នៅថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវរៀបចំការពារប្រជាជនឱ្យបានល្អ ក្នុងឱកាសបុណ្យចូលឆ្នាំ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធីបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មហាវិថីសម្តេចតេជោ ហ៊ុន សែន» ហៅផ្លូវ៦០ម៉ែត្រ ដែលជាផ្លូវធំដំបូងគេក្នុងរាជធានីភ្នំពេញ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ អំពាវនាវចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានការប្រុងប្រយ័ត្ន ទាំងអស់គ្នាក្នុងនោះ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរនៅទូទាំងប្រទេស ត្រូវរៀបចំការពារ ប្រជាជនឱ្យបានល្អនៅក្នុងឱកាសចូលឆ្នាំខាងមុខនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋរបស់យើង សូមបើកបរ ដោយមានការប្រុងប្រយ័ត្ន ចៀសវាងការលេងល្បែងណាដែលនាំដល់ការគ្រោះថ្នាក់ជាពិសេសការប៉ាតម្សៅ ការគប់ទឹកដល់អ្នកដែលកំពុងតែបើកបរដូចជាបើកឡាន ឬម៉ូតូជាដើម។ ប្រជាពលរដ្ឋ ក៏ត្រូវតែមានការប្រុងប្រយ័ត្នជាមួយនឹងអគ្គីភ័យ ដែលអាចកើតឡើងជាយថាហេតុ ដោយសារតែការធ្វើបុណ្យទានរបស់យើង ភ្លើងធូប ភ្លើងទៀន ត្រូវតែមានការប្រុងប្រយ័ត្ន «កុំឱ្យថ្ងៃចូលឆ្នាំក្លាយទៅជាថ្ងៃសោកនាដកម្ម» ការគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ឬបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិដោយសារតែអគ្គីភ័យ និងការគ្រោះថ្នាក់ផ្សេងៗ៕