ល្បែងចាង់កូនខ្លែង ជាល្បែងរបស់កុមារាកុមារីជំទង់ៗ តែងលេងក្នុងវេលាយប់ខែភ្លឺ នៅរដូវចូលឆ្នាំ ឬ នៅ ពេលទំនេរ។
សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ៖
ចាប់កូនខ្លែងប្រឡែងកូនអក ពពេចញ៉ែកញ៉ក កូនអញតែមួយ។
ជីកអន្លុងដាំត្រកួន ទន្សាយរត់ពួន ត្រកួនឡើងលាស់។
ទៀនមួយគូរ តាំងយូបាំងព្រះ លើដៃសំពះ
ដូនៗសុំភ្លើង។
ចំណែកម្នាក់ដែលធ្វើខ្លែងឈរធ្វើព្រងើយ កាលបានឮមាន់និងកូនមាន់ស្រែកដូច្នោះ ក៏ដើរចូលទៅរកភ្នក់ ភ្លើង ហើយនិយាយសុំភ្លើងថា៖ “ដូនៗសុំភ្លើង!”
មាន់ឆ្លើយថាៈ រលត់
ខ្លែងសុំថាៈ សុំមួយអង្កត់
ម(១) រលាយ
ខ- សុំទឹកបាយ
ម- ឆ្កែលិទ្ធ
ខ- សុំកាំបិត
ម- មិនទាន់ច្រុង
ខ- សុំល្ហុង
ម- មិនទាន់ដាំ
ខ- សុំថ្នាំ
ម- មិនទាន់ហាល
ខ- សុំផាល
ម- មិនទាន់សិត
ហើយខ្លែងក៏អង្គុយនៅបៀតភ្នក់ភ្លើងនោះ។
ចំណែកមេមាន់ក៏នាំកូនរបស់ខ្លួនដើរប្រទក្សិណព័ទ្ធជុំវិញខ្លែង និងភ្នក់ភ្លើង(២) ហើយស្រែកច្រៀងទាំងមេ ទាំងកូនថា៖
ចាប់កូនខ្លែងប្រឡែងកូនមាន់ (បន្ទរ) អាឡយៗ
បើមេទៅទាន់ យកមាត់ទៅលាក់ (បន្ទរ) អាឡយៗ
លាក់ទុកឯណា លាក់ក្បាល់ដំណេក (បន្ទរ) អាឡយៗ
រលឹកពីដេក វាយមាន់តូងតាង។
មាន់ច្រៀងចប់ក៏ឈប់ឈរតម្រៀបគ្នា។
ខ្លែងក៏ស្រែកសុំភ្លើងម្តងទៀតថា៖ “ដូនៗ សុំភ្លើង” ។
មាន់ឆ្លើយថា៖ “ក្អែកពាំទៅទម្លាក់ក្នុងទឹកទន្លេបាត់ទៅហើយ”
រួចក៏ដើរព័ទ្ធជុំវិញខ្លែងនិងភ្នក់ភ្លើង ហើយច្រៀងតទៅទៀតថា៖
ប្អូនវេញខ្សែសូត្រ បង្ហូតខ្សែគោម (បន្ទរ) អាឡយៗ
ខ្លែងអើយកុំលោម មិនបានមាន់ទេ (បន្ទរ) អាឡយៗ
ហើយឈរស្ងៀម។
ខ្លែងក៏និយាយទទូចសុំកូនថា៖
ខ- ដូនៗ ឲ្យសុំកូនមុខ
ម- ឪពុកមិនឲ្យ
ខ- សុំកូនក្រោយ
ម- កំបាក់កំបែកយកចុះ
ខ្លែង កាលបានឮមេមាន់ថា ឲ្យកូនណាកំបាក់កំបែកដូច្នេះ ក៏តាំងដេញចាប់បេះយកកូនណាដែលក្រោយ គេ ឯមេមាន់ខំប្រឹងការពារកូនរបស់ខ្លួនកុំឲ្យបេះយកបាន ឯកូនមាន់ ក៏ខំប្រឹងតោងចង្កេះគ្នា យ៉ាងជាប់ រត់ពេនចុះ ពេនឡើង ខ្លាចខ្លែងចាប់បេះយកខ្លួនម្នាក់ៗ បាន ។ ជូនក៏ខ្លែងបេះយកបានម្តង ១ម្តង២ ទាល់តែអស់ ជូនក៏បេះបាន តែ១ ។ តែគេមានលក្ខខ័ណ្ឌមួយថា បើកូនណារបូតចេញពីមេព្រោះប្រឹងគេចខ្លាំង ហើយកូននោះគេក្រាបទៅនឹងដី នោះមេខ្លែងមិនត្រូវចាប់គេទេ។ កាលអស់កម្លាំងហត់រៀងខ្លួនហើយ ក៏ឈប់សម្រាកបន្តិច ហើយផ្លាស់ប្តូរគ្នាលេង តទៅទៀត គេលេងតែរបៀបនេះរហូតដល់ពេលឈប់។
ប៉ុន្តែល្បែងបែបនេះដូនគ្នានេះ នៅស្រុកខ្លះ គេហៅតម្រូវន័យតាម របៀបលេងថា “ល្បែងខ្លែងចាប់កូនមាន់” ក៏មាន។
ល្បែងនេះ ជាការបង្ហាត់មនុស្សឲ្យចេះប្រុងស្នៀត ប្រុងស្មារតី ឲ្យរហ័សរហួន ចេះការពារខ្លួននិងគ្រួសារ ផង៕
ដោយ ព្រះតេជគុណ ផាត់ ដុង (ស្រងចេញពីសៀវភៅ ល្បែងប្រជាប្រិយខ្មែរ)