ល្បែង​ស្តេចចង់​ ឬល្បែងអៀវ

ថ្ងៃចន្ទ ទី ៣ មេសា ២០១៧​
1184

ល្បែស្តេចចង់ ជាល្បែងមួយយ៉ាងដែលពួកកុមារាកុមារីជំទង់ៗ គ្រប់​ភូមិ​ស្រុក ទូ​ទាំង​កម្ពុជ​រដ្ឋ តែង​លេង នៅ​ពេល​ទំនេរក្នុង​វេលា​យប់​ខែភ្លឺ។ អ្នក​លេង​​មាន​ប្រុស​​មាន​​ស្រី​​ជា​​ច្រើន​​នាក់ មិន​កំណត់។ ពេល​លេង​គេចែក​គ្នា​ជា ២​ពួក ប្រុស ១ពួក ស្រី ១ពួក ។ ក្នុង​បណ្តាអ្នកទាំង ២ពួកនោះ គេតាំងប្រុស ឬ​​ស្រី​​ម្នាក់​​ធ្វើ​ជា​​ស្តេច ឲ្យអង្គុយនៅទី មួយចំកណ្តាលទី លើកៅអី ឬ​លើ​វត្ថុ​អី្វ​មួយ មានត្បាល់ជាដើម។

សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ    ៖

 

កាលអ្នកធ្វើជាស្តេចអង្គុយលើទីមួយដ៏សមគួរហើយ ខាងស្រីគេឲ្យស្រី ដើរ​ចូល​ទៅ​ខ្សឹប​នឹង​ស្តេច​​ថា ខ្លួន ស្រឡាញ់ឈ្មោះណាមួយ ឧបមាថា ឈ្មោះ ក ឬ ខ ខ្សឹប​ហើយ​គេ​ថយ​មក​អង្គុយ ឬ ក៏មក​ឈរនៅកន្លែងដើមវិញ។ ខាង​ប្រុស​គេ​ឲ្យ​ប្រុស​ម្នាក់​ដើរ​ចូលទៅរកស្តេចដែរ ប្រសិនជាមិ​ន​ចំ​ឈ្មោះ​ដែល​គេ​ខ្សឹប​ទុក​ជា​មុន​ទេ​ក៏​ហី​ទៅ តែបើ ប្រុស​ដែល​មក​នោះ​ចំលើ​ឈ្មោះ​ដែល​ស្រី​គេ​បាន​​ខ្សឹប​នោះ​មែន ស្តេចស្រែកថា “អៀវៗ” ហើយ​ឲ្យ​ស្រី​នោះ​ជិះ​ប្រុស នោះតម្រង់​ទៅរក​កន្លែង​គេ កំពុងជិះគេស្រែកថា “អៀវៗ” ហើយ​គេ​បញ្ជិះ​ទៅ​ចុះ​កន្លែង​ខាង​ស្រី។ រួចហើយខាង ប្រុស​គេ​ឲ្យ​ប្រុស​ខាងគេម្នាក់ ចូល​ទៅខ្សឹបម្តង បើប្រុសនោះចូលទៅខ្សឹបថា “ខ្ញុំ” ស្រឡាញ់នាងណាមួយ ឧបមាថា “ខ” ខ្សឹបហើយគេថយទៅវិញ បើស្រីម្នាក់នោះឈ្មោះ “ខ” ចូល​ទៅ​មែន ស្តេច​ស្រែក​ថា “អៀវៗ” ហើយឲ្យប្រុសនោះ ជិះស្រីនោះ ស្រែកថា “អៀវៗ”​ ដូចគ្នា។ បានសេចក្តីថា បើខាង​ណា​ចូលទៅខ្សឹបថា ខ្លួន​ស្រឡាញ់​ឈ្មោះ “ក” ហើយ បែរជា ឈ្មោះ “ខ” ចូលមករកស្តេចវិញ នោះ​​ស្តេចមិន​ឲ្យ​អ្នក​ខ្សឹបជិះ ឬអៀវគេទេ អ្នកខ្សឹបនោះត្រូវថយទៅវិញ ហើយគេឲ្យម្ខាង​ចូល​ទៅ​ខ្សឹប​ជា​ថ្មីទៀត ។ ចេះតែផ្លាស់គ្នា​តាមរបៀបនេះរហូត​ដល់ពេល​ឈប់។

អ្នកដែលធ្វើជាស្តេចត្រូវមើលការខុសត្រូវក្នុងរឿងនេះ ដោយសច្ចៈ និងយុត្តិធម៌។

ល្បែងនេះស្រេចលើអ្នកធ្វើស្តេច បើអ្នកធ្វើស្តេចប្រកបដោយអគតិ ច​ង់ឲ្យអ្នកណាជិះអ្នកណា ក្រៅ​ពីឈ្មោះ ដែលគេខ្សឹបក៏បាន គឺថា បើម្នាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចូលទៅខ្សឹបថាស្រឡាញ់ឈ្មោះ “ក” ហើយទោះ​បី​ឈ្មោះ “ខ” ចូលមក ស្តេច​ស្រែ​​​​​ក​ថា “អៀវៗ” ទៅក៏ចេះតែបាន ព្រោះអ្នកចូលទៅក្រោយ មិន​បាន​​ឮ​​អ្នក​​មុនខ្សឹបថា ស្រឡាញ់ឈ្មោះ ណាៗ ទេ។ តែបើមាន​របៀបលេង​លំអៀង​​បែប​នេះ អ្នក​លេង​ណា​ដែល​ចាប់​ថ្នាក់បាន តវ៉ាឡើង អាចសុំគេ​ឲ្យ​ប្តូរ អ្នកធ្វើស្តេចបាន ប្រសិន​បើ​អ្នក​ធ្វើ​ស្តេច​ប្រកប​ដោយ​សច្ចៈ និងយុត្តិធម៌ នោះការលេងនេះទៀងទាត់ណាស់។

ល្បែងនេះជាល្បែងកំសាន្តក៏មែន តែជាល្បែងហាត់ចិត្តមនុស្ស​ឲ្យ​ប្រកប​ដោយសច្ចៈ និង​យុត្តិធម៌ មិនឲ្យ ប្រកបដោយអគតិ (សេចក្តីលំអៀង) ៤យ៉ាងគឺ

–       ឆន្ទាគតិ                លំអៀងព្រោះស្រឡាញ់

–       ទោសាគតិ           លំអៀងព្រោះខឹង

–       ភយាគតិ              លំអៀងព្រោះខ្ខាច

–       មោហាគតិ           លំអៀងព្រោះភន្ត័ច្រឡំ

ម្យ៉ាងទៀត ជាការបង្ហាត់ឲ្យមនុស្សចេះ ជ្រើសរើសតាំង​គ្នាឲ្យធ្វើការជា​តំណាង ភ្នែក​ស្រមុះ​ខ្លួងផង គឹត្រូវ ចេះជ្រើសរើសរកអ្នកណា ដែលគេយល់​ថាជាមនុស្សត្រឹមត្រូវបរិសុទ្ធ ធ្វើការបានល្អ តាមគន្លងធម៌ពិតៗ ៕

ដោយ ព្រះតេជគុណ ផាត់ ដុង (ដកស្រង់ពីសៀវភៅ ល្បែងប្រជាប្រិយខ្មែរ)

បញ្ចេញយោបល់