកមកទម្លាក់ និងសម្លាប់ពលរដ្ឋខ្មែរដើម្បីប្រឆាំងនឹងរបបសង្គមរាស្ត្រនិយមតែប៉ុណ្ណោះ។ បំណុលដែលកម្ពុជាខ្ចីអាមេរិកនេះ មិនត្រឹមតែមិនបានយកមកអភិវឌ្ឍន៍កម្ពុជាទេ តែវាថែមទាំងបានបំផ្លាញកម្ពុជាធ្លាក់ដល់ចំណុចសូន្យ ហេតុនេះហើយទើបរដ្ឋាភិបាលសម័យតេជោទាមទារឲ្យលុបបំណុលនេះចោល៕
ដោយ៖ សុខ សុវណ្ណ