ទស្សនៈមិត្តអ្នកអាន ៖ទស្សនៈកិច្ចរបស់​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​​ ទៅ​ប្រទេស​ចិននាពេលខាងមុខ​​ គឺដើម្បីបន្ត​ពង្រឹង​ចំណង​មិត្តភាព​ និង​កិច្ចសហប្រតិបត្តិការ​ថែមទៀត​

ថ្ងៃចន្ទ ទី ២៣ មករា ២០២៣​
5

នៅដើម​ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ​ លោក ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃព្រះរា​ជា​ណា​​ចក្រ​​កម្ពជា​នឹង​ដឹកនាំគណៈប្រតិភូជាន់​ខ្ពស់​ អញ្ជើញ​ធ្វើទស្សនកិច្ច​ផ្លូវ​ការ​នៅ​សាធារណៈរដ្ឋ​ប្រជា​មា​​​និត​​​ចិន​ជាថ្មីម្ត​ងទៀត​​​បន្ទាប់​​​ពី​​វិបត្តិ​នៃជំ​ងឺកូវីដ​១៩ បាន​​ធូរ​ស្រាល​។ គួរកត់សម្គាល់ថា​នេះ​ជា​ដំណើរ​ទស្សន​កិច្ច​​លើក​ទី៣​​ ហើយ​ បន្ទាប់​ពីលោក​បានសម្រេចចិត្ត​បំពេញ​ទស្សន​កិច្ច​​​ទៅកាន់​ប្រទេស​ចិនកាលពីខែកុម្ភៈ ឆ្នាំ២០២០ ​ក្នុង​ដំណាក់កាលដ៏គ្រោះថ្នាក់​នៃជំងឺកូវីដ១៩ ​​ហើយ​ដែល​​​ត្រូវ​​បានគេ​ប្រសិទ្ធិនាមថា​ «បុរសសង្ហារ ដើរបញ្ច្រាស់ទិស» ស្រប​ពេល​ដែល​ថ្នាក់​ដឹក​នាំ​​ពិភព​លោក​នានា​​​ខ្លាច​រអារិ៍​មិន​ហ៊ាន​ធ្វើដំណើរទៅកាន់​ប្រទេស​ចិននោះ។ ដំណើរទស្សនកិច្ច​នា​ពេល​នោះ​​ត្រូវ​បាន​ស្វាគមន៍​យ៉ាងខ្លាំង​​ដោយលោកប្រធានាធិបតី​ ស៊ី ជិនពីង​ ហើយ​លោក​ថែម​ទាំង​បាន​​ពោលពាក្យ​ដ៏មានអត្ថន័យ​ថា «មិត្តភក្តិ​ពិតប្រាកដ​គឺ​ជាមិត្ត​ដែលចេះជួយ​គ្នា​ក្នុង​គ្រា​លំ​បាក​»​ ថែមទៀតផង​។

ដំណើរ​ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី​​ នាពេលខាងមុខ​នេះ​នឹងផ្តោត​សំខាន់លើ​កិច្ច​​​ពិភាក្សា​អំពីកិច្ចសហប្រតិបត្តិការ​ និង​​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​បន្ថែមទៀត​ជាមួយមិត្ត​​ចិន ដែល​រួមមាន​ទាំង​គម្រោងអភិវឌ្ឍ​​ផ្លូវ​ដែក​ល្បឿនលឿន​ដំបូង​បង្អស់​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​។​ ប្រទេសកម្ពុជាមានបំណង​ក្នុង​ការ​ធ្វើទំនើបកម្មផ្លូវដែកទាំង២ខ្សែរ​ រ​បស់​ខ្លួន​ឱ្យ​ទៅ​ជា​ផ្លូវ​ដែក​ល្បឿន​លឿន​ដែល​នឹង​តភ្ជាប់ពី​​រាជ​ធានី​ភ្នំពេញ​ជា​មួយ​ក្រុង​ព្រះសីហនុ​ និង​តភ្ជាប់​ទៅ​ព្រំដែន​ជា​មួយ​ប្រទេស​ថៃ​។​

កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានមិត្តចិន​ធ្លាប់​បាន​ផ្តល់​សញ្ញា​ថា​​នឹង​ជួយ​ផ្តល់​មូលនិធិ​ដល់​គម្រោង​ផ្លូវ​ដែក​ល្បឿន​លឿននេះ​ ហើយ​បញ្ហា​នេះ​ក៏​ត្រូវ​បាន​​លើក​យក​មក​ពិភាក្សា​​ម្តង​​ហើយ​ដែរ​នៅ​​ក្នុង​​​​ជំនួប​រវាង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ​ជា​​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ចិន​ លី ខឺឈាង។​

ដំណើរ​ទស្សន​កិច្ច​​នេះ​​ធ្វើ​ឡើង​ស្រប​ពេល​​ដែល​ចំណង​​មិត្តភាព​រវាង​​កម្ពុជា-ចិន​កំពុង​វិវត្ត​​ទៅ​​មុខ​ឥតឈប់ឈរ​ ក្លាយ​ជាមិត្ត​ភាព​ដែក​ថែប​​ឈានឆ្ពោះ​ទៅ​កាន់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាយុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​​​ ​មាន​ការ​កើន​ឡើង​ជា​​លំដាប់​​ក្នុង​រយៈ​ពេល​​​១០​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​ក៏ដើម្បី​រំឭក​ដល់ខួបលើកទី​៦៥ នៃ​ទំនាក់​ទំនង​ទ្វេភាគី​នៅ​ក្នុង​ឆ្នាំ​នេះ​ផង​ដែរ​។។​ វត្តមាន​របស់​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ នាពេល​ខាង​មុខ​នេះក៏​ដើម្បី​បញ្ជាក់​ជូន​​ថ្នាក់​ដឹកនាំ​ចិន និង​ប្រជាជន​ចិន​​ថា​កម្ពុជា​តែង​មាន​ជំហរ​គាំទ្រ​ និង​លើក​ទឹក​ចិត្តដល់​មិត្ត​របស់​ខ្លួន​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ផ្សេងៗទៀត​ តែង​តែ​មាន​ចរឹត​រើស​អើង​ចំពោះ​ប្រជាជន​ចិន​ ស្របពេល​ដែល​គោល​នយោបាយ​សូន្យកូវីដ​ របស់​ចិន​ត្រូវ​បាន​បិទបញ្ចប់​កាល​ពី​ខែធ្នូ​ បែរ​ជាមាន​ប្រទេស​ដទៃ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​​ពីការភ័យខ្លាច​ទេសចរណ៍ចិន​ចូល​ទៅក្នុង​ប្រទេស​របស់​ពួក​គេ​ទៅ​វិញ​។ ​ផ្ទុយ​ទៅវិញ កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​ស្វាគមន៍​អ្នកទេសចរណ៍​ចិន​ និង​អ្នក​វិនិ​យោគ​​ពី​ប្រទេស​​ចិន​យ៉ាង​កក់ក្តៅ​បំផុត​។​​

ការ​​ពង្រឹង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន​នេះ​ គឺ​ជាផល​ប្រយោជន៍​របស់ប្រទេស​​កម្ពុជា​​ ដើម្បី​​ជា​​ការ​ឆ្លើយ​តប​ទៅ​លោក​ខាង​លិច​ថា​ប្រទេស​កម្ពុជា​មិនមែន​ជា​ប្រទេស​ឯកោ​ទេ ​​ដោយ​ហេតុថា​ កម្ពុជា​ត្រូវ​ខិតខំ​បើក​ពង្រីក​ និង​ពង្រឹង​ទីផ្សារ​របស់​ខ្លួន​ឱ្យបាន​​​ច្រើន​​​ថែម​​ទៀត​​​​ក្រៅ​​​ពី​​ទី​ផ្សារ​នៅ​អាមេរិក ​​​អឺរ៉ុប អូស្ត្រាលី​ និង​​ដើម្បី​បញ្ចេញ​ទំនិញ និង​​ផលិត​​ផល​ក​សិ​កម្ម​​កម្ពុជា ជាច្រើន​ផ្សេងទៀត​​ចេញទៅ​​ក្រៅ​ប្រទេស​ ​ដូចជា​ទៅ​​​កាន់​ប្រទេស​ចិន ជប៉ុន​ ​អាហ្វ្រិក​ ​មជ្ឈឹ​ម​បូព៌ា ​កូរ៉េ​ខាងត្បូង និងក្នុងតំបន់​ជា​ដើម។​ ​សព្វ​ថ្ងៃ​នេះ​ ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ចិន​​បាន​កើន​​​ឡើង​ដល់ជាង​៥៦០០​លាន​ដុល្លារ​ហើយ។​ ​មិត្ត​ចិន​គឺជាអ្នក​​វិនិ​យោគ​​ធំ​​ជាង​គេ​នៅ​កម្ពុជា​ ​ជា​​ពិ​សេស​​​លើ​វិស័យហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ស្ពាន​ ​ស្ពាន​អាកាស​ ​និង​វារី​អគ្គីសនី​​ជា​ដើម​។​​ ជាងនេះទៀត​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគី​កម្ពុជា-ចិន  ក៏​ជា​លំហូរ​នៃ​ការ​ទាក់​ទាញ​​អ្នក​វិនិយោគ​ចិន​មកកាន់កម្ពុជា ដើម្បីធ្វើការកែច្នៃ និងនាំចេញដោយរួចពន្ធទៀតផង​​។ មិន​តែ​​ប៉ុណ្ណោះ​ផ្អែក​លើ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​នេះ កម្ពុជា​អាចក្លាយ​ជា​មជ្ឈ​មណ្ឌល​មួយ​សម្រាប់​បែង​​​ចែក​ផលិត​ផល​របស់​​ចិន​ ទៅ​​កាន់​​​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​អាស៊ាន​ផង​ដែរ​​។​

ជារួម​ ទស្សនកិច្ចរបស់​លោកនាយករដ្ឋមន្ត្រី​​ ហ៊ុន សែន ទៅកាន់ប្រទេស​ចិននាពេល​ខាងមុខនេះ​នឹង​ផ្តល់​នូវ​ផល​ប្រយោ​ជន៍​ជូន​ជាតិ​ និង​ប្រជាជន​នៃប្រទេស​ទាំងពីរ​​ជាពិសេស​ការពង្រីកទំហំពាណិជ្ជកម្ម​រវាង​គ្នាទៅវិញទៅមក​ប្រកប​ដោយផ្លែផ្កា​។​ ដំណើរ​ទស្សនកិច្ចលើកនេះ  ត្រូវ​បាន​គេ​រំពឹង​ថា​​នឹង​នាំ​មក​នូវ​កិច្ចព្រមព្រៀង​​ទ្វេភា​គី​ថ្មីៗ​ជាបន្តបន្ទាប់ ជាពិសេស​នៅ​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដោយ​ហេតុថា​ កម្ពុជា​គឺ​ជា​ដៃគូ​ដ៏​គួរ​ឱ្យទុក​ចិត្ត​បំផុត​របស់​ប្រទេស​ចិន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ៕

អត្ថ​បទ​ដោយ​៖ យី វិត

​​

​​​​

ចែករំលែក

បញ្ចេញយោបល់