វិភាគអន្តរជាតិ៖ ទំនាក់ទំនងរុស្សុី-សហភាពអឺរ៉ុប នឹងទៅជាយ៉ាងណា ក្រោយសង្រ្គាមអ៊ុយក្រែន?

ថ្ងៃសុក្រ ទី ២ ធ្នូ ២០២២​
15

 

(វ៉ាស៊ីនតោន)៖ សង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែនដែលបានចាប់ផ្ដើមឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក បានបំផ្លាញសណ្ដាប់ធ្នាប់សន្តិសុខអឺរ៉ុប នៅក្រោយសង្រ្គាមត្រជាក់ និងបានកែប្រែទាំងស្រុងនូវទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងរុស្ស៉ីដែលបានកសាងឡើងក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។ អស់រយៈពេលជាង ៣ទសវត្សរ៍កន្លងមក មូលដ្ឋានគ្រឹះនៃទំនងរវាងសហភាពអឺរ៉ុប និងរុស្ស៉ី នោះគឺការពឹងផ្អែកគ្នាទៅវិញទៅមកខាងសេដ្ឋកិច្ច និងថាមពល។

ប៉ុន្តែ បច្ចុប្បន្ន តាមរយៈសង្រ្គាមនៅអ៊ុយក្រែន សហភាពអឺរ៉ុបបានមើលឃើញថារុស្ស៉ីជាការគំរាមកំហែងដ៏ធំមួយដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់អឺរ៉ុប ខណៈទំនាក់ទំនងលើគ្រប់វិស័យកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យឡើងវិញ។ នៅក្រោមកញ្ចប់ទណ្ឌកម្មចំនួន៨ អនុម័តឡើងដោយសហភាពអឺរ៉ុប បណ្ដារដ្ឋជាសមាជិកទាំងអស់កំពុងផ្ដាច់ទំនាក់ទំនងសេដ្ឋកិច្ចជាលក្ខណៈប្រព័ន្ធជាមួយរុស្ស៉ី ហើយការដាក់ចេញគោលនយោបាយបញ្ឈប់ទិញ ឬនំាចូលប្រេង និងឧស្ម័ន ជាដំណាក់កាលៗបានបិទបញ្ចប់ការប្រាស្រ័យទាក់ទងគ្នា និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកនៅក្នុងវិស័យថាមពល ដែលនេះនឹងធ្វើឱ្យសេដ្ឋកិច្ចរុស្ស៉ី ស្ថិតនៅក្រោមសម្ពាធ ព្រមទាំងនឹងជំរុញឱ្យរុស្ស៉ីបោះដៃកាន់តែខ្លាំងទៅរកចិន និងតំបន់អាស៊ី។ ដូច្នេះហើយ ថាតើទំនាក់ទំនងសហភាពអឺរ៉ុប និងរុស្ស៉ីនឹងទៅជា យ៉ាងនៅក្រោយសង្រ្គាមអ៊ុយក្រែន?

បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប បានបង្ហាញសាមគ្គីភាពនឹងគ្នាមិនធ្លាប់មាន នៅក្នុងគោលនយោបាយដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី ដោយធ្វើឱ្យទំនាក់ទំនងទ្វេភាគី ធ្លាក់ចុះគួរឱ្យកត់សម្គាល់។ តួយ៉ាង ដោយសារតែទណ្ឌកម្ម អាល្លឺម៉ង់ដែលជាដៃគូពាណិជ្ជកម្មសំខាន់ជាងគេបំផុតរបស់រុស្ស៉ីនៅក្នុងសហភាពអឺរ៉ុប បានកាត់បន្ថយការនាំចេញទៅកាន់រុស្ស៉ីជាង៣៤ភាគរយ នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ នៅក្នុងបរិបទដែលសង្រ្គាមអ៊ុយក្រែនបានបង្ហាញថាសហភាពអឺរ៉ុប ត្រូវយុទ្ធសាស្ត្ររយៈពេលខ្លី និងរយៈពេលវែង ដើម្បីដោះស្រាយជាមួយរុស្ស៉ី។

សហភាពអឺរ៉ុប ត្រូវតែរក្សាឱ្យបាននូវសាមគ្គីភាពដែលត្រូវបានពង្រឹងដោយសង្រ្គាមអ៊ុយក្រែន ដើម្បីដោះស្រាយបញ្ហាប្រឈមធំចំនួន៣ ពាក់ព័ន្ធនឹងរុស្ស៉ី។ ទីមួយ៖ នោះគឺសហភាពអឺរ៉ុបត្រូវតែបង្កើតគោលនយោបាយការបរទេស និងសន្តិសុខមួយចំពោះរុស្ស៉ី ដោយឈរលើមូលដ្ឋានដែលចាត់ទុកថាសហភាពអឺរ៉ុបគឺជាតួអង្គ ភូមិសាស្ត្រនយោបាយមួយ រីឯរុស្ស៉ីជាការគំរាមកំហែងដ៏ធំដល់សន្តិសុខអឺរ៉ុប។ ទីពីរ៖ សហភាពអឺរ៉ុបត្រូវតែបង្កើតគោលនយោបាយសកម្មបន្ថែមទៀត ក្នុងការធ្វើ សមាហរណកម្មបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបខាងកើត។ ទីបី៖ បង្កើតគោលនយោបាយចំពោះរុស្ស៉ីថ្មីមួយដែលប្រកាន់ជំហរម៉ឺងម៉ាត់ចំពោះរបបប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ខណៈរក្សាទស្សនៈយល់ឃើញថារុស្ស៉ីនៅក្រោយរបបរបស់លោក ពូទីន គឺជាផ្នែកមួយរបស់អឺរ៉ុប។

បើតាមក្រុមអ្នកជំនាញលោកខាងលិច ទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងរុស្ស៉ីប្រហែលជាមិនអាចស្ដារឡើងវិញបានឡើយ នៅក្រោមរបបដឹកនាំរបស់លោក ពូទីន​ ពោលគឺទាល់តែរុស្ស៉ីមានរបបដឹកនាំថ្មី និងមានការផ្លាស់ប្ដូរគោលនយោបាយសព្វថ្ងៃចំពោះសហភាពអឺរ៉ុប។ ប៉ុន្តែ រឿងបែបនេះក៏នឹងមិនងាយនឹងកើតឡើងនោះដែរ ហើយអ្វីដែលសហភាពអឺរ៉ុប ត្រូវធ្វើមុនគេឥលូវនេះ នោះគឺធ្វើយ៉ាងកុំឱ្យរុស្ស៉ីឈ្នះនៅក្នុងសង្រ្គាមអ៊ុយក្រែន និងប្រែក្លាយខ្លួនឯងឱ្យទៅជា «មហាអំណាចសកលមួយ»។ ប្រសិនបើសហភាពអឺរ៉ុបចង់ក្លាយជាមហាអំណាចសកលមួយ នោះគោលនយោបាយរបស់ពួកគេចំពោះមហាអំណាចដូចជាចិន និងរុស្ស៉ី ត្រូវតែបង្ហាញមហិច្ឆតាកាន់តែធំ។ លើសពីនេះទៅទៀត សហភាពអឺរ៉ុបត្រូវការចក្ខុវិស័យរយៈពេលវែង និងយុទ្ធសាស្ត្រមួយសម្រាប់ត្រៀមបង្ការ ក្នុង ករណីមានការផ្លាស់ប្ដូររបបដឹកនាំនៅរុស្ស៉ី។

ជាការពិតណាស់ ប្រទេសមួយចំនួនជាសមាជិកសហភាពអឺរ៉ុបដែលមានទំនាក់ទំនងប្រវត្តិសាស្ត្រ និងសង្គមជាមួយរុស្ស៉ីតែងតែមានឥទ្ធិពលលើទំនាក់ទំនងរវាង សហភាពអឺរ៉ុប និងរុស្ស៉ី។ ក្នុងពេលជាមួយគ្នា ការកាត់ផ្ដាច់ទំនាក់ទំនងថាមពល និងសេដ្ឋកិច្ចពីរុស្ស៉ី នឹងកាន់តែធ្វើងាយស្រួលដល់ការបង្កើតគោលនយោបាយរួម ចំពោះទីក្រុងមូស្គូ ព្រមទាំងធ្វើនឹងធ្វើឱ្យសមាសភាគសេដ្ឋកិច្ចនៅក្នុងយុទ្ធសាស្ត្រនៃរដ្ឋជាសមាជិកមួយចំនួនធំនឹងធ្លាក់ចុះ។ តែទោះជាយ៉ាងណាក៏ដោយ របៀបដោះស្រាយបញ្ហាផ្សេងៗគ្នាជាមួយរុស្ស៉ី នឹងនៅតែមានដដែល ហើយវាពិតជាមានសារៈសំខាន់សម្រាប់សហភាពអឺរ៉ុបដើម្បីធ្វើកិច្ចសម្របសម្រួលលើ គោលនយោបាយរបស់ខ្លួនចំពោះរុស្ស៉ី ជាមួយសហរដ្ឋអាមេរិក ខណៈរក្សាឱ្យបាននូវអត្តសញ្ញាណអឺរ៉ុប ក្នុងការដោះស្រាយជាមួយទីក្រុងមូស្គូ និងធ្វើការជាមួយ បណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបខាងកើត ហើយការរក្សាបាននូវគោលនយោបាយរួមរបស់អឺរ៉ុបពាក់ព័ន្ធនឹងរុស្ស៉ី នឹងកាន់តែធ្វើឱ្យប្រទេសជាសមាជិក និងសង្គមរបស់ ពួកគេនឹងកាន់តែមានភាពអត់ធន់ប្រឆាំងនឹងឥទ្ធិពលរុស្ស៉ី៕ Fresh News

ចែករំលែក

បញ្ចេញយោបល់