ទស្សនៈវិភាគ៖ ដំណើរឆ្ពោះទៅរកជ្រោះមរណៈ

ថ្ងៃពុធ ទី ៥ មេសា ២០១៧​
177

ក្រោយពីការបែកធ្លាយឯកសារផ្ទៃក្នុងដែលធ្វើឱ្យព្រះអង្គម្ចាស់ ធម្មិកោ មិន​សប្បាយ​ព្រះ​ទ័យ​​​ក្នុង​ការបង្ហោះផ្សាយនូវ សារលិខិតរបស់ព្រះអង្គផ្ញើ​ជូនទៅ​កាន់​ប្រធាន​គណបក្ស​​សង្រ្គោះ​​​ជាតិ​លោក កឹម សុខា កម្មវត្ថុ ស្តីពីការ​រុះរើគណៈ​កម្មាធិការ​ស្រុក និង​ខេត្ត​ព្រះ​សីហនុ​ ជា​សាធារណៈ ដែល​បង្ហោះលើ​ប្រព័ន្ធសង្គម នឹងបានចុះផ្សាយដោយភ្នំពេញ ប៉ុស្តិ​ នៅថ្ងៃច័ន្ទ ទី២៧ ខែមីនា​ ឆ្នាំ២០១៧ កន្លងទៅនេះ ស្រាប់តែនៅថ្ងៃទី ០៤ មេសា នេះ ក៏​មាន​ការបង្ហោះនូវ​រឿង​ទំនាស់​រវាងសកម្មជន​យុវជន​គណបក្ស​ សុភ័ណ្ឌ​ ឡារី និង អង្គ​ម្ចាស់ ធម្មិកោ ដែលជា​រឿង​ថ្មី​មួយ​ទៀត​ ហើយ​​សុទ្ធសឹងជាបុគ្គល​ដែលមាន​ឥទ្ធិពល​ក្នុង​គណបក្ស​ អំ​ពីរឿងរ៉ាវទំនាស់​ផលប្រយោជន៍​នៃ​ប្រាក់​​មូលនិធិ​ដែល​ប្រមូល​បាន​ពី​បរទេស​ដោយ​ សុភ័ណ្ឌ ឡារី​ និង​ភាព​បក្ខពួក​និយមរបស់​ អង្គម្ចាស់​ ធម្មិកោ​​។ ដោយឈរ​លើ​ហេតុ​ផល​ទាំងពីរ​​នេះ យើងអាចទស្សន៏​ទាយ​ និង​វិភាគ​ឃើញ​យ៉ាង​ច្បាស់​នូវ​ជោគវាសនា​អនាគត​ របស់​​​គណបក្ស​សង្រ្គោះជាតិដូច​ខាង​ក្រោម​៖​

១. ឆ្លុះបញ្ចាំងពីការរង្គោះរង្គើផ្ទៃក្នុងរបស់គណបក្សប្រឆាំង​យ៉ាង​ធ្ងន់​ធ្ងរ​ ដោយ​សារតែ​គ្មាន​សាមគ្គីភាព​ផ្ទៃ​ក្នុង​ ឈ្លោះប្រកែក​គ្នា បរិហារ​គ្នា  លាបពណ៌​គ្នា  កេងចំណេញ​ប្រយោជន៍​​គ្នា ដោយ​គិតតែ​ពី​ប្រឹង​ស្រវ៉ា​យក​​អំណាច​តែរៀងៗខ្លួន​ ​មិនចែករំលែកអោយមក​អ្នកដទៃ។ ការ​បែក​បាក់​ផ្ទៃ​ក្នុង​នេះ​ទៀត​សោត​ វាមិនត្រឹមតែបក្សសង្គ្រោះជាតិ​កំពុងមាន​ការបែកបាក់​ផ្ទៃក្នុង​យ៉ាងធ្ងន់ធ្ងរនៅថ្នាក់ជាតិនោះទេ សូម្បីតែថ្នាក់ក្រោម​ក៏មានជម្លោះ​ដណ្តើមតំណែង​បេក្ខជន​ឈរឈ្មោះ​​តាម​លំដាប់លេខរៀ​ងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ថែម​ទៀត​។ ដើម​ចម​​ទាំង​​នេះ​​ហើយ​ ដែលជាហេតុធ្វើឱ្យ​ថ្នាក់លើមានជម្លោះជាមួយថ្នាក់ក្រោម ថ្នាក់លើ​មាន​ជម្លោះ​ជាមួយ​សកម្មជនបក្ស​​ និង​យុវជនបក្ស​ក៏​​មានជម្លោះជាមួយយុវជនបក្ស​ផងដែរ។

២. ការប្រើប្រាស់បក្សពួករបស់ខ្លួនទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលអង្គម្ចាស់​កំពុង​តែ​ទាមទារ ដើម្បីដាក់បញ្ចូលបក្ខពួក​ខ្លួន នៅមណ្ឌលដែលខ្លួន​ជាបេក្ខជន​តំណាងរាស្ត្រ​ វាជាកម្មវត្ថុ​ក្នុងគោលបំណង​បម្រើផលប្រយោជន៏ខ្លួន និង​បក្ខ​ពួក​ខ្លួន ជាជាង​ផលប្រយោជន៏​របស់​រាស្ត្រនៅមូលដ្ឋាន​ ដែលរឿង​នេះហើយ​បាន​ធ្វើឱ្យសកម្មជន សុភ័ណ្ឌ​ ឡារី ​មិន​សប្បាយ​ចិត្ត​​ក្នុងការទាមទារអំណាច​របស់​អង្គម្ចាស់​ ក៏ទម្លាយ​​នូវ​ចេតនា​របស់​អង្គម្ចាស់​ ធម្មិកោ ពី​មហិច្ឆិតា​​​ចង់​លេបត្របាក់​យក​មូលដ្ឋានគ្រឹះ​នៅទីតាំង​ឈរជើង​របស់​ខ្លួន​​ជា​សាធារណៈ​ ឱ្យ​ប្រជាមតិ​យល់កាន់តែច្បាស់ក្រឡែត​នូវ​សារលិខិតរបស់អង្គម្ចាស់ កាលពី​ប៉ុន្មាន​ថ្ងៃមុន ថា​ជា​ចេតនា​​ពិតប្រាកដ​​ក្នុងការ​ទាមទារ​តំណែង​ផ្តល់ជូន​​​ក្រុម​របស់​ខ្លួន​។​

៣. ការសាបរលាប​នៃក្តីសង្ឃឹម និង​ការ​ជឿជាក់​របស់សកម្មជននៅ​​មូលដ្ឋាន មកលើ​គណបក្ស​​ ក៏​នឹងត្រូវ​​បរាជ័យ​ ក្នុង​កំឡុង​ពេល​ដែល​​សកម្មជន​របស់គណបក្ស កំពុង​រំពឹង​យ៉ាង​ខ្លាំង​ទៅ​​លើ​ថ្នាក់​ដឹកនាំ​ខ្លួន  តែបែរជាមានការលេចឮជា​បន្ដបន្ទាប់​នូវ​ការបែកបាក់​ផ្ទៃក្នុង​​យ៉ាង​ស្រួច​ស្រាវ​ ការបែកធ្លាយរឿងអាស្រូវផ្លូវភេទក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​កំពូលៗ​ ការ​យក​លុយ​របស់​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់ ការលើក​តម្លៃ​តែមនុស្សម្នាក់ក្នុងបក្ស ការ​បែង​ចែក​ក្រុម​តាមកូតាបក្ស ដោយមេដឹកនាំ និងភាព​គ្មានទំនួលខុសត្រូវ លើ​សកម្មជន​របស់​ខ្លួន​ដែលខំ​ប្ដូរផ្ដាច់ស្រលាញ់​បក្ស​ ហ៊ាន​​លះបង់​ធ​នធាន ញើស​ឈាម​ខំដើរឃោសនា ទាំង​ងងឹត​ងងល់​កន្លង​មក​។

៤. បញ្ហាជាប់រុំរឹតដោយ​ទោស​ទណ្ឌ​ ទាំងថ្នាក់លើ និងទាំងថ្នាក់មូលដ្ឋាន ពី​ការប្រឈមនឹង​ច្បាប់​ ដោយ​សារ​តែ​ការ​ប្រព្រឹត្តិ​ ទោស​ព្រហ្ម​ទណ្ឌ​ដែល​ច្បាប់​មិនអាច​អត់​ឱន​ឱ្យបាន​។ ទន្ទឹម​នឹង​វិបត្តិ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ ដែល​បាន​ធ្វើ​សមាជ​វិសាមញ្ញ​ផ្ទុយទៅនឹង​លក្ខន្តិកៈបក្ស​ ដោយ​សារ​​តែ​ភាព​ទន់​ខ្សោយ​នៃ​ធនធាន​មនុស្ស​ខាង​ផ្នែក​ច្បាប់​ បាន​ធ្វើ​ឱ្យ​មាន​ការ​អនុវត្ត​ផ្ទុយ​ពី​លក្ខ​ន្តិកៈ​​ម្តងហើយម្តងទៀត​។ ភាព​មិនយល់ច្បាស់​ពី​នីតិវិធី​ក្នុងការ​ធ្វើ​វិសោធនៈ​កម្ម​លក្ខ​ន្តិកៈ​​ផ្ទៃក្នុង​របស់​ខ្លួ​ន​នេះ​ វាជាហេតុអាចធ្វើឱ្យបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ មិនមាន​សុពល​ភាព​ក្នុង​ផ្លូវច្បាប់ ជាការបញ្ជាក់​ពីកំសោយនៃក្របខណ្ឌច្បាប់របស់មេដឹកនាំបក្ស និង​ការ​ដើរ​ចេញ​​របស់​សមាជិក​ សមាជិកាបក្ស​ដោយសារ​អស់ជំនឿ​ចិត្ត​ក្នុង​ការ​ដឹកនាំ​បែប​ប្រជា​ភិ​ថុតិ​​របស់​ថ្នាក់ដឹកនាំខ្លួន ដែល​ជាហេតុ​នាំ​មក​នូវ​ភាព​បរាជ័យក្នុងការបោះ​ឆ្នោតនាពេល​ខាង​មុខ​ របស់​បក្សសង្គ្រោះជាតិ យ៉ាង​ពិតប្រាកដ​។

ដូចនេះ ​ការ​ដណ្តើម​អំណាច​ បក្ខពួក​និយម​ គ្រួសារ​និយម​ និង​មូលនិធិ​ជំនួយ​នានា​នេះ​ហើយ​​ គឺ​ជា​ដើម​ហេតុ​នៃទំនាស់​ផល​ប្រយោជន៍​​នៅក្នុង​បក្ស​ប្រឆាំង​​ ដែល​នៅទី​បំផុត​បាន​​នាំ​​ទៅ​ដល់​​វិបត្តិបែកបាក់​ផ្ទៃក្នុងគណបក្ស​ ហើយ​វាជា​វិនាសកម្ម​​នាំមក​​នូវ​មហន្តរាយ​​​របស់​​បក្ស​សង្គ្រោះជាតិ ឈាន​​ឆ្ពោះទៅរក​ជ្រោះ​មរណៈ នាពេល​ឆាប់ៗខាង​មុខ​នេះជាក់​ជា​មិន​​ខាន​​​៕​

 ដោយ៖ ហួរ សុវឌ្ឍនា​

និស្សិតឆ្នាំទី២ រាជបណ្ឌិត្យសភាកម្ពុជា

 

ចែករំលែក

បញ្ចេញយោបល់