នៅពីក្រោយភាព​ក្អេងក្អាង​របស់​ Duterte និង​ការ​ងាករបស់​ហ្វីលីពីន​ចេញពីអាមេរិក

ថ្ងៃពុធ ទី ១២ តុលា ២០១៦​
138

ប្រធានាធិបតីលោក Rodrigo Duterte បានសន្យាបណ្តេញទាហានអាមេរិកចេញពីហ្វីលីពីន ដោយបានចោទប្រកាន់ C.I.A ពីការមានផែនការសម្លាប់គាត់ និងបានប្រមាថប្រធានាធិបតីអាមេរិកដោយពាក្យសម្តីអសុរោះ។ប៉ុន្តែលើសពីការផ្ទុះចេញនូវពាក្យសម្តីបំផ្លើសនោះ នៅថ្មីៗនេះគាត់បានប្រៀបធៀបខ្លួនគាត់ទៅនឹង Hitler និងបានបង្ហាញពីការងាកចេញជាប្រវត្តិសាស្ត្រនិងពិតប្រាកដមួយនៅក្នុងគោលនយោបាយការបរទេសហ្វីលីពីន។

នៅក្នុងសេចក្តីថ្លែងការណ៍និងបទសម្ភាសន៍ជាសាធារណៈក្នុងអំឡុងពេល ១ សប្តាហ៍កន្លងទៅ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកគោលនយោបាយការបរទេសរបស់លោក Duterte បាននិយាយថា គាត់កំពុងស្វះស្វែងការផ្តាច់ប្រទេសហ្វីលីពីនចេញពីគន្លងរបស់អាមេរិក ហើយបានផ្តល់ជាសញ្ញាទៅកាន់ប្រទេសចិនថា គាត់បានត្រៀមខ្លួនបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធបន្ទាប់ពីរយៈពេលជាច្រើនឆ្នាំនៃការឈ្លោះប្រកែកគ្នាអំពីវត្តមានយោធារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។

ជំហរនោះគឺជាការចាកចេញយ៉ាងខ្លាំងសម្រាប់ប្រទេសមួយដែល ជាប្រវត្តិសាស្ត្រ បានក្លាយជាសម្ព័ន្ធមិត្តដែលមានការពឹងអាស្រ័យខ្លាំងបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ហើយអាចបំផ្លាញដល់ផែនការបង្វែរកម្លាំងរបស់លោក អូបាម៉ា មកកាន់អាស៊ីទៀតផង។ យុទ្ធសាស្ត្រនោះពឹងទៅលើសម្ព័ន្ធមិត្តរបស់អាមេរិកដើម្បីទប់ទល់នឹងការកើនឡើងអំណាចរបស់ចិននៅក្នុងតំបន់។

លោក Richard Javad Heydarian អ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ De La Salle University នៅទីក្រុងម៉ានីលបាននិយាយថា អំពីសមុទ្រចិនខាងត្បូងវិញ ជំហររបស់លោក Duterte បានធ្វើឲ្យតុល្យភាពអំណាចធ្លាក់ចុះរួចស្រេចទៅហើយ។ ដោយការបន្ថយការដាក់សម្ពាធការទាមទារដែនដីទល់នឹងចិននៅសមុទ្រចិនខាងត្បូង ទោះបីជាមានការសម្រេចសេចក្តីគាំទ្រខ្លួនដោយតុលាការមជ្ឈិត្តកម្មអន្តរជាតិក៏ដោយ ក៏លោក Duterte បានធ្វើឲ្យលំបាកដល់អាមេរិកក្នុងការកៀងគរសម្ពាធពីអន្តរជាតិដើម្បីដាក់លើចិនចំពោះបញ្ហានោះដែរ។

លោក Heydarian បាននិយាយថា “លោក Duterte ដែលស្ទើតែធ្វើអ្វីៗដោយខ្លួនឯងនោះបានកំណត់ឡើងវិញនូវសក្តានុពលយុទ្ធសាស្ត្ររបស់តំបន់ ដោយទាំងទីក្រុងប៉េកាំងនិងវ៉ាស៊ីន តោនកំពុងកែសម្រួលជំហរថ្មីរបស់ពួកគេនៅក្នុងសមុទ្រចិនខាងត្បូង នៅពេលពួកគេព្យាយាមរំពឹងចាំមើលដំណើរលើគោលនយោបាយការបរទេសរបស់បុរសខ្លាំងហ្វីលីពីន”។

លោក Duterte ដែលគេរំពឹងថា នឹងទៅបំពេញទស្សនកិច្ចនៅប៉េកាំងនៅខែនេះ មិនបានលាក់បាំងនូវទស្សនៈអំពីពិភពលោករបស់គាត់ទេ។ គាត់បាននិយាយនៅក្នុងសុន្ទរកថាកាលពីសប្តាហ៍មុនថា “ខ្ញុំកំពុងមានការកែសម្រួលគោលនយោបាយការបរទេសរបស់ខ្ញុំឡើងវិញ”។ ហើយនៅពេលណាមួយ “ខ្ញុំនឹងបំបែកខ្លួនចេញពីសហរដ្ឋអាមេរិក”។

ជារឿយៗបន្ទាប់ពីលោក Duterte ធ្វើការប្រកាសដោយសំឡេងខ្លាំងៗនោះ ជំនួយការរបស់គាត់ចេញមកការពារនិងសម្រាលស្ថានភាពមកដើមវិញ។ ប៉ុន្តែនៅលើកនេះ ការសម្រាលមកស្ថានភាពល្អវិញនោះមានភាពតិចតួចណាស់។

អ្នកនាំពាក្យរបស់ប្រធានាធិបតីលោក Ernesto Abella បានពន្យល់ថា លោក Duterte មិនកំពុងស្វះស្វែងរកការផ្តាច់ខ្លួនចេញពីអាមេរិកទេ ពោលគឺមាន “ទំនាក់ទំនងបើកចំហ”។

នៅថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសលោក Perfecto Yasay Jr. បាននិយាយលើសពីនោះ ដោយបានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍ដែលបង្ហោះតាមអនឡាញថា ហ្វីលីពីនចាំបាច់ត្រូវតែរៀបចំគោលនយោបាយការបរទេសថ្មីនិងឯករាជ្យ ដោយសារតែ “អាមេរិកបានធ្វើឲ្យពួកយើងបរាជ័យ”។

ចាប់តាំងពីហ្វីលីពីនទទួលបានឯករាជ្យពីអាមេរិកនៅឆ្នាំ ១៩៤៦ មក លោក Yasay បានសសេរថា “អាមេរិកយើងចងជាមួយច្រវាក់ឥតស្រមោលដែលធ្វើឲ្យយើងពឹងអាស្រ័យនិងគោរពតាមដោយពុំមានសមត្ថភាពទទួលបានឯករាជ្យនិងសេរីភាពពិតប្រាកដ”។ មន្ត្រីអាមេរិកបានស្វះស្វែងងាកចេញនិងទាត់ចោលនូវសារៈសំខាន់របស់សេចក្តីថ្លែងការណ៍ទាំងនេះ ហើយបានគូសបញ្ជាក់ពីផលប្រយោជន៍ដល់ហ្វីលីពីនចំពោះវត្តមានរបស់អាមេរិក។

អគ្គរដ្ឋទូតអាមេរិកលោក Philip S. Goldberg បាននិយាយនៅថ្ងៃពុធនៅក្នុងសុន្ទរកថាមួយទៅកាន់សភាពាណិជ្ជកម្មអាមេរិកនៅហ្វីលីពីនថា “ប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការរបស់យើងមានរយៈពេល ៧០ ឆ្នាំមកហើយ ហើយការប្តេជ្ញាចិត្តរបស់យើងចំពោះប្រទេសនេះនៅតែមិនផ្លាស់ប្តូរ។ ហ្វីលីពីនគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់អាមេរិក ហើយសម្ព័ន្ធភាពយោធា ជំនួយអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរបស់យើងនៅតែបន្ត”។

ទោះបីជាលោក Duterte បានប្រកាសកាលពីខែមុនថា ការធ្វើសមយុទ្ធយោធារួមប្រចាំឆ្នាំ ដែលឥឡូវនេះកំពុងដំណើរការនៅលើកោះ Luzon នោះ នឹងក្លាយជាការធ្វើសមយុទ្ធចុងក្រោយ ក្នុងអំឡុងរដ្ឋាភិបាលគាត់ក៏ដោយ ក៏មន្ត្រីអាមេរិកកាំងបាននិយាយថា រដ្ឋាភិបាលគាត់មិនបានធ្វើសំណើរជាផ្លូវការដើម្បីបញ្ឈប់កម្មវិធីបែបនេះទេ។ ហើយខ្លួនក៏មិនបានធ្វើតាមការគំរាមរបស់លោក Duterte ដើម្បីបណ្តេញកងកម្លាំងអាមេរិកចេញពីភាគខាងត្បូងប្រទេសហ្វីលីពីន ដែលកងកម្លាំងវិលជុំដែលមានទាហាន ៥០ ទៅ ១០០ នាក់ជួយប្រយុទ្ធប្រឆាំងនឹងក្រុមអ៊ីស្លាមចាប់ជំរិតយកប្រាក់ Abu Sayyaf នោះដែរ។

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Aston B. Carter បាននិយាយនៅចុងខែមុនថា “ដោយសារតែវាបានកើតឡើងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ សម្ព័ន្ធមិត្តរបស់យើងជាមួយហ្វីលីពីនគឺរឹងមាំយ៉ាងខ្លាំង”។

មន្ត្រីអាមេរិកបាននិយាយថា អាមេរិកកំពុងផ្តល់ជំនួយយោធាចំនួន ៩០ លានដុល្លារនៅឆ្នាំនេះ ហើយបានផ្តល់ប្រាក់គាំទ្រមិនមែនយោធាចំនួន ១ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ដែលប្រាក់ភាគច្រើនសម្រាប់យកប្រើក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយ។

នៅថ្ងៃសុក្រ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក Delfin Lorenzana បាននិយាយថា “យើងអាចរស់បានដោយមិនចាំបាច់មានជំនួយយោធា។

ភាពតានតឹងមួយចំនួនរវាងសម្ព័ន្ធមិត្តទាំងពីរនេះ បានកើតឡើងចេញពីភាពឃោរឃៅជុំវិញយុទ្ធនាការដ៏បង្ហូរឈាមប្រឆាំងនឹងគ្រឿងញៀនរបស់លោក Duterte ដែលបានសម្លាប់មនុស្សប្រមាណជា ១៤០០នាក់ ដោយប៉ូលិស និងជាច្រើនរយនាក់ផ្សេងទៀតសម្លាប់ដោយក្រៅប្រព័ន្ធតុលាការ។

លោក Duterte អាយុ ៧១ ឆ្នាំ បានកំណត់ខ្លួនឯងថា ជាអ្នកសង្គមនិយមម្នាក់ ដែលមានទស្សនៈចំពោះលោកខាងលិច តាមរយៈសង្រ្គាមត្រជាក់ ហើយថា ហ្វីលីពីនគឺជាអ្នករងគ្រោះនៃប្រវត្តិសាស្រ្តចក្រព័ន្ធនិយមអាមេរិក។

ក៏ប៉ុន្តែ តាមរយៈការកែទម្រង់ឡើងវិញ ក៏បានផ្តល់ឱ្យកាសដើម្បីជំរុញទំនាក់ទំនងជាមួយចិនផងដែរ។ ចិនគឺជាមហាអំណាចយោធា និងសេដ្ឋកិច្ចក្នុងតំបន់។ ចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុតទីពីររបស់ហ្វីលីពីនកាលពីឆ្នាំមុន ដោយមានទំហំពាណិជ្ជកម្ម ១៧,៦ពាន់លានដុល្លារ។ (សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់ទីបី ហើយជប៉ុនជាប់ចំណាត់ថ្នាក់ទីមួយ)។

ចិនបាន និងកំពុងបង្កើនការជ្រៀតជ្រែកចូលទៅក្នុងតំបន់ជាមួយនឹងការសន្យាវិនិយោគ ការពង្រីកយោធារបស់ខ្លួននៅសមុទ្រចិនខាងត្បូង ការកាន់កាប់ដីកោះ ដែលអះអាងដោយហ្វីលីពីន វៀតណាម និងប្រទេសផ្សេងទៀត និងការស្ថាបនាមូលដ្ឋានយោធា។

ជម្លោះនេះបានប៉ះពាល់ដល់ទំនាក់ទំនងរវាងចិន និងហ្វីលីពីនក្រោមអតីតរដ្ឋបាលហ្វីលីពីន ដែលបានប្តឹងប្រឆាំងទៅនឹងចិន ទៅកាន់សាលាក្តីអង្គការសហប្រជាជាតិពាក់ព័ន្ធនឹងប្រជុំកោះ Scarborough ។ នៅក្នុងខែកក្កដា សាលាក្តីនេះបានចេញសេចក្តីសម្រេចគាំទ្រហ្វីលីពីន ក៏ប៉ុន្តែ ពុំមានយន្តការអនុវត្តន៍ច្បាប់សម្រាប់សេចក្តីសម្រេចនេះទេ ហើយសេចក្តីសម្រេចនេះក៏ត្រូវបានច្រានចោលដោយចិនផងដែរ។

ដោយឈ្នះការបោះឆ្នោត លោក Duterte បានប្រើប្រាស់សេចក្តីសម្រេចរបស់សាលាក្តីក្នុងកម្រិតមធ្យមដើម្បីឈានទៅរកកិច្ចព្រមព្រៀងផ្ទាល់ខ្លួនរបស់គាត់ជាមួយចិន។ នៅក្នុងខែសីហា លោក Duterte បានបញ្ជូនអតីតប្រធានាធិបតីលោក Fidel Ramos អាយុ ៨៨ ឆ្នាំ ទៅកាន់ទីក្រុងហុងកុង ដើម្បីជួបជាមួយមន្រ្តីចិន ដោយជំនួបនេះ ត្រូវបានលោក Ramos រៀបរាប់ថា ជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីបង្កើតការជឿទុកចិត្ត និងផលប្រយោជន៍រួម។

ទីប្រឹក្សាប្រធានាធិបតីលោក Jesus G. Dureza បាននិយាយថា សក្តានុពលនៃកិច្ចព្រមព្រៀងនេះអាចនឹងឱ្យចិនរក្សាការគ្រប់គ្រងតំបន់កោះ Scarborough Shoal ប្រសិនបើចិនធ្វើសម្បទានដូចជា អនុញ្ញាតឱ្យអ្នកនេសាទហ្វីលីពីនចូលទៅកាន់តំបន់នេះ ហើយចិនវិនិយោគនៅក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសហ្វីលីពីន។

លោក Jesus G. Dureza បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “គាត់មិនចង់បង្កហេតុបន្ថែមទៀតជាមួយចិននោះទេ” ពីព្រោះ “គាត់មានអារម្មណ៍ថា ចងគាំទ្រសម្ព័ន្ធមិត្តរបស់យើងប្រឆាំងនឹងចិន នឹងមិនផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិទេ”។

លោក Dureza បន្តថា គាត់ និងសមាជិកគណៈរដ្ឋមន្រ្តីផ្សេងទៀតគាំទ្រឱ្យមានការជជែកពិភាក្សាដោយផ្ទាល់ជាមួយចិន ពីព្រោះថា បើទោះបីជាមានសន្ធិសញ្ញាការពារជាតិទៅវិញទៅមកជាមួយអាមេរិកក៏ដោយ ក៏សហរដ្ឋអាមេរិកអាចនឹងមិនការពារហ្វីលីពីនទេ។

លោកលើកឡើងទៀតថា “សម្ព័ន្ធមិត្តរបស់យើងនឹងមិនធ្វើសង្រ្គាមដើម្បីយើងនោះទេ ដូច្នោះ ហេតុអ្វីបានជាយើងគាំទ្រពួកគេប្រឆាំងនឹងចិនទៀត។ ក្នុងពេលជាមួយគ្នានេះដែរ បើទោះបីជាមានពាក្យសម្តីបែបរសើបក៏ដោយ ក៏ហ្វីលីពីនបានបង្ហាញយ៉ាងច្បាស់ផងដែរថា ប្រធានាធិបតីថ្មីមិនចង់បោះបង់សហរដ្ឋអាមេរិកដែរ។

លោក Yasay រដ្ឋមន្រ្តីការបរទេសហ្វីលីពីនបាននិយាយថា “ខណៈយើងចង់ជំរុញទំនាក់ទំនងជាមួយចិន ច្បាស់ណាស់ យើងក៏មិនជំរុញទំនាក់ទំនងផ្នែកយោធាជាមួយចិននោះដែរ ពីព្រោះបញ្ហានេះមិនមែនជាគោលបំណងរបស់ប្រធានាធិបតីទេ។ គាត់បន្តថា “ប្រធានាធិបតីបាននិយាយថា គាត់មានសម្ព័ន្ធមិត្តផ្នែកយោធាតែមួយប៉ុណ្ណោះ ហើយសម្ព័ន្ធនេះ គឺសហរដ្ឋអាមេរិក”៕

ប្រភព៖ New York Times ចុះថ្ងៃ០៩ ខែតុលា ឆ្នាំ២០១៦

ចែករំលែក

បញ្ចេញយោបល់