នៅថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់រថយន្តដឹកអ្នកដំណើរកុំដំឡើងថ្លៃហួស ហេតុក្នុងឱកាសបុណ្យចូលឆ្នាំ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធីបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មហាវិថីសម្តេចតេជោ ហ៊ុន សែន» ហៅផ្លូវ៦០ម៉ែត្រ ដែលជាផ្លូវធំដំបូងគេក្នុងរាជធានីភ្នំពេញ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់រថយន្ត ដឹកអ្នកដំណើរទាំងឡាយមេត្តាកុំដំឡើងថ្លៃហួសហេតុ ប្រសិនបើមានការដំឡើងណាមួយ ក៏គួរតែដំឡើងក្នុងកម្រិតសមល្មម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា លោក តែងតែអំពាវនាវរៀងរាល់ឆ្នាំទាំងពេលភ្ជុំបិណ្ឌ ទាំងពេលចូលឆ្នាំ ក៏ប៉ុន្តែដោយសារតម្រូវការខ្ពស់ពេកនៃការធ្វើដំណើរ និងការ ចង់មានចង់បានពីសំណាក់អ្នកបើកបរ ឬក្រុមហ៊ុនផង តម្លៃនៃការធ្វើដំណើរ ក៏មានការកើនឡើង ដូច្នេះ សូមអំពាវនាវចំពោះម្ចាស់រថយន្ត ខិតខំយ៉ាងណាជួយទៅដល់ប្រជាពលរដ្ឋ ដែល ជាសាច់ឈាមរបស់យើង ក្នុងការធ្វើដំណើរពីទីក្រុងភ្នំពេញទៅកាន់ភូមិកំណើត ពីភូមិកំណើត មកទីក្រុងភ្នំពេញវិញ សង្ឃឹមថា ម្ចាស់រថយន្ត នឹងទទួលយកនូវការគិតគូរបែបនេះ ដើម្បីកាត់ បន្ថយនូវការចំណាយរបស់ប្រជាជនរបស់យើង៕