ល្បែងខ្មែរ មានច្រើនបែប ល្បែងខ្លះគេលេងតែក្នុងពេលថ្ងៃ ល្បែងខ្លះគេលេងតែក្នុងពេលយប់ខែភ្លឺ ល្បែងខ្លះគេលេងតែក្នុងពេល បុណ្យមានបុណ្យចូលឆ្នាំជាដើម ល្បែងខ្លះគេលេងមិនកំណត់ពេល ។
ល្បែងដែលលេងតែក្នុងពេលយប់ខែភ្លឺ ហើយមិនចាំបាច់មាន បុណ្យទានអ្វីនោះ មាន ល្បែងឱបត្រឡាច ឬ បេះឪឡឹក ជាដើម ។ ល្បែងនេះ ជាល្បែងកំសាន្តសប្បាយ របស់ពួកកុមារាកុមារីនៅគ្រប់និគមជនបទ នៃប្រទេស កម្ពុជា ។
សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ ៖
របៀបលេង មុនដំបូង ពូកកុមារប្រុសស្រី ស្រុះស្រួលចិត្តបបួលគ្នាឲ្យមានចំនួនច្រើន រួចហើយគេចាត់ ម្នាក់ឲ្យធ្វើម្ចាស់ត្រឡាច ឬ ឪឡឹកម្នាក់ទៀតឲ្យធ្វើជាអ្នកទិញ សល់ប៉ុន្មានគេឲ្យធ្វើត្រឡាច ឬ ឪឡឹកទាំងអស់ ហើយអ្នកលេងទាំងនោះ គេសំដៅទៅរកគល់ឈើ ឬដង្គត់អ្វីមួយ ឲ្យតែមានទំហំល្មមឱបបាន ដោយហោចទៅ សសរផ្ទះក៏បានដែរ ឲ្យតែជាទីវាលស្រឡះល្អ ។ កាលបានកន្លែងស្រួលបួលហើយ ក្មេងម្នាក់ជាទី១ ក្នុងកណ្តាក្មេង ដែលគេឲ្យធ្វើត្រឡាច ឬ ឪឡឹកនោះ អង្គុយឱបដើមឈើ ឬសសរនោះទាំងជើងទាំងដៃ ក្មេងម្នាក់ទៀតទី២ អង្គុយ ឱបចង្កេះយកជើងទាំងពីរដាក់លើភ្លៅក្មេងទី១ ក្មេងទី៣ យកដៃនឹងជើងឱបក្មេងទី២ ដូចក្មេងទី២ ឱបក្មេងទី១ ដែរ ឯក្មេងដទៃទៀតក៏បន្តគ្នារហួត ទាល់តែអស់ពួកក្មេងដែលត្រូវធ្វើជាត្រឡាច ឬ ឪឡឹក ។ ឯក្មេងម្នាក់ដែលគេឲ្យ ធ្វើជាម្ចាស់ត្រឡាច ឬឪឡឹកឈរធ្វើព្រងើយ ដើររេរាៗ ក្បែរក្មេងជាត្រឡាច ឬ ឪឡឹកទាំងនោះ ហើយក្មេងម្នាក់ ទៀត ដែលគេឲ្យធ្វើជាអ្នកទិញមកសួរតថ្លៃអ្នកលក់ដូចជាគេទិញធម្មតា ។ តថ្លៃគ្នាត្រូវរ៉ូវហើយ ក៏ឲ្យអ្នកទិញបេះ តាមចិត្ត ។ អ្នកទិញក៏ដើរយកដៃគោះខ្នងក្មេងដែលអង្គុយឱបចង្កេះគ្នានោះ ។ គោះបណ្តើរសួរបណ្តើរថា ខ្ចី ឬ ទុំ?។ អ្នកបន្តៗ ពីដើមទៅ ចេះតែឆ្លើយថាខ្ចីៗ លុះដល់អ្នកចុងក្រោយផ្លែបំផុតទើបឆ្លើយថា ទុំ រួចអ្នកទិញបេះយកអ្នក ដែលនៅចុងគេបំផុតនោះទៅ ដោយខំប្រឹងទាញមែនទែន ព្រោះអ្នកអង្គុយឱបគ្នាគេខំរឹបឱបចំកោងខ្នងតែរៀង ខ្លួនតាំងពីអ្នកខាងចុងរហូតដល់អ្នកខាងគល់ រេចុះឡើង ដោយអ្នកបេះប្រឹងទាញខ្លាំងពេក ។ អ្នកបេះក៏បេះប្រលេះ បានមួយម្តងដរាបដល់អស់មនុស្ស ជួនកាលក៏បេះបាន ២.៣.៤.៥ នាក់ តាមដែលអ្នកខាងដើមឱបជាប់ ឬមិនជាប់ បេះបានប៉ុន្មានយកមកដាក់១ដុំ បើអ្នកទិញបេះមិនបាន ដោយកម្លាំងខ្សោយជាងគេនោះ ក៏រើលេងសាជាថ្មីម្តត ទៀត ។ ឯអ្នកលក់អ្នកទិញត្រឡាចទៅធ្វើជាអ្នកឱប ហើយអ្នកឱបមុនក៏ប្តួរទៅធ្វើជាអ្នកលក់ អ្នកទិញវិញ។ គេធ្វើ ដោយរបៀបនេះរហូតដល់ពេលឈប់លេង ៕
ល្បែងនេះ ជាកីឡារបស់ខ្មែរសម័យបុរាណ សម្រាប់ហាត់ដៃហាត់ជើង ឲ្យមានកម្លាំងពលំមាំមួន ឲ្យមាន សាច់ដុំល្អ មានសុខភាពស្រួលបួល ៕
ដោយ ព្រះតេជគុណ ផាត់ ដុង (ដកស្រង់ចេញពីសៀវភៅល្បែប្រជាប្រិយខ្មែរ)