អាស៊ានខួបទី ៥០៖ យុវជន បច្ចេកវិទ្យា និងកំណើន

ថ្ងៃចន្ទ ទី ៣ មេសា ២០១៧​
120

 

ឆ្នាំ ២០១៧ សមាគមនៃប្រជាជាតិអាស៊ីអាគ្នេយ៍ប្រារព្ធខួបលើកទី ៥០ ឆ្នាំ របស់ខ្លួន។ ប្រាកដណាស់មានកិច្ចការជាច្រើនដែលត្រូវអបអរសាទរ។ ប៉ុន្តែសំខាន់ដូចគ្នាខួបលើកទី ៥០ នេះ ក៏ជាឱកាសមួយដើម្បីគិតអំពីអនាគតរបស់តំបន់ និងអ្វីដែលមាននៅចំពោះមុខ។

ជំនួបកំពូលអាស៊ានប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងខែឩសភានៅទីក្រុង ភ្នំពេញគឺជាឱកាសសំរាប់ធ្វើការឆ្លុះបញ្ចាំង។

ប្រធានបទនៃជំនួបកំពូលនេះគឺ “យុវជន បច្ចេកវិទ្យា និងកំណើន៖ ការពង្រឹងផលប្រ យោជន៍ប្រជាសាស្រ្ត និងឌីជីថលរបស់អាស៊ាន” ។ គំនិតនីមួយៗនេះមានសំនួរសំខាន់ៗសំរាប់អនាគតតំបន់។

កំណើនសេដ្ឋកិច្ចគឺមានសារៈសំខាន់ជាក្បាលម៉ាស៊ីនដែលជម្រុញប្រាក់ចំណូល និងវិបុលភាពឲ្យមានការកើនឡើង។ អាស៊ានទាំងមូលមានប្រវត្តិល្អមួយនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដោយមានកំណើនប្រមាណ ៥ ភាគរយក្នុងមួយឆ្នាំ និងផ្តល់កំលាំងឲ្យមានការបង្កើតវណ្ណៈកណ្តាលដ៏ធំសម្បើមមួយ។

នៅដើមឆ្នាំ ២០១៦ សេដ្ឋកិច្ចទាំង ១០ ប្រទេសនៅក្នុងអាស៊ានរួមគ្នាមកគឺជាសេដ្ឋកិច្ចធំ ជាងគេទី៧នៅលើពិភពលោក។ នៅដើមឆ្នាំ ២០១៧ ចំណាត់ថ្នាក់នេះបានកែលំអមកទី ៦ ហើយឆ្នាំ ២០២០ នឹងក្លាយជាសេដ្ឋកិច្ចធំជាងគេទី ៥ នៅលើពិភពលោក។

ប៉ុន្តែគួរឲ្យចាប់អារម្មណ៍ដូចគ្នានេះដែរអាស៊ានអាច និងគួរមានកំណើនលឿនជាងនេះ ច្រើន។ គោលដៅប្រាកដនិយមមួយគឺឲ្យមានកំណើន ៧ ភាគរយក្នុងមួយឆ្នាំ។

ភាពខុសគ្នារវាង ៥ ភាគរយ និង ៧ ភាគរយហាក់ដូចជាតិចតួច ប៉ុន្តែផលប៉ះពាល់គឺមានលក្ខណៈជ្រាលជ្រៅ។ នៅក្នុងកម្រិត ៥ ភាគរយ អាស៊ានធ្វើឲ្យចំណូលរបស់ខ្លួនកើនឡើងទ្វេដងនៅរៀងរាល់ ១៥ ឆ្នាំ។ នៅក្នុងកម្រិត ៧ ភាគរយ ចំណូលកើនឡើងទ្វេដងរៀងរាល់ ១០ ឆ្នាំ។

ដើម្បីសម្រេចបានកំណើន ៧ ភាគរយតំបន់នេះត្រូវផ្តោតលើបញ្ហាជាតិរៀងៗខ្លួនជាច្រើន ដូចជាហេដ្ឋារចនាសម្ព័ន្ធ និងអប់រំ។ ប៉ុន្តែក៏មានវិសាលភាពតំបន់ដ៍សំខាន់មួយផងដែរ។

តំបន់នេះនឹងទទួលផលប្រយោជន៍យ៉ាងច្រើនពីការជម្រុញឲ្យមានការអនុវត្តសហគមន៍ សេដ្ឋកិច្ចអាស៊ាន (Asean Economic Community -AEC)។

មានការងារជាច្រើនដែលនៅសេសសល់មុននឹង AEC បំពេញតាមការសន្យារបស់ខ្លួនក្នុងកាក្លាយទៅជាទីផ្សារតែមួយ និងសមាហរណកម្មមូលដ្ឋានផលិតកម្មពិតប្រាកដមួយ។ ដោយមិនសម្រេចបានពេញលេញនូវសហគមន៍សេដ្ឋកិច្ចអាស៊ាន អាជីវកម្មក្នុងស្រុកនឹងមានការលំបាកក្នុងការឈានទៅដល់កម្រិតប្រកួតប្រជែងមួយនៅលើសកលលោក ហើយអតិថិជននឹងចំណាយច្រើនលើផលិតផល និងសេវាកម្ម។ ចិន និង ឥណ្ឌា ដោយមានអតិថិជនក្នុងស្រុករបស់ខ្លួនច្រើនសន្ធឹកសន្ធាប់នឹងបន្តប្រកួតប្រជែងឈ្នះអាស៊ាន។

សំខាន់ដូចបរិមាណកំណើនគឺគុណភាពកំណើន។ គួរអោយសោកស្តាយអសមភាព កំពុងកើនឡើងនៅទូទាំងប្រជាជាតិអាស៊ានជាច្រើន។ គ្មាននណាម្នាក់កំពុងទទួលបានផលប្រយោនជ៍ស្មើគ្នាឡើយ។

“របាយការណ៍កំណើន និងអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ” នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលបានចេញផ្សាយនៅក្នុងខែមករាឆ្នាំនេះបានពិនិត្យយ៉ាងជិតដិតលើឩបករណ៍គោលនយោ បាយ ដែលរដ្ឋាភិបាលអាចប្រើប្រា ស់ដើម្បីធានាប្រាក់ចំណូលឲ្យមានសមធម៍កាន់តែច្រើន។

ចម្លើយគឺលើសពីការបែងចែកធនធានជាថ្មីតាមរយៈពន្ធដា។ ពិតណាស់ ការបែងចែក ធនធានជាថ្មីគួរតែជាជម្រើសចុងក្រោយ។

យុវជនគឺជាការគិតគូរពិចារណាដ៏សំខាន់ទីពីរសំរាប់តំបន់។ ប្រជាពលរដ្ឋអាស៊ានចំនួន ៦៣០ លាននាក់គឺមានយុវជនច្រើន (ទោះបីមិនមានលក្ខណៈសកលក្តី ពោលគឺ សិង្ហបូរី និង ថៃកំពុងមានប្រជាពលរដ្ឋវ័យចំណាស់រួចទៅហើយ)។

ការមានកំណើនប្រជាជន និងប្រជាជនជាយុវជនបង្កើតបាននូវឱកាសមាសមួយនៅក្នុង ដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសដោយមានផលប្រយោជន៍ប្រជាសាស្រ្តយ៉ាងខ្លាំង។ ពេលដែលប្រជាជនក្នុងអាយុបំរើការងារមានចំនួនកើនឡើងវានឹងជម្រុញឲ្យមានចំណាយនៅក្នុងតំបន់ និងបង្កើនប្រាក់សន្សំរបស់ខ្លួនផងដែរ ព្រមទាំងសមត្ថភាពវិនិយោគ។

ក៍ប៉ុន្តែគ្មានអ្វីធានាបានទេ ហើយផលប្រយោជន៍ប្រជាសាស្រ្តនៅក្នុងតំបន់គឺកម្រិតដោយពេលវេលា ពោលគឺនៅត្រឹមឆ្នាំ ២០២៥ ប្រទេសជាច្រើននៅក្នុងអាស៊ាននឹងឃើញប្រជាពលរដ្ឋរបស់ខ្លួនចាប់ផ្តើមមានវ័យចំណាស់។ រដ្ឋាភិបាល និងអ្នកធ្វើគោលនយោបាយត្រូវតែធានាថា ពួកគេត្រូវអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវនៅពេលនេះ ដើម្បីធានាថាផលប្រយោជន៍ប្រជាសាស្រ្តរបស់ខ្លួនត្រូវបានសម្រេច។

ពួកគេត្រូវតែគិតឲ្យបានស៊ីជម្រៅអំពីវិស័យអប់រំ ហើយត្រូវរៀបចំពលករពលការីឲ្យបានល្អបំផុតសំរាប់ការងារនៅពេលអនាគត។ ពួកគេត្រូវកំណត់នូវនិស័យនានាដែលមានភាព តានតឹងរវាងជំនាន់មួយទៅជំនាន់មួយដូចជាបរិស្ថាន និងការផ្តល់ថវិកាសំរាប់សោធននិវត្តន៍ និងការថែទាំសុខភាព។ កំណើននៅពេលនេះមិនអាចកើតមានដោយធ្វើឲ្យខាតបង់ដល់ជំនាន់អនាគតបានឡើយ។ តើរដ្ឋាភិបាលគួរតែធ្វើយ៉ាងណាដើម្បីធ្វើផែនការរយៈពេលវែងសំរាប់ហិរញ្ញវត្ថុរយៈពេលវែង និងបរិស្ថានប្រកបដោយនិរន្តរភាព?

ផ្នែកទីបីនៃប្រធានបទជំនួបកំពូលរបស់យើងគឺបច្ចេកវិទ្យា។ អាស៊ានបានចាប់បដិសន្ធិ ឡើងនៅក្នុងឆ្នាំ ១៩៦៧ គឺពីរឆ្នាំមុនអ៊ីនធើណិតត្រូវបានបង្កើតឡើង។ ដូច្នេះការងើបឡើងដ៏គួរឲ្យចាប់អារម្មណ៍របស់អាស៊ានបានកើតឡើងស្របពេលគ្នាយ៉ាងល្អជាមួយបដិវត្តន៍ឧស្សាហ៍កម្មទីបី (Third Industrial Revolution) ដែលជម្រុញដោយកុំព្យូទ័រ និងសារគមនាគមន៍។

ប៉ុន្តែនៅពេលនេះ ពេលដែលអាស៊ានប្រារព្ធខួបលើកទី ៥០ របស់ខ្លួន ពិភពលោកឈរ នៅលើចំណុចកំពូលនៃបដិវត្តន៍ឩស្សហ៍កម្មទី ៤ (Fourth Industrial Revolution) ដែលជម្រុញ ដោយបច្ចេកវិទ្យាដូចជាភាពឆ្លាតវៃសិប្បនិម្មិត (artificial intelligence) ការសិក្សារៀនសូត្រដោយ ម៉ាស៊ីន (machine learning) យានស្វ័យត (autonomous vehicles) អ៊ីនធើណិតចល័តសកល (ubiquitous mobile internet) និងការរីកចម្រើនឆាប់រហ័សលើផ្នែកហ្សែនណើទិច (genetics) វិទ្យាសាស្រ្តសម្ភារៈ (materials science) និងម៉ាស៊ីនស្វ័យប្រវត្តិដែលមានតម្លៃថោកបំផុត។

ប្រសិនបើអាស៊ានត្រូវរីកចម្រើនសំរាប់រយៈពេល ៥០ ឆ្នាំទៀតអាស៊ានត្រូវតែដោះស្រាយបញ្ហាពិបាកៗទាក់ទងនឹងការធ្វើដំណើរនៅក្នុងការបោះជំហានលឿនៗនៅក្នុងការផ្លាស់ប្តូរបច្ចេកវិទ្យា និងការរំខានខាងផ្នែកឌីជីថល។ បដិវត្តន៍ឩស្សាហ៍កម្មទី ៤ អាចនាំមកនូវផលប្រយោជន៍យ៉ាងធំធេងដល់តំបន់ដោយជម្រុញបរិយាបន្នហិរញ្ញវត្ថុ ការទទួលបាន សេវាថែទាំសុខភាពក្នុងតម្លៃសមរម្យ ទម្រង់ថ្មីនៃការអប់រំ និងការបង្កើតក្រុមហ៊ុនថ្មីៗ និងការងារវិស័យសេវាកម្ម។

អាស៊ាននៅពេលនេះគឺជាទីផ្សារអ៊ីនធើណិតដែលមានការលូតលាស់លឿនជាងគេនៅ លើពិភពលោក។ របាយការណ៍ថ្មីៗមួយពីក្រុមហ៊ុន Google និង ក្រុមហ៊ុន Temasek បាន គណនាថា ប្រជាពលរដ្ឋដែលប្រើប្រាស់អ៊ីនធើណិតនៅក្នុងតំបន់នេះកំពុងតែកើនឡើងចំនួន ១២៤.០០០ ជារៀងរាល់ថ្ងៃ ហើយនឹងបន្តកើនឡើងនៅក្នុងចំនួននេះនៅក្នុងរយៈពេល ៥ ឆ្នាំ ទៅមុខទៀត។

ក៍ប៉ុន្តែជាមួយគ្នានេះដែរ បច្ចេកវិទ្យាអាចបង្កឲ្យមានបញ្ហាប្រឈមជាច្រើន។ ពេលដែល មនុស្សយន្តកាន់តែមានតម្លៃថោក តើផលិតកម្មអាចនៅតែជាមធ្យោបាយមួយក្នុងការបង្កើត ការងារឬទេ?

តើតំបន់នេះគួរតែបង្រៀនជំនាញ IT និងជំនាញបច្ចេកវិទ្យា និងបង្កើតប្រព័ន្ធអេកូឡូហ្ស៊ី ថ្មីៗដោយវិធីណា?

តើរដ្ឋាភិបាលអាចបង្កើតបរិយាកាសអំណោយផលដ៏ត្រឹមត្រូវ និងសេដ្ឋកិច្ចឌីជីថលតំបន់ ដែលតភ្ជាប់គ្នាដោយវិធីណា ដែលអាចធ្វើឲ្យបដិវត្តន៍ឧស្សាហ៍កម្មទី ៤ រីកចម្រើនទៅមុខ?

សំខាន់ដូចគ្នានេះដែរគឺបញ្ហាតម្លាភាព។ បច្ចេកវិទ្យាឌីជីថលជួយលាតត្រដាងអំពើពុក រលួយ និងអំពើខុសឆ្គងនានាដែលអាចបង្កើនឲ្យមានការខឹងសម្បារ និងការរំខាននានានៅក្នុងសង្គម។ ប៉ុន្តែបច្ចេកវិទ្យាទាំងនេះក៏ផ្តល់នូវលទ្ធភាពជាច្រើនដើម្បីលុបបំបាត់អកប្បកិរិយាដ៏អាក្រក់ទាំងនេះដែរ។

ដោយមានមេដឹកនាំជាង ៧៥០ នាក់ពីអាជីវកម្ម រដ្ឋាភិបាល សកលវិទ្យាល័យ និងសង្គមស៊ីវិលជំនួបកំពូលនៃវេទិកានេះនៅក្នុងប្រទេសកម្ពុជាគឺជាវេទិកាមួយសំរាប់ជជែកដេញដោយគ្នាលើបញ្ហាធំៗទាំងនេះ ហើយជាសំខាន់គឺសំរាប់រិះរកនូវដំណោះស្រាយ និងសកម្មភាពដែលធ្វើឲ្យមានការផ្លាស់ប្តូរ៕

ប្រភព៖ Jakarta Globe

បញ្ចេញយោបល់