នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ពហុកីឡដ្ឋានជាតិថ្មីមួយនេះ គឺដើម្បីត្រៀមទុកជាកន្លែងប្រកួតកីឡាស៊ីហ្គេម (SEA GAMES) នៅឆ្នាំ ២០២៣។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់កីឡដ្ឋានធំ ក្រោមជំនួយឥតសំណងរបស់សាធារណៈរដ្ឋប្រជាមានិតចិន និងសម្ពោធមណ្ឌលកីឡាក្នុងសាលមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា វិស័យកីឡាត្រូវបានបំផ្លាញបាត់បង់ស្ទើរទាំងស្រុងនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។ ស្របពេលដែលវិស័យកីឡាយើងមានការរីកចម្រើន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសំណូមពរដល់កីឡាករ កីឡាការនីទាំងអស់ត្រូវពង្រឹងសម្ថភាពបន្ថែមទៀត ខណៈយើងមានពហុកីឡដ្ឋានជាតិដ៏ទំនើបមួយនេះ គឺត្រូវហ្វឹកហាត់ជំនាញកីឡាគ្រប់ប្រភេទ ពិសេសកីឡាសម្រាប់ត្រៀមចូលរួមប្រកួតកីឡាស៊ីហេ្គម (SEA GAEMS) ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏សូមអភ័យទោសចំពោះប្រជាពលរដ្ឋ និងកីឡាករ កីឡាការនីចំពោះការយឺតយាវក្នុងការធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហេ្គម (SEA GAME) ដោយសារប្រទេសយើងបានឆ្លងកាត់សង្រ្គាមជាច្រើនដំណាក់កាល ហើយក្រោយពីរំដោះប្រទេសជាតិបានពីរបបប្រល័យពូជសាសន៍ គឺយើងផ្តោតលើការខិតខំស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាពិសេសស្ពាន និងផ្លូវថ្នល់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ដូចដែលយើងបានដឹងហើយ គ្រាន់តែចំណាយដើម្បីរៀបចំកីឡាមួយ យើងអាចធ្វើស្ពានឆ្លងទន្លេមេគង្គរហូតដល់ទៅ៣ ៤ ឬ៥ឯណោះ ហេតុនេះ បានជាលោក មិនទាន់ហ៊ានសុំមិត្តចិន គឺសុំឱ្យជួយកសាងផ្លូវ និងស្ពានទៅវិញ។ លោក ហ៊ុន សែន ក៏សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើង ជាពិសេសកីឡាករ កីឡាការិនីរបស់យើង មិនបន្តុះបង្អាប់ពីការអសមត្ថភាពរបស់លោក ឬគណបក្សប្រជាជនកម្ពុជាដែលដឹកនាំរាជរដ្ឋាភិបាលទៅលើបញ្ហាស៊ីហ្គេមឡើយ ដោយសារតែតម្រូវការពិតប្រាកដរបស់ប្រជាជនគឺទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកសាងជីវភាពគ្រួសារ បន្ទាប់ពីប្រទេសនេះ បានឆ្លងកាត់នូវសង្រ្គាមក៏ដូចជាអំពើប្រល័យពូជសាសន៍នោះ៕