សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកដែលកំពុងកាន់កាប់រតនវត្ថុរបស់ខ្មែរ សូមប្រគល់មកឱ្យខ្មែរវិញ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជាតិ

ថ្ងៃសុក្រ ទី ១៧ មីនា ២០២៣​
6

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងអាជ្ញាធរសហរដ្ឋអាមេរិក ចំពោះការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការទប់ស្កាត់ និងបញ្ជូនត្រឡប់មកវិញ នូវសម្បត្តិវប្បធម៌របស់ខ្មែរ ព្រមទាំងរាជរដ្ឋាភិបាលចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា ដែលថ្មីៗនេះបានសហការដ៏ល្អប្រសើរ និងជួយសម្របសម្រួលក្នុងការបញ្ជូនរូបចម្លាក់និងគ្រឿងអលង្ការ បុរាណខ្មែរត្រឡប់មកកម្ពុជាវិញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញទទួលរតនវត្ថុរបស់ខ្មែរ ដែលទាមទារបានពីបរទេសមកវិញ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ពិធីកំពុងប្រារព្ធធ្វើនាថ្ងៃនេះ គឺជាព្រឹត្តិការណ៍មានអត្ថន័យដ៏ឧត្តុង្គឧត្តម មិនមែនសម្រាប់តែប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមពិតប្រាកដនៃសម្បត្តិវប្បធម៌នោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេសនានា និងការខិតខំប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិនៅក្នុងយុទ្ធនាការសកល ប្រយុទ្ធទប់ស្កាត់អំពើចោរកម្ម ការចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូល។ ស្របពេលពិភពលោក បានកំពុងធ្វើសមាហរណកម្មខ្លួនយ៉ាងរហ័សក្នុងតំបន់ និងអន្តរជាតិ និងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការថែរក្សាសម្បត្តិមរតកវប្បធម៌មនុស្សជាតិ៕

ចែករំលែក

បញ្ចេញយោបល់