វិភាគអន្តរជាតិ៖ ខ្លា២ប្រយុទ្ធគ្នា ស្វាអង្គុយចាំទទួលផល

ថ្ងៃព្រហស្បតិ៍ ទី ២៤ វិច្ឆិកា ២០២២​
9

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃទី១៦ ខែវិចិ្ឆកានេះបានទទួលស្គាល់ថាឱកាសដែលអ៊ុយក្រែនអាចយកជ័យជម្នះ តាមផ្លូវយោធាលើកងទ័ពរុស្ស៉ី គឺមានមិនច្រើននោះទេ។
ការលើកឡើងបែបនេះគឺចេញពីមាត់ផ្ទាល់របស់នាយកសេនាធិការចម្រុះកងទ័ពអាមេរិក លោក​ Mark Milley ដែលសង្កត់ធ្ងន់បា្រប់អ្នកសារព័ត៌មានដូច្នេះថា «ជ័យជម្នះខាងយោធារបស់អ៊ុយក្រែន ត្រូវបានកំណត់និយមន័យថាបណ្ដេញកងទ័ពរុស្ស៉ីឱ្យ ចេញពីទឹកដីអ៊ុយក្រែន…ឱកាសដែលរឿងបែបនេះអាចនឹងកើតឡើងក្នុងពេលឆាប់ៗ មានមិនច្រើននោះទេ»

សង្រ្គាមអ៊ុយក្រែន បានឈានចូលដល់ខែទី៩ហើយ ដោយអ៊ុយក្រែននៅតែបន្តភាពរីកចម្រើនទៅមុខជាមួយការវាយដណ្ដើមបានទឹកដីពីរុស្ស៉ីមកវិញជាបន្តបន្ទាប់។ ក៏ប៉ុន្តែ ព្រមពេលជាមួយគ្នា រុស្ស៉ីក៏មិនបានបង្អង់ដៃនោះដែរនិងបានបង្កើនការវាយប្រហារតាមផ្លូវអាកាសបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ថាមពលសំខាន់ៗរបស់អ៊ុយក្រែនបណ្ដាលឱ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់កំពុងគ្មានអគ្គិសនីប្រើប្រាស់ខ្វះខាតកម្ដៅគ្រប់គ្រាន់ និងទឹកប្រើប្រាស់ខណៈសីតុណ្ហភាពចាប់ផ្ដើមធ្លាក់ចុះត្រជាក់ជាបណ្ដើរៗ។

យុទ្ធនាការបំផ្លិចបំផ្លាញនេះមានគោលដៅបង្ខំឱ្យរដ្ឋាភិបាលលោក ហ្សេលេនស្គី ចុះចាញ់ និង ទទួលយក​បទ​ឈប់បាញ់​រយៈពេលខ្លីមួយ ដើម្បីទុកឱកាសឱ្យ កងទ័ពរុស្ស៉ីពង្រឹងការកាន់កាប់ទឹកដីដែលដណ្ដើមបានពីអ៊ុយក្រែន។
បើតាមក្រុមអ្នកជំនាញ ក្រោយទទួលបានជ័យជម្នះជាហូរហែរ អ៊ុយក្រែនកាន់តែមាន ជំនឿចិត្ត និងមហិច្ឆតារឹតតែធំ រីឯសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបនៅតែបន្តផ្ដល់ជំនួយអាវុធឱ្យទីក្រុងកៀវ ដែលនេះមានន័យថាសង្រ្គាមអ៊ុយក្រែន នឹងមិនបញ្ចប់នៅត្រឹមខែរងានេះទេ ដោយអាចនឹងឆ្លងចូលដល់ឆ្នាំ២០២៣។

បើសង្រ្គាមនៅតែអូសបន្លាយ អ្នកដែលឈ្នះប្រហែលជាមិនមែនអាមេរិក ឬក៏រុស្ស៉ីឡើយ តែគឺចិនទៅវិញ។ សុភាសិតចិនមួយបាននិយាយថា «នៅពេល សត្វខ្លាពីរក្បាលប្រយុទ្ធគ្នាយ៉ាងសាហាវនៅក្នុងជ្រលងភ្នំ
សត្វស្វាដ៏ឈ្លាសវៃមួយក្បាល កំពុងអង្គុយនៅលើកំពូលភ្នំ ហើយសម្លឹងចុះមកក្រោម និងចាំមើល ថាតើទីបញ្ចប់នឹងទៅជាយ៉ាងណា?»
។ នៅក្នុងន័យប្រៀបធៀបនេះ គេអាចយល់បានថាសត្វខ្លាទាំង ២ក្បាលនេះគឺជារុស្ស៉ី និងសហរដ្ឋអាមេរិក រីឯចិនជា សត្វស្វាដែលកំពុងរង់ចាំមើលឱកាស ខណៈទាំងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៉ីនតោន កំពុងរងរបួសរៀងៗខ្លួន តាមរយៈការធ្វើសង្រ្គាមប្រូកស៊ីនៅអ៊ុយក្រែន។ ក្នុងន័យភូមិសាស្ត្រនយោបាយ ទាំងសហរដ្ឋអាមេរិក និងរុស្ស៉ីសុទ្ធតែជាគូប្រជែងរបស់ចិន។

បើតាមទីភ្នាក់ងារសេវាស្រាវជា្រវនៃសភាអាមេរិក (Congressional Research Service) រាប់ចាប់តាំងពីឆ្នាំ២០១៤មក ពោលគឺនៅក្រោយរុស្ស៉ីក្រសោបយក តំបន់គ្រីមៀពីអ៊ុយក្រែន រហូតមកដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធាច្រើនជាង ២០.៣ពាន់លានដុល្លារ ដើម្បីជួយ អ៊ុយក្រែនការពារបូរណភាពទឹកដី ព្រំដែន និងលើកកម្ពស់អន្តរប្រតិបត្តិការជាមួយណាតូ (NATO)។ យ៉ាងណាក៏ដោយ
ខណៈកំពុងជួយអ៊ុយក្រែន សហរដ្ឋអាមេរិកខ្លួនឯងក៏កំពុងប្រឈមមុខនឹងបញ្ហាផងដែរ នោះគឺការថយចុះអាវុធយ៉ាងឆាប់រហ័សនៅក្នុងស្ដុករបស់ខ្លួនដល់កម្រិតមួយដែលអាចនឹងធ្វើឱ្យ ប៉ះពាល់ដល់ការត្រៀមលក្ខណៈប្រយុទ្ធ។ មន្ត្រីការពារជាតិអាមេរិក បានប្រាប់កាសែត Wall Street Journal ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីពេលថ្មីៗ នេះថាចំនួនគ្រាប់កំាភ្លើងធំ១៥៥មីលីម៉ែត្រ (155mm) នៅក្នុងឃ្លាំងស្ដុកអាវុធយោធាអាមេរិកបានធ្លាក់ចុះដល់កម្រិតទាបមួយ មិនគ្រប់គ្រាន់សម្រាប់ការធ្វើ សង្រ្គាមនោះទេ។ Wall Street Journal ក៏បានឱ្យដឹងដែរថាដើម្បីបន្តផ្ដល់ជំនួយដល់អ៊ុយក្រែន សហរដ្ឋអាមេរិកបានបញ្ជាទិញគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ ជាង ១០០,០០០គ្រាប់ ពីកូរ៉េខាងត្បូង។

គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក សហរដ្ឋអាមេរិក បានបញ្ជូនអាវុធទំនើបៗរបស់ខ្លួនជាច្រើនឱ្យអ៊ុយក្រែន ដោយគិតត្រឹមថ្ងៃទី១៤ ខែតុលាកន្លងទៅ អាមេរិកបញ្ជូនប្រព័ន្ធមីស៊ីល HIMARS ចំនួន២០គ្រឿង រួមទាំងគ្រាប់រំសេវយ៉ាងច្រើនសន្ធឹកសន្ធាប់ គួរផ្សំនឹងប្រព័ន្ធមីស៊ីលពាក់លើស្មា ប្រឆាំងរថក្រោះ Javelin ប្រព័ន្ធមីស៊ីលពាក់លើស្មាប្រឆាំងយន្ដហោះ Stinger ប្រព័ន្ធរ៉ាដា និងបរិក្ខារយោធាជាច្រើនទៀត។​ ជាការពិតណាស់ បច្ចុប្បន្ន គ្មានទិន្នន័យជាក់លាក់ណាមួយបង្ហាញពីការថយចុះអាវុធនៅក្នុងស្ដុករបស់សហរដ្ឋអាមេរិកដោយសារតែសង្រ្គាមអ៊ុយក្រែនទេ ប៉ុន្តែមន្ទីរបញ្ចកោណធ្លាប់បាន ទទួលស្គាល់ថាឧស្សាកម្មផលិតអាវុធអាមេរិកកំពុងជួបបញ្ហា ដោយមិនអាចបំពេញស្ដុកអាវុធអាមេរិកឡើងវិញក្នុងរយៈពេលដ៏ខ្លីបានឡើយ។

ដោយឡែក ខាងរុស្ស៉ីវិញក៏កំពុងរងរបួសធ្ងន់ជាងសហរដ្ឋអាមេរិកទៅទៀត ទាំងការថយចុះចំនួនអាវុធនៅក្នុងឃ្លាំង និងចំនួនកងទ័ព។ យោធាអាមេរិក បានវាយតម្លៃថាកងទ័ពរុស្ស៉ីជាង ១០០,០០០នាក់បានស្លាប់ និងរងបួស។
មិនតែប៉ុណ្ណោះ ដោយបាញ់មីស៊ីលអស់ជាង ៤,០០០គ្រាប់ក្នុងវាយប្រហារលើ អ៊ុយក្រែន រុស្ស៉ីត្រូវបានគេរាយការណ៍ថាបាននិងកំពុងទិញយន្ដហោះដ្រូនពីអ៉ីរ៉ង់ និងគ្រាប់កំាភ្លើងធំពីកូរ៉េខាងជើង ស្របពេលដែលឧស្សាហកម្មផលិតអាវុធ របស់ខ្លួនកំពុងជួយបញ្ហាស្មុគស្មាញ ដោយសារតែទណ្ឌកម្ម ដ្បិតរុស្ស៉ីពឹងផ្អែកលើការនាំចូលបរិក្ខារទំនើប ដូចជា «សឺមីកង់ឌុចទ័រ» ជាដើមពីបរទេស។

«ផែនការមេ ឬយុទ្ធសាស្ត្ររយៈពេលវែង» របស់ប្រធានាធិបតី លោក ស៊ី ជិនពីង នោះគឺចង់ឱ្យចិនក្លាយជាមហាអំណាចគ្រប់គ្រងពិភពលោក នៅឆ្នាំ២០៤៩ជំនួសសហរដ្ឋអាមេរិកទាំងផ្នែកយោធា និងសេដ្ឋកិច្ច។ លោក ស៊ី កាលពីខែតុលាកន្លងទៅ ត្រូវបានជ្រើសរើសតាំងឱ្យបន្តកាន់តំណែងជាប្រធានាធិបតីចិន សម្រាប់អាណត្តិទី៣ ឬអាចអស់មួយជីវិត ហើយនៅពេលថ្លែងសុន្ទរកថាទៅកាន់សមាជបក្សកុម្មុយនិស្ដចិននៅពេលនោះ លោកបានបញ្ជាក់ឡើងវិញថាចិន មានបំណងបង្រួបប្រងួមជាតិជាមួយតៃវ៉ាន់ដោយសន្តិវិធី តែនឹងការប្រើកម្លាំងយោធានៅក្នុងករណីចាំបាច់។ ជាងនេះទៅទៀត នៅកំលុងបំពេញទស្សនកិច្ចចុះ សួរសុខទុក្ខកងទ័ពចិនកាលពីពេលថ្មីៗនេះ លោក ស៊ី ជិនពីង ថែមទាំងបានបញ្ជាឱ្យកងទ័ពចិនត្រៀមខ្លួនសម្រាប់សង្រ្គាមទៀតផង។ «យោធាទាំងមូលត្រូវតែ …ប្រមូលផ្ដុំថាមពលទាំងអស់សម្រាប់ការប្រយុទ្ធនៅក្នុងសង្រ្គាមមួយ, ដឹកនាំរាល់កិច្ចការទាំងអស់សម្រាប់សង្រ្គាម និងបង្កើនល្បឿនកសាងសមត្ថភាព ដើម្បីឈ្នះ»។ នេះជាការគូសបញ្ជាក់របស់លោក ស៊ី ជិនពីង។

ម្លោះហើយខណៈសង្រ្គាមអ៊ុយក្រែននៅតែបន្តលេបត្របាក់អាវុធនៅក្នុងឃ្លាំងរបស់សហរដ្ឋអាមេរិក និងរុស្ស៉ី លោក ស៊ី ជិនពីង ប្រាកដជាមានអារម្មណ៍កាន់តែ ល្អក្នុងការរៀបចំផែនការរបស់លោក ឬអាចនិយាយបានថា «ពេលវេលាដែលសត្វស្វា ត្រូវចុះពីលើកំពូលភ្នំដោយសុវត្ថិភាព ចូលទៅកាន់ជ្រលងភ្នំ កំពុងចូលមកដល់»

Fresh News

ចែករំលែក

បញ្ចេញយោបល់