សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាម៉ារ៉ុក

ថ្ងៃព្រហស្បតិ៍ ទី ២៤ វិច្ឆិកា ២០២២​
8

នៅវិមានសន្តិភាព នារសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Rachid Talbi El Alami ប្រធានរដ្ឋសភាម៉ារ៉ុក នៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរសភា (IPA)នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម Rachid បានសម្ដែងនូវការគោរពវាយតម្លៃខ្ពស់ ជាមួយការអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអភិវឌ្ឍន៍កម្ពុជាឱ្យមានហេដ្ឋារចនាសម្ព័ន្ធល្អ ទីក្រុងស្រស់បំព្រង និងបានធ្វើការទទួលបានជោគជ័យយ៉ាងច្រើនសម្រាប់តំបន់ ។

ឯកឧត្តម Rachid ក៏បានសម្ដែងសេចក្ដីរីករាយ ដែលបានចូលរួមក្នុងកិច្ចប្រជុំអាយប៉ា ក្នុងឋានៈជាអ្នកសង្កេតការណ៍  ហើយបានបង្ហាញនូវបំណងចង់ពង្រីក ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងទាំងជាមួយតំបន់ផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងបានមានប្រសាសន៍ថា ជាជំហានបន្ត ម៉ារ៉ុក អាចប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីក្លាយខ្លួនទៅជាដៃគូសន្ទនាតាមវិស័យជាមួយអាស៊ាន។ ដោយឡែកជាមួយកម្ពុជាយើងអាចជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលជាមូលដ្ឋាននាំទៅដល់ដំណើការទំនាក់ទំនងល្អ ទាំងវិស័យនយោបាយ និងវិស័យដទៃទៀត ។

ពាក់ព័ន្ធទៅនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា យើងអាចពិនិត្យមើលការរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីសម្រួលដល់វិនិយោគិនឱ្យមកធ្វើការវិនិយោគទៅវិញទៅមករវាងប្រទេសទាំង២ ផងដែរ នាពេលខាងមុខ៕

ចែករំលែក

បញ្ចេញយោបល់