អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមឧទ្ទាមក្បត់ជាតិខិតខំបំភ្លៃសាធារណមតិ បង្កចលាចលសង្គម ឆ្ពោះទៅអនុវត្តផែនការបដិវត្តន៍ពណ៌

ថ្ងៃអង្គារ ទី ២៤ មករា ២០២៣​
6

ទោះបីជាខិតខំក្នុងការលាក់បាំងនិងបដិសេធយ៉ាងណាក៏ដោយ  ក្រុមប្រឆាំងមិនអាចបិទបាំងទំនាក់ទំនងដ៏សកម្មរបស់ក្រុមជនក្បត់ជាតិនិងគណបក្សនយោបាយនៅកម្ពុជាក្នុងការអនុវត្តផែនការទុច្ចរិតបដិវត្តន៍ពណ៌បានឡើយ។ ការប្រើប្រាស់ឯកសណ្ឋានយោធា និងឋានន្តរស័ក្តិនៃនាយទាហានជាន់ខ្ពស់របស់ សមាជិកនៃក្រុមប្រឆាំងនាពេលថ្មីៗនេះ ដើម្បីបំភ័ន្តសាធារណៈមតិ និងការញុះញង់កងកម្លាំងប្រដាប់អាវុធ ធ្វើឱ្យប៉ះពាល់សន្តិសុខនៃរដ្ឋគឺបង្ហាញពីផែនការយុទ្ធសាស្ត្របដិវត្តន៍ពណ៌ដែលក្រុមជនក្បត់ជាតិ សម រង្ស៊ី បានរៀបចំឡើងដើម្បីបំផ្លាញការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០២៣។ ផែនការនេះរៀបចំឡើងដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមប្រឆាំងចំនួន ៤ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មជាមួយគ្នាគឺ (១) ក្រុមក្បត់ជាតិ សម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង ឡុង រី ហូ វ៉ាន់ (២)ក្រុមសកម្មជននយោបាយគ្រងស្បង់ជាសង្ឃ ប៊ុត ប៊ុនតិញ (៣)ក្រុមទូរទស្សន៍សំឡេងមនសិការខ្មែរ និង (៤) គណបក្សភ្លើងទៀន។

ពួកគេកំពុងតែធ្វើសកម្មភាពរួមគ្នាដើម្បីឆ្ពោះទៅអនុវត្តផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមផែនការបដិវត្តន៍ពណ៌របស់ជនក្បត់ជាតិ សម រង្ស៊ី ដោយផ្តើមចេញពីការញុះញង់ ហិង្សាពាក្យសម្តី ផ្សាយព័ត៌មានមិនពិត បំភ្លៃសាធារណមតិជាតិនិងអន្តរជាតិ ក្លែងបន្លំឯកសណ្ឋានកងយោធពលខេមរភូមិន្ទ បង្កចលាចល និងភាពវឹកវរសង្គម និងការធ្វើសកម្មភាពផ្សេងៗដោយមានជាប់ពាក់ព័ន្ធនឹងអ្នកក្រុមជនក្បត់ជាតិ និងអ្នកនយោបាយមានទោសជាប់ខ្លួនដោយផ្ទាល់។ ភស្តុតាងនៃសកម្មភាពទាំងឡាយ ការផ្សព្វផ្សាយព័ត៌មានបំភ្លៃតាមរយៈទូរទស្សន៍អនឡាញសំឡេងមនសិការខ្មែររបស់ក្រុមក្បត់ជាតិនិងការធ្វើសកម្មភាពនយោបាយផ្សេងៗពីវត្តភ្នំសេរីដែលជាទីកន្លែងនៃការជួបជុំរវាងមេដឹកនាំគណបក្សភ្លើងទៀន ជាមួយទណ្ឌិត សម រង្ស៉ី, អេង ឆៃអ៊ាង និង មូរ សុខហួរ ដើម្បីពិភាក្សាការងារ និងរៀបចំយុទ្ធសាស្រ្ត ដើម្បីបង្កចលាចលនៅកម្ពុជា គឺជាការបំពាននឹងច្បាប់ស្តីពីគណបក្សនយោបាយរបស់កម្ពុជា ហើយប្រសិនបើពួកគេនៅតែបំពារបំពាន នឹងត្រូវបង់ថ្លៃខ្ពស់នៅចំពោះមុខច្បាប់។ 

គណបក្សភ្លើងទៀន កន្លងទៅនេះត្រូវបានគេបង្ហាញភស្តុតាងជាច្រើនមានការជាប់ពាក់ព័ន្ធនឹងក្រុមទណ្ឌិតសម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង ហូរវ៉ាន់ ឡុង រី និងអ្នកនយោបាយមាន ទោសផ្សេងទៀត។ តាមរយៈអគ្គលេខាធិការរបស់ខ្លួនដែលជា អតីតអនុប្រធានអង្គការ NDI នៅកម្ពុជាក៏មានការសង្ស័យថា មានការគាំទ្ររបស់ជនបរទេសពីក្រោយផងដែរ។ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ លោក ឯល រ៉ាហ្វើត ជាប្រធានចលនាខ្មែរឥស្លាម របស់គណបក្សភ្លើងទៀន បានចេញមុខមកទម្លាយអំពីផែនការអាក្រក់របស់ទណ្ឌិត សម រង្ស៉ី ដែលមានបំណងរៀបចំការប្រមូលផ្តុំដើម្បីបង្កភាពចលាចល នៅប្រទេសកម្ពុជា មុនការបោះឆ្នោតសកលនៅខែកក្កដា ឆ្នាំ២០២៣ ដោយលោកបានលើកឡើងថា ៖«ក្រោយពីបាន ប្រជុំនៅសហរដ្ឋអាម៉រិក នៅទីក្រុងឡូវែល គឺគេដាក់យុទ្ធសាស្ត្រ ២សំខាន់ (ទី១) គេឱ្យយើងពង្រឹង និងពង្រីករចនាសម្ព័ន្ធរបស់ភ្លើងទៀនឱ្យបានខ្លាំង ដើម្បីត្រៀមឱ្យលោកប្រធាន សម រង្ស៉ី ចូលស្រុកធ្វើម៉េចឱ្យបានមុនបោះឆ្នោត ដើម្បីបង្កចលាចលឱ្យបានចូលស្រុក ហើយអូសទាញកូនទាហាន នាយទាហានតូចតាចហ្នឹង ព្រោះគេដឹងថាអូសទាញថ្នាក់ដឹកនាំ មេៗអត់បានទេ អញ្ចឹងហើយ គេរៀបចំកម្លាំងដើម្បីអូសទាញឱ្យពលទាហាន នាយទាហាន អមដំណើរលោកសម រង្ស៉ី តាមច្រកទល់ដែនខ្មែរថៃម្តងទៀត នៅមុនបោះឆ្នោត ធ្វើយ៉ាងណាឱ្យបាន។ ហើយយុទ្ធសាស្ត្រ (ទី២) ប្រសិនបើចូលមិនបាន មុនបោះឆ្នោតទេ គេនឹងរៀបផែនការទី២ នៅពេលដែលបោះឆ្នោតហើយ គេឱ្យគណបក្សភ្លើងទៀនហ្នឹងធ្វើម៉េចធ្វើការតវ៉ា មិនគាំទ្រ ដោយមានការដោះដូរ លោក សម រង្ស៉ី ចូលស្រុកឱ្យបាន ហ្នឹងដំណាក់កាលទី២ ដើម្បីអូសទាញបង្កើតចលាចលដូចឆ្នាំ១៩៩៣ និង២០១៣»។

ដោយអនុវត្តនូវយុទ្ធសាស្ត្រក្បត់ជាតិទាំងនេះ ទើបបានជាកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ ពួកគេបានប្រើប្រាស់សមាជិករបស់ខ្លួន ឈ្មោះ ឡុង សុគន្ធារៈ អតីតព្រះសង្ឃមានស្នេហ៍លួចលាក់ជាមួយអ្នកមេម៉ាយនៅអាម៉េរិកដែលជាអ្នកគាំទ្រងុបងុលលើទណ្ឌិត សម រង្ស៊ី ក្លែងធ្វើជាមន្ត្រីនៃកងយោធពលខេមរភូមិន្ទពាក់ឯកសណ្ឋានយោធា និងមានឋានន្តរស័ក្តិផ្កាយ ៣ ចេញមកវាយប្រហារជេរប្រមាថដ៏អសុរសបំផុតមកលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត របស់គណបក្សប្រជាជនកម្ពុជាថែម ទៀតផង។ ទង្វើរបស់បុគ្គលពាលរូបគឺជាការញុះញង់ ក្លែងបន្លំឯកសណ្ឋាន ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ញុះញង់បំបែកបំបាក់ជាតិ ហើយបង្ហាញពីចេតនាច្បាស់ក្រឡែតនៃបដិវត្តន៍ពណ៌ របស់ក្រុមប្រឆាំងដោយធ្វើការញុះញង់កងកម្លាំងប្រដាប់អាវុធ និងបំភ្លៃសាធារណមតិថាខ្លួនជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ។ អំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតនេះ ត្រូវបានក្រសួងការពារជាតិ អគ្គមេបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ អគ្គបញ្ជាការដ្ឋានកងអង្គរក្ស សាធារណជនទូទៅ ថ្កោលទោស និងស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការ ច្បាប់ដោយមិនអាចលើកលែងឱ្យបានឡើយ។ ទណ្ឌិត សម រង្ស៊ី បានធ្វើការញុះញង់កងកម្លាំងប្រដាប់អាវុធ និងប្រជាជនជាច្រើនលើករួចមកហើយ ប៉ុន្តែមិនជោគជ័យឡើយព្រោះគ្មាននរណាជឿការញុះញង់របស់ក្រុមជនក្បត់ជាតិទាំងនេះឡើយ។ ចុងក្រោយទង្វើក្បត់ជាតិ និងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់ក្រុមក្បត់ជាតិកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវបានទទួលនូវការបង់ថ្លៃផ្នែកផ្លូវច្បាប់លើបទឧបឃាត។ ឥឡូវនេះ ពួកគេបាននិងកំពុងរៀបចំផែនការជាថ្មីដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលសករបច្បាប់តាមរយៈបដិវត្តន៍ពណ៌។ 

ជាមួយគ្នានេះ នៅវត្តភ្នំសេរី ក្រោមការរៀបចំរបស់សង្ឃក្លែងក្លាយ ប៊ុត ប៊ុនតិញ និងបក្ខពួករបស់ក្រុមសម រង្ស៊ី បានរៀបចំប្រមូលលុយពីពលរដ្ឋ ខ្មែរខ្លះដែលជឿក្រុមក្បត់ជាតិក្រោមរូបភាពនៃពិធីបុណ្យផ្កាក្រោមពន្លឺភ្លើងទៀនដើម្បីយកលុយឱ្យបក្សភ្លើងទៀន។ យុទ្ធសាស្ត្រដែលពួកគេបានរៀបចំនេះគឺជា ផ្នែកមួយនៃការអនុវត្តផែនការបដិវត្តន៍ពណ៌ដែលត្រូវបាន វាយបំបាក់កាលពីឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤កន្លងទៅ និងឈាន ដល់ការរំលាយអង្គការចាត់តាំងនយោបាយនៃបដិវត្តន៍ពណ៌កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលក្នុងនោះជនក្បត់ជាតិ កឹម សុខា កំពុងរង់ចាំសាលក្រមនៃសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស ខណៈថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ មួយចំនួនបានរួចបំរាមនយោបាយកាលពីខែវិច្ឆិកា ឆ្នាំ២០២២ និងអ្នកខ្លះដែលបំពានច្បាប់ត្រូវបានបន្តជាប់ការហាមឃាត់។ ទណ្ឌិត សម រង្ស៊ី នឹងបក្ខពួកក្បត់ជាតិនៅតែត្រូវបានគេដឹងថា មានភាពសកម្មក្នុងការបញ្ជាសកម្មភាពលើគណបក្សភ្លើងទៀន ពីក្រោយខ្នង។ នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ សេង ធារី បានបរិហារកេរ្តិ៍ គណបក្សភ្លើងទៀនត្រូវបានបញ្ជាដោយ សម រង្ស៊ី។ សម រង្ស៊ី ដែលជាស្ថាបនិកនៃបក្សភ្លើងទៀន ហើយត្រូវបានគេឱ្យដឹងថាក៏កំពុងចាត់ចែងលក់កៅអីបេក្ខភាពសម្រាប់ឈរតំណែងជាតំណាងរាស្ត្ររបស់បក្សភ្លើងទៀនថែមទៀតផងទាំងនៅបារាំងនិងនៅសហរដ្ឋអាម៉េរិក។ ជាមួយគ្នានេះ ទាំងសារដែល បានផ្សព្វផ្សាយ និងការធ្វើសកម្មភាពរបស់ក្រុមទណ្ឌិត សម រង្ស៊ី និងក្រុមបក្ខភ្លើងទៀនក្នុងស្រុក ហាក់ដូចជាមានភាពស៊ីសង្វាក់គ្នា ហើយពេលខ្លះខំលាក់បាំង តែកន្ទុយនៅកណ្តាលវាល។ 

នាពេលកន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាច្រើនដងរួចមកហើយថា គណបក្សណាក៏ដោយ បើជាប់ពាក់ព័ន្ធនឹងទណ្ឌិតក្បត់ជាតិ ៣ ជំនាន់សម រង្ស៉ី និងបុគ្គលមួយចំនួនដែលជាជនក្បត់ជាតិ នោះអាចប្រឈមការកាត់ក្តីរំលាយចោលដោយតុលាការកំពូល ព្រោះជាសកម្មភាពបំពាននឹងច្បាប់ស្តីពីគណបក្សនយោបាយ។ ដូច្នេះគណបក្សភ្លើងទៀន ត្រូវមានការប្រុងប្រយ័ត្ន ជៀសវាងត្រូវតុលាការរំលាយចោល។ យោងតាមច្បាប់ស្តីពីគណបក្សនយោបាយមាត្រា ៦ ថ្មី ចែងថា៖«គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយដូចខាងក្រោម (១) ធ្វើអបគមន៍ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី (២) ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ (៣) ធ្វើឱ្យប៉ះពាល់សន្តិសុខនៃរដ្ឋ (៤) បង្កើតកងកម្លាំងប្រដាប់អាវុធ និង (៥)ធ្វើការញុះញង់ដែលអាចនាំឱ្យមានការបែកបាក់ជាតិ។ ប្រជាពលរដ្ឋខ្មែរត្រៀមខ្លួនជានិច្ចជាមួយរាជរដ្ឋាភិបាលដើម្បីកម្ចាត់ក្រុមជនក្បត់ជាតិ ៣ ជំនាន់ដែលប៉ុនប៉ងបំផ្លាញការបោះឆ្នោត និងបំផ្លាញសុខសន្តិភាព ការអភិវឌ្ឍរបស់កម្ពុជា៕ 

ដោយចៅចាក់ស្មុក

រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣

ចែករំលែក

បញ្ចេញយោបល់