លោកឧបនាយករដ្ឋមន្រ្តី សុខ អាន បានទទួលមរណភាពកាលពីថ្ងៃពុធ ទី១៥ មិនា នៅក្នុងមន្ទីរពេទ្យមួយក្នុងក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន មានអាយុ៦៧ឆ្នាំ បើដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧។ មានងារកិត្តិយសជា សម្ដេច វិបុល បញ្ញា សពលោកត្រូវបានធ្វើឈាបនកិច្ចកាលពីថ្ងៃអាទិត្យ ទី១៩ ខែមីនា នៅរាជធានីភ្នំពេញ នៅឈាបនដ្ឋានមុខវត្តបុទុមវតី។ ដូចរៀងរាល់ឆ្នាំដែរ កាលពីថ្ងៃទី២៥ ខែមករា លោកឧបនាយករដ្ឋមន្រ្តី សុខ អាន បានធ្វើជាអធិបតីភាពកិច្ចប្រជុំពេញអង្គលើកទី២៣ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលដើម្បីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ឧទ្យានប្រវត្តិសាស្ត្រអង្គរ ដែលហៅកាត់ថា អាយស៊ីស៊ី អង្គរ។ ឧទ្យានអង្គរជារមណីយដ្ឋានលេចធ្លោមួយនៃមហាអាណាចក្រខ្មែរ (សតវត្សទី៩ ដល់សតវត្សទី១៤)។ រូបប្រាសាទអង្គរវត្តមាននៅលើទង់ជាតិខ្មែរ ដែលលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ចាត់ទុកខ្លួនលោកថាជាអ្នកការពារអង្គរមួយរូបផងដែរ។
អាយស៊ីស៊ី អង្គរ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ តាមព្រះរាជសំណើរបស់អតីតព្រះមហាក្សត្រ នរោត្ដម សីហនុ មួយឆ្នាំបន្ទាប់ពីកិច្ចព្រមព្រៀងក្រុងប៉ារីស ដែលមន្ត្រីជាន់ខ្ពស់រូបនេះក៏ស្ថិតក្នុងចំណោមអ្នកចរចាម្នាក់ដែរ។ តាំងពីពេលនោះមក អង្គការយូណេស្គូ ជាស្ថាប័នទទួលបន្ទុកលេខាធិការដ្ឋាន អាយស៊ីស៊ី នេះ ក្រោមសហអធិបតីភាពរដ្ឋាភិបាលបារាំង និងជប៉ុន ដោយមានការគាំទ្រពីអាជ្ញាធរជាតិអប្សរា ដែលត្រូវបានបង្កើតឡើង និងមានលោកឧបនាយករដ្ឋមន្រ្តី សុខ អាន ជាប្រធានរហូតមកទល់ពេលនេះ ដើម្បីគ្រប់គ្រងឧទ្យានអង្គរ។
កើតនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៥០ នៅក្នុងស្រុកគិរីវង្ស ខេត្តតាកែវ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ទទួលបានសញ្ញាបត្រជាច្រើន។ នៅខែមេសា ឆ្នាំ១៩៧៥ ដោយត្រូវបានជម្លៀសចេញពីរាជធានីភ្នំពេញ ពេលនោះរាជធានីដែលត្រូវបានខ្មែរក្រហមបោសសម្អាតប្រជាជនចេញទាំងអស់ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន បានរស់នៅក្នុងឋាននរកខ្មែរក្រហមជាមួយភរិយារបស់លោក ដែលមានឈ្មោះ ថេង អាយអាន្នី។ ប្ដីប្រពន្ធលោកឧបនាយករដ្ឋមន្រ្តី សុខ អាន មានកូនស្រីម្នាក់ឈ្មោះ សូម៉ា និងកូនប្រុសបួននាក់ គឺ ពុទ្ធិវុធ សូកាន សូកេន និងសង្វារ និងចៅប្រុសស្រី៧នាក់។ ជាអ្នកស្រលាញ់សត្វស្លាប និងផ្កាអ័រគីដេ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ចូលចិត្តមើលថែសត្វស្លាបចិញ្ចឹម នៅផ្ទះរបស់លោកនៅរាជធានីភ្នំពេញ និងសត្វមាន់នៅចម្ការសូម៉ារបស់លោកនៅខេត្តតាកែវ។
នៅឆ្នាំ១៩៨០ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ធ្លាប់ធ្វើជាលេខាផ្ទាល់របស់រដ្ឋមន្ត្រីក្រសួងការបរទេសនាពេលនោះ គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្លាយជាលេខាជំនិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន បានកាន់មុខងារក្រសួង និងមុខងារថ្នាក់ខ្ពស់ជាច្រើន រួមមាន ឯកអគ្គរាជទូតនៅឥណ្ឌា (១៩៨៥-១៩៨៨) សមាជិកគណៈកម្មាធិការកណ្ដាលបក្សតាំងពីឆ្នាំ១៩៩២ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៩៣។ នៅឆ្នាំ១៩៩៩ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន បាននាំយុត្តិធម៌ជូនប្រជាជនកម្ពុជាតាមរយៈការកាត់ទោសលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងបានដឹកនាំការចរចាជាមួយអង្គការសហប្រជាជាតិ ដើម្បីបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ចាប់តាំងពីឆ្នាំ២០០៤ លោកបានក្លាយជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី។
អ្នកការទូតដែលត្រូវបានគេពេញចិត្ត និងគោរពចេះភាសាបារាំង និងអង់គ្លេសទាំងពីរយ៉ាងស្ទាត់ ពូកែធ្វើការគួរឲ្យស្ញប់ស្ញែង លោកឧបនាយករដ្ឋមន្រ្តី សុខ អាន មានវប្បធម៌ជ្រៅជ្រះ និងចាប់អារម្មណ៍យ៉ាងខ្លាំងលើរាល់អ្វីៗដែលពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ និងអរិយធម៌។ “យើងបានបាត់បង់អ្នកស្រឡាញ់តម្លៃមនុស្សជាតិ និងមនុស្សល្អម្នាក់។ បន្ទាប់ពីព្រះករុណា នរោត្ដម សីហនុ និងលោកឧបនាយករដ្ឋមន្រ្តី សុខ អាន តើអ្នកណានឹងបន្តជាអ្នកការពារអង្គរ?” នេះជាសំណួររបស់បុរាណវិទូជនជាតិទុយណេស៊ី លោកសាស្ត្រាចារ្យ អាហ្សេឌីន បេសាអ៊ូស សមាជិកបណ្ឌិតសភាអក្សរសាស្ត្រ អគ្គលេខាធិការវិទ្យាសាស្ត្រអចិន្ត្រៃ អាយស៊ីស៊ី អង្គរ និងជាទីប្រឹក្សាពិសេសខាងផ្នែកបេតិកភណ្ឌ។
ចំណេះវិជ្ជា និងវប្បធម៌ជ្រៅជ្រះ និងលក្ខណៈសម្បត្តិខាងយុទ្ធសាស្ត្រប្រកបដោយភាពប៉ិនប្រសប់របស់លោកឧបនាយករដ្ឋមន្រ្តី សុខ អាន បានធ្វើឲ្យលោកឧបនាយករដ្ឋមន្រ្តី សុខ អាន ក្លាយជារដ្ឋបុរសការទូតដែលត្រូវបានគេពេញចិត្តនិងគោរព។ ពោរពេញទៅដោយភាពស្ងប់ស្ងៀម និងសុភាពរាបសារ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន បានបង្ហាញការជឿជាក់ ប្រកបដោយភាពម៉ឺងម៉ាត់។ នៅខែធ្នូ ឆ្នាំ២០១៤ បន្ទាប់ពីមានសង្គ្រាម ឬពេលខ្លះឈានទៅបង្ហូរឈាមផង អស់រយៈពេល៦០ឆ្នាំជាមួយប្រទេសថៃ ដែលមានការប្រទាញប្រទាក់គ្នារឿងប្រាសាទព្រះវិហារនៅតាមព្រំដែន។ ប្រាសាទព្រះវិហារដែលប្រៀបដូចជា ប្រាសាទសួគ៌មួយល្អវិចិត្រនូវចម្លាក់ថ្មភក់ (សតវត្សទី១០-សតវត្សទី១២) លោកឧបនាយករដ្ឋមន្រ្តី សុខ អាន បានបិទទំព័រប្រវត្តិសាស្ត្រចាស់ ហើយបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតនៃសន្តិភាព ស្ទើរតែដូចជាគ្មានរឿងអ្វីកើតឡើងដូច្នោះដែរ ដោយសារសេចក្ដីស្រឡាញ់បេតិកភណ្ឌរបស់លោក។ តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ បានបញ្ជាក់សារជាថ្មីកាលពីមួយឆ្នាំមុននោះថា ប្រាសាទព្រះវិហារជារបស់ព្រះរាជាណាចក្រកម្ពុជា ហើយឆ្លៀតក្នុងឱកាសពិសារអាហារផ្លូវការបែបពិកនិក ក្រោមម្លប់ប្រាសាទជាទីសក្ការៈមួយនេះ នៅចំពោះមុខអ្នកការទូតនិងអ្នកវិទ្យាសាស្ត្រជាច្រើននាក់ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន បានប្រកាសពីរាត្រីទឹកឃ្មុំជាមួយប្រទេសថៃ។ ការប្ដេជ្ញាចិត្តដើម្បីសន្តិភាព ឯកអគ្គរាជទូតថៃនាពេលនោះត្រូវបានអញ្ជើញចូលរួម និងលោកបានស្នើឲ្យប្រទេសថៃផ្ដល់កិច្ចសហប្រតិបត្តិការជូនគណៈកម្មាធិការបច្ចេកទេសថ្មីដែលទើបនឹងបង្កើតឡើងនោះ។
“លោកឧបនាយករដ្ឋមន្រ្តី សុខ អាន សុខ អាន នឹងនៅជាស្ថាបត្យករពិតប្រាកដមួយរូបក្នុងប្រតិបត្តិការឃោសនាអន្តរជាតិដែលដឹកនាំដោយអង្គការយូណេស្គូ និងជួយជ្រោមជ្រែងដោយលោកស្រី ហ្វ្រង់ស៊ីន ដ័រហ្សឺវ៉ាល់ និងលោក ប៊្រុយណូ ហ្វាវែល ខាងប្រទេសបារាំង ជាមួយលោក អាហ្សេឌីន បេសាអ៊ូស ” នេះជាការគូសបញ្ជាក់របស់លោក មូនៀរ ប៉ូឆឺណាគី ដែលជាអ្នកកដឹកនាំការិយាល័យអង្គការយូណេស្គូប្រចាំប្រទេសអារ៉ាប់ និងមានមូលដ្ឋាននៅប្រទេស បារ៉ែន។ នោះគឺជាអ្វីដែលពន្យល់អំពីក្ដីរន្ធត់ ដោយសារការបាត់បង់រូបលោកឧបនាយករដ្ឋមន្រ្តី សុខ អាន ថែមទាំងមានការចូលរួមរំលែកទុក្ខផ្ទាល់ពីលោកស្រី អ៊ីរីណា បូកូវ៉ា អគ្គនាយិកាអង្គការសហប្រជាជាតិមួយនេះ។
កាលបរិច្ឆេទគន្លឹះមួយចំនួនអំពី លោកឧបនាយករដ្ឋមន្រ្តី សុខ អាន សុខអាន៖
១៦ មេសា ១៩៥០ កើតនៅស្រុកគិរីវង្ស (ព្រះរាជាណាចក្រកម្ពុជា)
ឆ្នាំ១៩៨០ លេខាផ្ទាល់របស់លោក ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងការបរទេស (១៩៨០)
ឆ្នាំ១៩៨៥-១៩៨៨ ឯកអគ្គរាជទូតប្រចាំប្រទេសឥណ្ឌា
ឆ្នាំ១៩៩២ ចូលរួមក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស
១៩៩៣ ការបង្កើតគណៈកម្មាធិការអន្តរជាតិអង្គរ
ឆ្នាំ១៩៩៥ ការបង្កើតអាជ្ញាធរជាតិអប្សរា ដែលមានលោកឧបនាយករដ្ឋមន្រ្តី សុខ អាន ជាប្រធាន
ឆ្នាំ២០០៤-២០១៧ ឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា
១៥ មិនា ២០១៧ ទទួលមរណភាពនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន!
ដោយលោកស្រី Florence Evin