ក្នុងពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន១,០៤៩នាក់ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យបងប្អូនខ្មែរដែលរស់នៅក្រៅប្រទេស មកលេងកម្ពុជា ដើម្បីមើលឃើញផ្ទាល់ភ្នែកពីសមិទ្ធផលនៃការរីកចម្រើនរបស់ប្រទេសជាតិយើង។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មានអ្នកខ្លះ មិនហ៊ានមកស្រុកទេ ដោយសារជឿតាមការញុះញង់របស់បក្សប្រឆាំង។ សម្តេច បានបញ្ជាក់ថា ពុំមានការចាប់ខ្លួនខ្មែរនៅក្រៅស្រុកដែលមកលេងកម្ពុជានោះទេ លើកលែងតែអ្នកនោះមានសាលដីការចាប់ខ្លួន។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ដើម្បីកុំឱ្យចាញ់បោកការឃោសនាអកុសលដែលគេមួលបង្កាច់សភាពការណ៍ពិតនៅកម្ពុជារបស់បក្សប្រឆាំងទៀត សូមអញ្ជើញមកស្រុកផ្ទាល់ដើម្បីមើលពីការរីកចម្រើន៕