សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល គ្រោងរៀបចំបង្កើត “អន្តេវាសិកដ្ឋានថ្មី” នៅតំបន់ពហុកីឡដ្ឋានជាតិមរតកតេជោ

ថ្ងៃព្រហស្បតិ៍ ទី ២ កុម្ភៈ ២០២៣​
10

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា សិស្សនិស្សិតជាបុរស អាចបន្តការសិក្សារៀនសូត្រ ដោយទៅស្នាក់នៅទីកន្លែងណាក៏បាន ឬទៅស្នាក់នៅនៅក្នុងវត្តក៏បាន ប៉ុន្តែចំពោះសិស្សនិស្សិតជានារី គឺមិនអាចទៅរស់នៅទីវត្តអារាមបានទេ ពីព្រោះគ្នាជាមនុស្សស្រី មិនមែនដូនជីត្រូវបួសរៀនក្នុងវត្តបានឡើយ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA ជាង១ពាន់នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ(OCIC) ក្នុងរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងជម្រុញដល់ថ្នាក់ដឹកនាំសាលាក្រុង និងរដ្ឋមន្ត្រីនៃក្រសួងអប់រំយុវជន និងកីឡា ត្រូវសហការគ្នាបង្កើតមណ្ឌលអន្តេវាសិកដ្ឋានបន្ថែមទៀត សម្រាប់សិស្ស និស្សិតជានារីឱ្យបានស្នាក់នៅសិក្សារៀនសូត្របន្តនៅរាជធានីភ្នំពេញ ហើយទីតាំងល្អ ស្ថិតនៅតំបន់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលទីនោះមានផ្ទៃដីធំ អាចបង្កើតមណ្ឌលអន្តេវាសិកដ្ឋានបាន ទោះបីឆ្ងាយពីក្រុង តែមិនឆ្ងាយត្រូវធ្វើដំណើរពីបណ្តាខេត្ត ឡើងមករៀននៅរាជធានីភ្នំពេញនោះដែរ។

សូមជម្រាបជូនថា ពហុកីឡដ្ឋានជាតិមរតកតេជោ ជាកីឡដ្ឋានបាល់ទាត់ និងអត្តពលកម្មក្នុង រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលជាកីឡដ្ឋានទំនើបផុតលេខនៅកម្ពុជា និងទីកន្លែងសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ហៅថាកីឡាស៊ីហ្គេម ដែលនឹងឈានចូលមកដល់ឆាប់ៗខាងមុខនេះ៕

ចែករំលែក

បញ្ចេញយោបល់