(ចាក បេ. ខុ.)
(ទោសប្រមាថមើលងាយទានរបស់ជនដទៃ)
ចំណែកភរិយាជាងតម្បាញជាធំនោះ ជាស្ត្រីមិច្ឆាទិដ្ឋិមិនជ្រះថ្លានឹងភក្ខុសង្ឃសោះ ជាងតម្បាញខឹង ក៏យកប្អូនស្រីនៃភរិយានោះ មកធ្វើជាភរិយា ប្រគល់ទ្រព្យសម្បត្តិឲ្យជាធំក្នុងផ្ទះ នាំគ្នាធ្វើទាន មានប្រគេនចីវរជាដើមដល់ភិក្ខុសង្ឃ ។
លុះធ្វើទានហើយ ភរិយាមិច្ឆាទិដ្ឋិនោះ និយាយប្រមាថមើលងាយទាន ដែលស្វាមីបានធ្វើថា បាយទឹកដែលអ្នកឲ្យភិក្ខុសង្ឃឆាន់ នឹងឲ្យផលបុណ្យដល់អ្នកជាលាមក ខ្ទុះ ឈាម ឯចីវរដែលអ្នកប្រគេនលោកនោះ ឲ្យផលជាភ្លើងឆេះស្រោបកាយអ្នកជាប្រាកដ ។
សង្ខេបស្លេះសេចក្តីតែប៉ុណ្ណេះ ដល់នាងភរិយាមិច្ឆាទិដ្ឋិនោះស្លាប់ ទៅកើតជាប្រេតញីនៅក្បែរព្រៃធំមួយ ឯជាងតម្បាញជាប្តីរបស់នាងមិច្ឆាទិដ្ឋិនោះ ស្លាប់ទៅកើតជារុក្ខទេវតាជាស្វាមីពីជាតិមុននោះ ស្រែកសុំបាយទឹកស៊ីផឹក រុក្ខទេវតា ក៏យកចំណីអាហារទិព្វមកឲ្យស៊ី ប្រេតញីនោះគ្រាន់តែដាក់ដល់មាត់ ក៏ក្លាយទៅជាលាមកខ្ទុះឈាម មើលទៅខ្លួនអាក្រាតទទេ មានសេចក្តីអៀនខ្មាស់ស្រែកសុំសំពត់ទៀតរុក្ខទេវតាសំពត់ទិព្វឲ្យ ប្រេតញីទទួលយកទៅគ្របដណ្តប់ ក៏ក្លាយទៅជាភ្លើងឆេះសន្ធោសន្ធៅ ប្រកាច់ស្រែកទួញទាល់តែរលាស់សំពត់នោះចោលចេញ ។ ទទួលតែសេចក្តីទុក្ខបែបនេះជាយូរខែយូរឆ្នាំ។
ក្នុងថ្ងៃមួយមានភិក្ខុមួយអង្គ ចេញវស្សាហើយ ចង់ទៅថ្វាយបង្គំព្រះបរមគ្រូ ក៏សុំដោយសារជាមួយឈ្មួញរទេះទៅក្រុងសាវត្ថី ទៅដល់ក្បែរព្រៃធំនោះ ដាក់រទេះឈប់សម្រាកភិក្ខុ ក៏ចូលទៅក្នុងព្រៃក្រាលសង្ឃដី សឹងក្រោមម្លប់ឈើមួយ. ពួកឈ្មួញរទេះមិនឃើញចេះតែដើរតាមគន្លងរទេះ ដល់យប់ងងឹតមើលគន្លងរទេះមិនឃើញ ក៏វង្វេងចូលទៅក្នុងព្រៃជ្រៅ ។ រុក្ខទេវតាឃើញភិក្ខុនោះ ក៏ចុះពីចុងឈើ បង្ហាញខ្លួនឲ្យភិក្ខុឃើញ នាំលោកទៅក្បែរគល់ឈើនិមិត្តជាប្រាសាទ និមន្តឲ្យស្រង់ទឹករៀបកន្លែងប្រគេនសឹង ដល់តែប្រេតញីនោះទៅសុំអាហារចំណី ទេវតានោះទៀត ។ ទេវតាឲ្យ ស៊ីដូចមុន ចំណីអាហារក្លាយទៅជាលាមកខ្ទុះឈាម ឲ្យសំពត់ស្លៀកក្លាយទៅជាភ្លើង ភិក្ខុឃើញហើយ កើតសង្វេគអស្ចារ្យទើបសួរទេវតា ៗ ប្រាប់បុព្វកម្មសព្វគ្រប់ហើយសួរ ទៅភិក្ខុនោះវិញថាធ្វើដូចម្តេចទើប ឲ្យប្រេតនេះបានស៊ីចំណី បានស្លៀកសំពត់កើត ? ភិក្ខុនោះប្រាប់ថា ឲ្យយកចំណីអាហារសំពត់ទៅប្រគេនដល់សង្ឃហើយឧទ្ទិសផលឲ្យទើបបាន ។រុក្ខទេវតាក៏យកសំពត់ ចំណីអាហារនាំបង្ហាញផ្លូវ ភិក្ខុនោះទៅវត្តជេតពន ទៅ ប្រគេនព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយឧទ្ទិសផលឲ្យប្រេតញីនោះ ៗ ក៏បានស៊ីចំណីអាហារ ស្លៀកពាក់ រួចកម្មពៀរក្លាយខ្លួន ទៅជារុក្ខទេវធីតាក្នុងវេលានោះហោង ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
អានលម្អិត | read more >>> http://www.5000-years.org/kh/read/1224#ixzz4MrNwz3uj