នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងជាថ្មីថា បើគ្មានការចូលរួម ក៏គ្មានការអភិវឌ្ឍដែរ។ លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធីបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មហាវិថីសម្តេចតេជោ ហ៊ុន សែន» ហៅផ្លូវ៦០ម៉ែត្រ ដែលជាផ្លូវធំដំបូងគេក្នុងរាជធានីភ្នំពេញ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាយើង បានទទួលសមិទ្ធផលជាច្រើនសម្រាប់បម្រើដល់ប្រជាពលរដ្ឋ។ សូមអរគុណសម្រាប់ការចូលរួមអភិវឌ្ឍនាពេលកន្លងទៅ បើគ្មានការចូលរួមនឹងគ្មានការអភិវឌ្ឍបានទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា បើគ្មានការអភិវឌ្ឍនោះទេ តំបន់ដើមត្រែងយោលរបស់យើងនេះ អាចនៅតែជាតំបន់ដើមត្រែងយោលដដែល ឥឡូវទីក្រុងភ្នំពេញកាន់តែរីកច្រើនឡើងៗ មិនមែនគ្រាន់តែទីក្រុងភ្នំពេញមួយទេ នៅតាមបណ្តាខេត្តក្រុងដទៃទៀត សុទ្ធតែមានការរីកចម្រើនដូចគ្នា៕