លោក ​ពូទីន ​​បំពេញ​​ទស្សនកិច្ច​​នៅ​​តួកគី​

ថ្ងៃពុធ ទី ១២ តុលា ២០១៦​
109

ថ្ងៃចន្ទនេះ ប្រធានាធិបតីរុស្ស៊ី ពូទីន បានទៅបំពេញទស្សនកិច្ចនៅតួកគីដើម្បីចូលរួមវេទិកាពិភពលោកលើកទី២៣ ស្តីពីថាមពល ដែលរៀបចំឡើងនៅក្រុងអ៊ីស្តង់ប៊ូល។ លោកពូទីនជួបប្រធានាធិបតីតួកគី អ៊ែរដូហ្កាន ជាថ្មីទៀត។ ជាជំនួបលើកទី៣ រវាងមេដឹកនាំទាំង២ គិតតាំងពិមានជំនួបកំពូលG២០ នៅចិនមក។

ទោះមានទស្សនៈផ្ទុយគ្នាទាក់ទងនឹងជម្លោះស៊ីរីក្តី តួកគី និងរុស្ស៊ីកំពុងប្រឹងប្រែងផ្សះផ្សាទំនាក់ទំនងគ្នាឡើងវិញ។ ប្រទេសទាំង ២ គ្រោងបន្តគម្រោងសង់បំពង់ឧស្ម័នតួកគីសស្ទ្រីម Turkish Stream និងការសាងសង់មជ្ឈមណ្ឌលនុយក្លេអ៊ែរនៅតួកគី។

វេទិកាពិភពលោកស្តីពីថាមពល នៅក្រុងអ៊ីស្តង់ប៊ូល ពេលនេះ ជាឱកាសជួយអោយគេអាចភ្លេចនយោបាយបោសសម្អាតផ្ទៃក្នុង នៅតួកគី ក្រោយរដ្ឋប្រហារ រឺក៏បញ្ហាភេរវកម្ម ដែលតួកគីកំពុងជួបប្រទះបានខ្លះដែរ។

លោក ពូទីន និងលោក អ៊ែរដូហ្កាន បន្តបំភ្លេចភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រទេសទាំង២ តួកគី និងរុស្ស៊ីសុទ្ធតែរងការរិះគន់ពីអាមេរិកពីប្រទេសលោកខាងលិច។ រុស្ស៊ីរងការរិះគន់ពីលោកខាងលិចទាក់ទងនឹងជម្លោះស៊ីរី រីឯតួកគីវិញ រងការរិះគន់រឿងការបោសសម្អាតផ្ទៃក្នុង ក្រោយរដ្ឋប្រហារខែកក្កដា។ ដូច្នេះ លោក ពូទីន និងលោក អ៊ែរដូហ្កាន ត្រូវខំបន្ទន់ជំហររកគ្នា ដើម្បីបង្ហាញប្រទេសលោកខាងលិចថា រុស្ស៊ីនិងតួកគីមិនឯកោទេ ហើយថែមទាំងអាចរកផ្លូវដើរល្អប្រសើរផ្សេងពីអឺរ៉ុបទៀតផង បើអឺរ៉ុបរឺក៏អាមេរិកមិនចង់រាប់រកពួកគេទៀត។

គួររំលឹកថា ទំនាក់ទំនងរវាងរវាងតួកគីនិងរុស្ស៊ី បានជួបភាពតានតឹងខ្លាំងកន្លងមក ដោយសារកាលពីខែវិច្ឆិកាឆ្នាំមុននេះ ទាហានតួកគីបាញ់បានទំលាក់យន្តហោះរុស្ស៊ីមួយគ្រឿង។ កាលនោះតួកគីចោទថា មកពីរុស្ស៊ីរំលោភដែនអាកាសតួកគី។ តែរុស្ស៊ីបដិសេធការចោទប្រកាន់ ហើយទាមទារអោយតួកគីសុំទោស។ តែលោក អ៊ែរដូហ្កាន រឹងរូសមិនសូមទោសទេ កាលនោះ។

រុស្ស៊ីខឹងខ្លាំង បានចេញទណ្ឌកម្មសេដ្ឋកិច្ច ពិសេសទាក់ទងផ្នែកទេសចរតែម្តងប្រឆាំងតួកគី។ គិតក្នុងពេលតែ១ឆ្នាំ អ្នកទេសចររុស្ស៊ីដែលទៅលេងតួកគី បានថយចុះដល់ទៅ៨៣ភាគរយ។

 

តាំងពីចុងខែមិថុនាមក ប្រទេសទាំង២បានខំធ្វើអោយទំនាក់ទំនងរវាងគ្នាវិលទៅរកភាពប្រក្រតីឡើងវិញ។ លោក អ៊ែរដូហ្កាន បានទៅទស្សនកិច្ចរុស្ស៊ី កាលពីដើមខែសីហា។ តួកគីបកទៅរករុស្ស៊ីវិញ ក៏ដោយសាររុស្ស៊ីមិនបានរិះគន់តួកគី រឿងបោសសម្អាតផ្ទៃក្នុង ក្រោយរដ្ឋប្រហារខែកក្កដានោះដែរ។

កន្លងមក រុស្ស៊ីបានដកទណ្ឌកម្មច្រើនចេញពីតួកគីហើយ។ ហើយពេលជួបគ្នាលើកនេះ លោក ពូទីន និងលោក អ៊ែរដូហ្កាន ក៏ប្រហែលត្រូវទុកសំណុំរឿងស៊ីរីមួយឡែកដែរ ពោលគឺចៀសនិយាយគ្នារឿងនេះ។ ប្រទេសទាំង២មានទស្សនៈផ្ទុយគ្នាទាំងស្រុង ក្នុងការដោះស្រាយជម្លោះស៊ីរី។ រុស្ស៊ីគាំទ្រប្រធានាធិបតី អាសាដ ជួយកងទ័ពកំទេចក្រុមឧទ្ទាម និងក្រុមភេរវជន។ ឯតួកគីវិញ ចង់អោយលោកអាសាដចុះពីអំណាច។ តួកគីក៏ព្យាយាមមិនអោយក្រុមគួដឌីស្ថានដណ្តើមឯករាជ្យដែនដី នៅតាមតួកគី រឺក៏ស៊ីរីដែរ។ ប៉ុន្តែ រុស្ស៊ីបានគាំទ្រពួកគួដឌីស្ថាននេះ។

តាំងពីប្រទេសទាំង ២ ខំផ្សះផ្សាគ្នាវិញមក គេឃើញថា រុស្ស៊ីបានបញ្ឈប់ការគាំទ្រចំពោះពួកគួដ។ ឯខាងតួកគីវិញ ក៏ដូចជាធ្វើថ្លង់ធ្វើគ លែងនិយាយរឿងអំណាចលោក អាសាដ នៅស៊ីរីដែរ។ ឃើញថា ប្រទេសទាំង២បន្ទន់ជំហររកគ្នាច្រើនណាស់។ ថ្មីៗនេះ តួកគីនិងរុស្ស៊ីថែមទាំងប្រកាសបង្កើតរួមគ្នានូវមូលនិធិសម្រាប់វិនិយោគមួយ ក្នុងទឹកប្រាក់១ពាន់លានដុល្លារទៀតផង។

នៅចំពោះមុខ ពេលនេះ លោក ពូទីន និងលោក អ៊ែរដូហ្កាន ត្រូវមើលកិច្ចសហប្រតិបត្តិការគ្នាជាគោល បែបយ៉ាងគម្រោងសង់បំពង់បង្ហូរឧស្ម័ន ឈ្មោះថា តួកគី ស្ទ្រីម Turkish Stream និងមជ្ឈមណ្ឌលនុយក្លេអ៊ែរក្នុងទឹកដីតួកគី។ កិច្ចសហប្រតិបត្តិការសំខាន់ ផ្នែកថាមពលនេះ ធ្វើអោយប្រទេសទាំង ២ ធូរស្រាលគ្នាកាន់តែខ្លាំង។ សូមរំលឹកដែរថា រុស្ស៊ីត្រូវសាងសង់មជ្ឈមណ្ឌលនុយក្លេអ៊ែរនៅតួកគី ដើម្បីជួយតួកគីផលិតអគ្គិសនីអោយបាន៤៨០០មេហ្កាវ៉ាត់។

គម្រោងបំពង់ឧស្ម័ន Turkish Stream

បំពង់ឧស្ម័ន Turkish Stream ដើមឡើយ មានទិសដៅដាក់ដំណើរការផ្គត់ផ្គង់ឧស្ម័នអោយបាននៅឆ្នាំ២០១៧។ តែរហូតពេលនេះ នៅមិនទាន់ឃើញសង់នៅឡើយ។ ក្រុមអ្នកជំនាញមួយចំនួន គិតថាតួកគីនិងរុស្ស៊ីប្រហែលមានសុទិដ្ឋិនិយមជ្រុលបន្តិចហើយ ចំពោះគម្រោងនេះ។

ប៉ុន្តែ សូមកុំភ្លេចថា តួកគីជាប្រទេសទី២ ដែលនាំចូលឧស្ម័នរុស្ស៊ីមកប្រើក្នុងស្រុក បន្ទាប់ពីអាល្លឺម៉ង់។ តួកគីនាំចូលឧស្ម័នរុស្ស៊ី ប្រមាណ៣០ពាន់ល

ានម៉ែត្រគូប ក្នុងមួយឆ្នាំៗ។ គឺនាំចូលតាមបំពង់បង្ហូរចំនួន២ មួយនៅសមុទ្រខ្មៅ ភាគខាងកើត មួយទៀតនៅភាគខាងលិច តាមតំបន់បាល់កង់។

គម្រោងបំពង់បង្ហូរឧស្ម័នតួកគីស ស្ទ្រីម ថ្មីនេះ អាចបញ្ជូនឧស្ម័នពីរុស្ស៊ី កាត់តាមសមុទ្រខ្មៅ ទៅអោយតួកគីផ្ទាល់តែម្តង ដោយគ្មានឈប់ត្រង់ស៊ីតនៅប្រទេសណាមួយទេ។ បំពង់នេះគ្រោងបញ្ជូន៣១ពាន់៥រយលានម៉ែត្រគូប ក្នុងមួយឆ្នាំៗ។ មើលតាមបរិមាណឧស្ម័ន គឺឆ្លើយតបតាមការចង់បានរបស់តួកគីណាស់។

គម្រោងបំពង់តួកគីស ស្ទ្រីម ត្រូវលោកពូទីនប្រកាសឡើង តាំងពីចុងឆ្នាំ២០១៤ម្ល៉េះ ពេលលោកទស្សនកិច្ចនៅតួកគី។ កាលនោះ តួកគី និងរុស្ស៊ីបានចុះកិច្ចព្រមព្រៀងច្រើនជាមួយគ្នា ដើម្បីជំរុញការផ្តោះប្តូរពាណិជ្ជកម្ម អោយអាចកើនដល់១០០ពាន់លានដុល្លារ នៅឆ្នាំ២០២៣។

 

ប៉ុន្តែ ក្រោយតួកគីបាញ់ទំលាក់យន្តហោះរុស្ស៊ីមកការចរចាគ្នាពីបំពង់ឧស្ម័នតួកគីស ស្ទ្រីមនេះ ត្រូវបានផ្អាកទៅវិញ។ ខែកញ្ញាមុននេះ ក្រុមហ៊ុនឧស្ម័នរុស្ស៊ី ហ្កាសព្រូម Gazprom បានប្រកាសថា ការសង់បំពង់តួកគីស្ទ្រីមអាចនឹងចាប់ផ្តើមធ្វើនៅចុងឆ្នាំ២០១៧ បើមានកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលនៅខែតុលា។ បើសង់វានៅចុងឆ្នាំ២០១៧ គឺត្រូវសង់ហើយនៅ ឆ្នាំ២០១៩។

ដូច្នេះ ទិសដៅគម្រោងដើម ដែលចង់អោយបំពង់តួកគីស ស្ទ្រីម ផ្គត់ផ្គង់ឧស្ម័នអោយបាននៅឆ្នាំ២០១៧ គឺពិតជាមិនអាចសម្រេចទៅរួចទេ។ បើទោះចង់សង់បំពង់នេះ ឥឡូវនេះ ក៏មិនអាចសង់ហើយឆ្នាំ២០១៧ ដែរ ព្រោះត្រូវការពេលយូរជាង១ឆ្នាំឯណោះ។ លោកពូទីនប្រកាសគម្រោងឡើង នៅចុងឆ្នាំ២០១៤ គឺទិសដៅសង់និងដាក់អោយប្រើនៅឆ្នាំ២០១៧។ ប៉ុន្តែ ការចរចាផ្អាកទៅវិញ ម្ល៉ោះហើយធ្វើអោយគម្រោងយឺតយ៉ាវ។

សរុបមកវិញ គម្រោងបំពង់ឧស្ម័នតួកគីស ស្ទ្រីម មិនមែនជាការស្រមើស្រមៃ រឺជាសុទិដ្ឋិនិយមហួសហេតុអ្វីទេ សម្រាប់តួកគីនិងរុស្ស៊ី។ ប្រទេសទាំង២គ្រាន់តែត្រូវការពេលច្រើនប៉ុណ្ណោះ ដើម្បីអាចសម្រេចគម្រោងនេះឡើង៕

ប្រភព : វិទ្យុបារាំងអន្តរជាតិ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦

ចែករំលែក

បញ្ចេញយោបល់