យើងតែងលឺពាក្យថា ភ្នំសុមេរុ នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនៅក្នុងរឿងនិទានបានដំណាលថា ជាភ្នំមួយដែលទេពធីតាទាំង ៧ បុត្រីកុបិលមហាព្រហ្ម ហែប្រទក្សិណភ្នំព្រះសុមេរុនោះរៀងរាល់ឆ្នាំ។ តើភ្នំសុមេរុ នោះនៅទីណា?
យើងធ្លាប់ដឹងរួចមកហើយអំពីសារៈសំខាន់នៃវិស័យស្ថាបត្យកម្មសំណង់ប្រាង្គប្រាសាទខ្មែរនៅក្នុងព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃក៏ដូចជាប្រាសាទមួយចំនួនដែលស្ថិតក្នុងអតីតបង្គោលខណ្ឌសីមានៃនគរខ្មែរបុរាណ។ ដូច្នេះហើយ បានជាយើងបានយល់យ៉ាងច្បាស់អំពីប្រភព និងនិមិត្តរូបនៃប្រាង្គប្រាសាទខ្មែរ ដែលតំណាងឱ្យភ្នំសុមេរុ ឬសិនេរុនៃលោកធាតុវិទ្យាឥណ្ឌា។ យោងលើនិមិត្តរូបភាពនៃព្រះមេរុ ឬព្រះមេនខ្មែរនាសម័យក្រោយអង្គរ ដែលគេបានសង់ឡើងដើម្បីថ្វាយព្រះភ្លើងព្រះបរមសពព្រះមហាក្សត្រខ្មែរបុរាណ។ ក៏ប៉ុន្តែ យើងពុំទាន់បានបង្ហាញនៅឡើយនូវភាពខុសគ្នាខ្លះៗរវាងលោកធាតុវិទ្យាបែបព្រហ្មញ្ញសាសនា និងលោកធាតុវិទ្យាបែបព្រះពុទ្ធសាសនាជុំវិញបញ្ហាភ្នំសុមេរុ។
ជាបឋម សូមរំឮកឡើងវិញថា ក្នុងបញ្ញាត្តិកម្មព្រហ្មញ្ញសាសនា មានចែងថា នៅចំពិភពលោកយើងនេះដែលមានរាង៤ជ្រុងស្មើ មានទ្វីបមួយធំហៅថា ជម្ពូទ្វីប ដែលនៅចំកណ្តាលមានភ្នំពិសិដ្ឋមួយឈ្មោះថា ភ្នំសុមេរុ ហ៊ុំព័ទ្ធជុំវិញដោយកំពែងដែលជាជួរភ្នំ។ ជម្ពូទ្វីបមានទ្វីប៤ និងមហាសមុទ្រ៧ ហ៊ុំព័ទ្ធជុំវិញ។ នៅលើកំពូលភ្នំសុមេរុ គឺជាស្ថានរបស់ព្រះព្រហ្ម ទេវស្ថាន ឬស្ថានសួគ៌ា ការពារដោយឆ្មាំទាំង៨ទិស (ទិសធំទាំង៤ និងអនុទិស៤)។ ដូចនេះ ប្រាសាទខ្មែរគឺតំណាងឱ្យភ្នំសុមេរុ នៅស្ថានមនុស្សយើងនេះ។
ចំពោះព្រះពុទ្ធសាសនាវិញ ផ្សេងពីទស្សនៈស្តីពីលោកនៃលទ្ធិព្រហ្មញ្ញសាសនាបន្តិច គេជឿថា មានភ្នំសុមេរុដែលនៅពីលើមានស្ថានទេវលោកដូចគ្នា ដូចករណីសំណង់សិប្បនិម្មិតសាងសង់នៅឆ្នាំ ១៩០៤ ក្នុងពិធីថ្វាយព្រះភ្លើងព្រះបាទនរោត្តមទី១ ដែលយើងភ្ជាប់រូបភាពខាងលើនេះជាភស្តុតាងស្រាប់។ ជុំវិញភ្នំសុមេរុខាងលើនេះ មានភ្នំ៧ជាន់ (សត្តបរព៌ត) និងសមុទ្រទាំង៧ជាន់ (សត្តទន្តរ)។ ជុំវិញនេះ មានមហាសមុទ្រ មានទ្វីប៤ ហើយទ្វីបមួយក្នុងចំណោមនៃទ្វីបទាំង៤ គឺជម្ពូទ្វីប ស្ថិតនៅខាងត្បូងជាស្ថានមនុស្សលោក។ ទ្វីបនេះហ៊ុំព័ទ្ធជុំវិញទៅដោយកំពែងថ្ម ដូចលោកធាតុវិទ្យាព្រហ្មញ្ញសាសនាដែរ។ នៅលើកំពូលភ្នំសុមេរុ ជាលំនៅស្ថានរបស់ព្រះឥន្ទ្រព័ទ្ធជុំវិញ ដោយស្ថានត្រៃត្រឹង្ស (ស្ថានទេវតាទាំង ៣៣អង្គ)។ នៅលើពីនេះទៀត ជាស្ថានទេវលោកដែលតូចធំតាមគណៈ ឬសម័យកាល។
ដូចនេះ យើងឃើញថា សាសនាធំៗទាំងពីរមានទស្សនៈរួមមួយអំពីភ្នំកណ្តាល ជាស្នូលនៃពិភពលោកយើងនេះ។ មានន័យថា ទាំងប្រាង្គប្រាសាទ ទាំងព្រះមេរុដែលសុទ្ធសឹងតែជាស្ថាននៃព្រះអាទិទេព គឺជាការបង្ហាញឱ្យឃើញនូវស្ថានសួគ៌ា ព្រោះថាជាភ្នំខ្ពស់ជាងគេបំផុត ហើយជាទីតាំងនៃព្រះអាទិទេព ឬស្ថានត្រៃត្រឹង្ស។ គឺនៅលើភ្នំដ៏ពិសិដ្ឋនេះហើយ ដែលព្រះវិញ្ញាណក្ខ័ន្ធនៃព្រះមហាក្សត្រខ្មែរប្រថាប់គង់នៅ។
បើនិយាយមួយបែបទៀត ប្រាសាទ ប្រាង្គកណ្តាលនៃប្រាសាទ ឬក៏សំណង់សិប្បនិមិ្មតដែលសាងសង់លើកំពូលភ្នំសុមេរុ គឺតំណាងឱ្យទេវស្ថាន ឬឋានសួគ៌យ៉ាងប្រាកដក្នុងទស្សនវិជ្ជារបស់ខ្មែរ ហើយសំណង់នេះផ្សាភ្ជាប់គ្នារវាងមនុស្សភាព និងទេវភាព។ កុំភ្លេចថា សម្រាប់មតិមហាជនខ្មែរដែលកាន់លទ្ធិព្រះពុទ្ធសាសនា គេជឿថា ក្រោយពីយាងចូលទីវង្គត ព្រះវិញ្ញាណក្ខ័ន្ធព្រះមហាក្សត្រនឹងយាងទៅនៅជាមួយព្រះ ឬក៏ក្លាយទៅជាព្រះដោយពិតៗ៕