ហ្វេស​ប៊ុក សី ហា៖ បូសខ្នុ​របង្ហាញ​មុខ

ថ្ងៃពុធ ទី ៥ មេសា ២០១៧​
130

នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុក សី ហា បានបង្ហោះផ្សាយនូវអត្ថបទ លិខិតមិត្តអ្នកអានក្រោមចំណងជើងថា «បូសខ្នុរបង្ហាញមុខ» ដែលមានខ្លឹមសារដូចខាងក្រោម៖

ថ្ងៃនេះផេក សី ហា យើងខ្ញុំបានទទួលនូវខ្លឹមសារលិខិតរបស់មិត្តអ្នកអានម្នាក់ ជាសាស្ត្រាចារ្យ ស្រុកឆ្លូង ខេត្តក្រចេះ បានផ្ញើមកដោយដាក់ចំណងជើងថា ” បូសខ្នុរបង្ហាញមុខ”។

ដោយសារម្ចាស់អត្ថបទបានសំណូមពរឱ្យផេក សី ហា យើងខ្ញុំជួយចុះផ្សាយខ្លឹមសារទាំងស្រុង និងរូបភាពភ្ជាប់ជាមួយ ហេតុដូចនេះ យើងខ្ញុំសូមចុះផ្សាយអត្ថបទនេះដូចតទៅ ៖

លិខិតមិត្តអ្នកអាន៖ បូសខ្នុរបង្ហាញមុខ

ថ្ងៃចន្ទពណ៌ខ្មៅ ជាចលនាបដិវត្តពណ៌ដែលមានអង្គការចាត់តាំងរៀបចំ!ចលនាថ្ងៃចន្ទពណ៌ខ្មៅដែលមនុស្សមួយក្រុម តែងតែរៀបចំជារៀងរាល់សប្តាហ៍នោះមិនមែនជាព្រឹត្តិការណ៍នៃការតវ៉ាធម្មតាទេ។ ប៉ុន្តែ វាគឺជាការបង្កាត់ភ្លើងចលនាបដិវត្តន៍ពណ៌ ដែលមានការរៀបចំយ៉ាងល្អិតល្អន់ជាខ្សែបណ្តាយក្រោមការចាត់តាំង ផ្តល់គំនិត និងហិរញ្ញវត្ថុពីបរទេសថែមទៀតផង។ គេនៅចាំបានថា ដំបូងឡើយ គឺលោក ប៉ា ងួនទៀង ដែលជ្រកក្រោមស្លាកមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងដែលមានវិទ្យុ VOD ជាឧបករណ៍ គឺជាអ្នកប្រកាសចលនាថ្ងៃចន្ទពណ៌ខ្មៅនេះ។គោលបំណងរបស់ពួកគេគឺ ការបង្កព្យុះភ្លៀងមិនឱ្យសង្គមមួយនេះបានស្ងប់សុខ។ តាមរយៈចលនានេះ ពួកគេរំពឹងទុកថា អាចនឹងបញ្ឆេះកំហឹងរបស់ពលរដ្ឋឱ្យខ្មែរឱ្យស្អប់រាជរដ្ឋាភិបាលកាន់តែច្រើនឡើង ហើយទីបំផុតចាក់សាំងបង្កឱ្យទៅជាចលនាបដិវត្តន៍ពណ៌ខ្មៅដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកំពុងដឹកនាំប្រទេស។

ដើម្បីធ្វើចលនានេះ អ្នករៀបចំបានបង្ហាត់បង្រៀន និងផ្តល់ហិរញ្ញវត្ថុដល់សមាជិកក្រុមឱ្យចេះរៀបចំកម្មវិធីប្លែកៗដើម្បីទាក់ទាញការចាប់អារម្មណ៍។ ជាក់ស្តែង ខុសពីអ្នកតវ៉ាធម្មតា ពួកគេ ម្តងរៀបចំតវ៉ាបែបនេះ ម្តងបែបនោះ ដោយពេលខ្លះមានទាំងចម្រៀងដែលគេនិពន្ធឱ្យ និងដែលពួកគេទន្ទិញរត់ចាំមាត់។ អ្វីដែលជាការគួរឱ្យកត់សម្គាល់គឺ ក្រុមនេះមានជំនាញ និងអាជីពជាអ្នកសម្តែងយ៉ាងស្ទាត់ជំនាញ។ នៅពេលមានការតវ៉ាម្តងៗ ពួកគេតែតែធ្វើដោយបំពានច្បាប់ បំពានបម្រាមរបស់អាជ្ញាធរ។ នៅពេលសមត្ថកិច្ចរារាំង ពួកគេបំពានទៅលើកម្លាំងសមត្ថកិច្ច ជេរប្រមាថភ្នាក់ងារនគរបាល និងពេលខ្លះវាយទៅលើសមត្ថកិច្ចទៀតផង។ បើសមត្ថកិច្ចហ៊ានប៉ះពួកគេតែបន្តិច ពេលនោះ ក្រុមសម្តែងក៏បានបញ្ចេញស្ទីលយ៉ាងស្ទាត់ជំនាញ៖ ពេលខ្លះធ្វើដួលច្រងាប់ច្រង៉ិល ពេលខ្លះធ្វើជាសន្លប់ ដើម្បីឱ្យក្រុមអ្នកសារព័ត៌មាន និងអ្នកលេងហ្វេសប៊ុកដែលសុទ្ធសឹងជាបក្សពួករបស់ខ្លួនថតរូបបង្ហោះ និងផ្សាយយ៉ាងព្រោងព្រាតដើម្បីបង្ខូចកេរ្តិ៍ឈ្មោះអាជ្ញាធររាជរដ្ឋាភិបាល ក៏ដូចជាដើម្បីបញ្ឆេះកំហឹងរបស់ពលរដ្ឋខ្មែរឱ្យស្អប់អាជ្ញាធរ។ ពេលខ្លះទៀតថែមទាំងបំប៉ោងថា ប៉ះពាល់ដល់កូនក្នុងផ្ទៃ ដើម្បីធ្វើឱ្យឈុតឆាករឹតតែកម្សត់ក្នុងន័យទាក់ទាញការអាណិតអាសូរពីមហាជន ក៏ដូចជាពីសហគមន៍អន្តរជាតិ។ ក្រៅពីបណ្តាញហ្វេសប៊ុករបស់ខ្លួន ក្រុមនេះក៏មានវិទ្យុអាស៊ីសេរី វិទ្យុវីអូឌី និង វីអូអេ និងសារព័ត៌មានបរទេសមួយចំនួនទៀតជាអ្នកជួយបំពងសំឡេងឱ្យកាន់តែកងរំពងថែមទៀត។

គេក៏នៅចាំបានដែរថា ក្រុមដែលមានអង្គការចាត់តាំងយ៉ាងត្រឹមត្រូវមួយនេះធ្លាប់បានសាកល្បងផ្តួលរំលំគណបក្សកាន់អំណាចម្តងហើយកាលពីឆ្នាំ ២០១៣ បន្ទាប់ពីពួកគេចាញ់ឆ្នោតមិនបានកាន់អំណាចដូចបំណង។ តែការសាកល្បងនេះត្រូវទទួលបរាជ័យទាំងស្រុងទោះបីនៅពេលនោះ ក្រុមជនបរទេសមួយចំនួនដែលមានជំនាញផ្នែកប្រតិបត្តិការបដិវត្តពណ៍បានមកសំងំនៅក្នុងសណ្ធាគារមួយក្បែរវត្តភ្នំដើម្បីដឹកនាំបញ្ជាផ្ទាល់យ៉ាងណាក៍ដោយ។ ទោះជាយ៉ាងនេះក្តី ក៏ពួកគេនៅតែបន្តចិញ្ចឹមចិត្តរកកលល្បិចផ្តួលរំលំបក្សកាន់អំណាចដោយមិនបោះបង់ឡើយពីព្រោះពួកគេយល់ច្បាស់ថា គ្មានថ្ងៃអាចយកឈ្នះគណបក្សប្រជាជនកម្ពុជាតាមរយៈការបោះឆ្នោតនោះឡើយ។ ម្តងនេះ ពួកគេបង្កើតចលនាបដិវត្តពណ៌វិញម្តងតាមរយៈចលនាថ្ងៃចន្ទពណ៌ខ្មៅដើម្បីផ្លាស់ប្តូររូបភាពនៃការប៉ុនប៉ងសារជាថ្មីទៀតក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល។

ប៉ុន្តែ ដោយសារតែប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់យល់ច្បាស់ថា គ្មានអ្វីប្រសើរជាងសន្តិភាព និងស្ថិរភាពនយោបាយ ហើយមានតែគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ដែលជាអ្នកធានាបាននូវសន្តិភាព និងស្ថិរភាពនយោបាយក្នុងប្រទេស ទើបពួកគេមិនចូលរួមជាមួយក្រុមនេះទេ។ ជាលទ្ធផល ក្រុមថ្ងៃចន្ទពណ៌ខ្មៅមិនត្រឹមតែមិនអាចរីកលូតលាស់ទៅមុខប៉ុណ្ណោះទេ តែថែមទាំងកាន់តែរេចរឹលទៅជាលំដាប់។ ទោះជាយ៉ាងណា ក្រុមនេះមិនបោះបង់ចោលលនូវមហិច្ឆតារបស់ខ្លួនឡើយ ហើយនៅតែខំត្រដរខ្យល់ដោយមានវិទ្យុអាស៊ីសេរីជាអ្នកជួយចូកជួយចែ ជួយគាស់ឱ្យមានជីវិតជីវ៉ាកុំឱ្យផុតរលត់។ ជារៀងរាល់ថ្ងៃអាទិត្យ និងថ្ងៃចន្ទ វិទ្យុមួយនេះតែងតែខំផ្សាយបំប៉ោងអំពីចលនាអាវខ្មៅនេះជាដរាបមិនដែលខានឡើយបើទោះបីជាមានមនុស្សតែមួយដំបរស្វាចូលរួមក៏ដោយ។ ពេលខ្លះដើម្បីកុំឱ្យមានរូបភាពយ៉ាប់ពេក លោក ប៉ា ងួនទៀង និងលោក ជុន ច័ន្ទបុត្រ ក៏នាំទាំងគ្រួសារ ប្រពន្ធកូនពាក់អាវខ្មៅហើយបង្ហោះតាមហ្វេសប៊ុកដើម្បីចូលរួមជាមួយតួសម្តែងមុខដដែលៗប៉ុន្មាននាក់នោះ ដែលពេលខ្លះកំពុងបាក់កម្លាំងចិត្តយ៉ាងខ្លាំងដោយសារតែគ្មានអ្នកចូលរួមជាមួយដូចការរំពឹងទុក។

យ៉ាងណាក៏ដោយក្រុមនេះនឹងបន្តត្រដរខ្យល់ម្តងទៀតក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតខាងមុខនេះដើម្បីជួយរកសំឡេងឆ្នោតឱ្យបក្សប្រឆាំង។ ដូច្នេះ តើអាជ្ញាធរគួរចាត់វិធានការបែបណាចំពោះក្រុមអាវខ្មៅតំណាងឱ្យពួករបបប្រល័យពូជសាសន៍ប៉ុល ពតមួយក្រុមនេះ? និងតើអ្នកនៅពីក្រោយចលនានេះនឹងត្រូវទទួលទោស បែបណាជាពិសេសគឺជនបរទេសដែលកំពុងដើរតួយ៉ាងសកម្មជាលោកគ្រូ” កុង ស៊ុន ” ?

ដោយ៖ សាស្ត្រាចារ្យ ស្រុកឆ្លូង ខេត្តក្រចេះ

 

បញ្ចេញយោបល់