វិភាគអន្តរជាតិ៖ ហេតុអ្វីលោក គីម ជុងអ៊ុន បង្ហាញមុខកូនស្រី នៅកន្លែងធ្វើតេស្ដមីស៊ីល ICBM?

ថ្ងៃចន្ទ ទី ២១ វិច្ឆិកា ២០២២​
10

 

(តូក្យូ)៖ ឪពុកទូទៅ នាំកូនទៅមើលគេបាញ់កាំជ្រួច តែឪពុកដូចជាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បែរជាដឹកដៃកូនរបស់ខ្លួនទៅមើលការបាញ់ សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ទៅវិញ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានចេញផ្សាយរូបថតជាច្រើនសន្លឹក របស់លោក គីម ជុងអ៊ុន និងកូនស្រីម្នាក់របស់លោក អមជាមួយការប្រកាសពីជោគជ័យនៃការធ្វើតេស្ដមីស៊ីល ICBM អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដ៏មាន ឥទ្ធិពលបំផុត ដោយកូរ៉េខាងជើងមកទល់នឹងបច្ចុប្បន្ន។

ក្មេងស្រីម្នាក់ ដែលលេចមុខនៅលើក្របទំព័រមុខនៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង មានឈ្មោះថា ជូ អេ (Ju Ae) ជាកូនស្រីម្នាក់របស់លោក គីម ជុងអ៊ុន និងដែលត្រូវបានអតីតតារាបាល់បោះអាមេរិក លោក ដែននីស រ៉ូដមែន (Dennis Rodman) អះអាងថាលោក គីម មានកូន កំឡុងបំពេញទស្សនកិច្ចនៅ កូរ៉េខាងជើងកាលពីឆ្នាំ២០១៣។ ប៉ុន្តែ ចុះបើដូច្នេះមែន ថាតើហេតុអ្វីបានជាលោក គីម ជុងអ៊ុន ទើបតែបង្ហាញមុខកូនស្រី នៅពេលនេះ?

បើតាមក្រុមអ្នកជំនាញ ចេតនាអ្វីក៏ដោយរបស់លោក គីម ជុងអ៊ុន ចំពោះព្រឹត្តិការណ៍ភ្ញាក់ផ្អើល វាតែងតែបង្កភាពភ្ញាក់ផ្អើលដល់ក្រុមអ្នកតាមដានសា្ថនការណ៍ កូរ៉េខាងជើង ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាប្រទេសដ៏អាថ៌កំបាំង និងដែលក្រុមមន្ត្រីចារកម្មលោកខាងលិចពិបាកប្រមូលព័ត៌មានជាក់លាក់។ លោកស្រី ស៊ូ គីម (Soo Kim) ជាអ្នកវិភាគស្ថានការណ៍តំបន់ឧបទ្វីបកូរ៉េម្នាក់មកពីវិទ្យាស្ថាន Rand Corp មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ការបង្ហាញមុខកូនស្រី ហាក់ដូចជាធ្វើឱ្យគេគ្រប់គ្នាភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងលើកូនស្រីរបស់លោក គីម ជាជាងការធ្វើតេស្ដមីស៊ីល ​ICBM។

* កូនស្រីសំណព្វរបស់លោក គីម ជុងអ៊ុន
សេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង គឺផ្តោតជាសំខាន់លើដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ដើម្បីត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ នូវការធ្វើតេស្ដអាវុធយុទ្ធសាស្ត្រដ៏សំខាន់ជាប្រវត្តិសាស្ត្រ។ ជាមួយការចាត់ទុកការធ្វើតេស្ដមីស៊ីល ICBM ជាព្រឹត្តិការណ៍ដ៏មហាអស្ចារ្យ នៅក្នុងការអភិវឌ្ឍ អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ក៏បានឆ្លៀតរំលេចផងដែរពីឈ្មោះក្មេងស្រីម្នាក់ ជាមួយការកត់សម្គាល់ថាលោក គីម បានចូលរួមទស្សនាការធ្វើតេស្ដជាមួយ «កូនស្រីសំណព្វ និងភរិយា»។ រូបថតមួយសន្លឹក បានបង្ហាញពីក្មេងស្រីម្នាក់ស្លៀកពាក់អាវរងាពណ៌ស ខោពណ៌ខ្មៅ និងស្បែកជើងពណ៌ក្រហម ហើយកាន់ដៃឪពុក គឺលោក គីម ដោយមានមីស៊ីល ICBM វ៉ាសុង១៧ (Hwasong-17) ដែលត្រូវបានគេជឿជាក់សឹងតែអាចបាញ់ ដល់គ្រប់ទីកន្លែងនៅលើពិភពលោកស្ថិតនៅពីខាងក្រោយ។

បើទោះជាការបង្ហាញនេះត្រូវបានកំណត់នៅត្រឹមតែការនិយាយពីកូនស្រីសំណព្វរបស់លោកក៏ពិតមែន ប៉ុន្តែដោយសារតែមានការអនុញ្ញាតដោយផ្ទាល់ពីលោក គីម ដូច្នេះការបង្ហាញមុខកូនស្រីនៅពេលនេះ វាអាចជាការផ្ញើសារដ៏សំខាន់ទៅកាន់ពិភពលោកខាងក្រៅ។ ក្រុមអ្នកជំនាញ បាននិយាយថាកូរ៉េខាងជើង គឺជា ប្រទេសមួយដែលមានការប្រុងប្រយ័ត្នជាទីបំផុត ក្នុងការបញ្ជូនសារជាសាធារណៈរបស់ខ្លួន នោះគឺថាតើព័ត៌មានអ្វីដែលត្រូវបញ្ចេញ និងថាតើត្រូវរៀបចំព័ត៌មាន នៅកម្រិតណា បញ្ជូនទៅកាន់នរណា និងនៅពេលណា។ ម្លោះហើយតាមរយៈការតាមដានគំរូ និងការយល់ដឹងពីការផ្លាស់ប្ដូរនៅក្នុងនិន្នាការនៃប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងជើង អាចឱ្យគេដឹងខ្លះៗពីអ្វីដែលមេដឹកនាំកូរ៉េខាងជើងកំពុងគិត និងចេតនានៅអនាគត។

ជាឧទាហរណ៍ លោកស្រី រី សូល ជូ (Ri Sol Ju, ភរិយាលោក គីម ជុងអ៊ុន) បានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍មួយកាលពីឆ្នាំ២០១១ ប៉ុន្តែ មិនត្រូវបានគេស្គាល់ថាជានរណាឱ្យពិតប្រាកដឡើយ រហូតដល់បន្ទាប់មកទៀត ទើបគេដឹងថាលោកស្រីជាភរិយាលោក គីម។ ការបង្ហាញខ្លួនរបស់លោកស្រី ត្រូវបានគេមើលឃើញថាជាចេតនាចង់ឱ្យពិភពលោកមើលមកកូរ៉េខាងជើង ក្នុង «ផ្លូវវិជ្ជមាន» និងបង្ហាញពីភាពទន់ភ្លន់នៃរបបដឹកនាំរបស់លោក គីម ទាំងនៅក្នុង ស្រុក និងក្រៅប្រទេស។ លោកស្រី រី សូលជូ តែងតែអមដំណើរស្វាមីជានិច្ច នៅក្នុងដំណើរទស្សនកិច្ចចូលរួមព្រឹត្តិការណ៍ជាច្រើន នាពេលកន្លងមក ក្នុងនោះរួមមាន ទាំងការធ្វើតេស្ដមីស៊ីល។ មិនមានព័ត៌មានផ្លូវការណាមួយអះអាងថាអ្នកទាំងពីមានកូននោះទេ រហូតមកទល់នឹងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ទើបលោក គីម បង្ហាញមុខកូនស្រីរបស់ខ្លួន។ បើតាមចារកម្មកូរ៉េខាងត្បូង លោក គីម ជុងអ៊ុន ត្រូវបានគេជឿថាមានកូន៣នាក់ ក្នុងនោះមានកូនប្រុសម្នាក់ដែលកើតឆ្នាំ២០១០ និងកូនស្រីម្នាក់ផ្សេងទៀតកើត ក្នុងឆ្នាំ២០១៧។

* បង្ហាញរូបភាពទន់ភ្លន់?
របបដឹកនាំលោក គីម ជុងអ៊ុន នៅក្នុងឆ្នាំ២០២២នេះ បានបាញ់តេស្ដមីស៊ីលជាបន្តបន្ទាប់ ក្នុងនោះមានទាំងមីស៊ីលមួយគ្រាប់ដែលហោះរំលងប្រទេសជប៉ុន និងការធ្វើ តេស្ដមីស៊ីល ICBM ដែលត្រូវបានគេជឿថាសឹងតែអាចបាញ់ដល់គ្រប់ទីកន្លែងនៅលើពិភពលោកកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ សម្រាប់របបដឹកនាំដោយគ្រួសារ ត្រកូល គីម យោធាត្រូវតែដើរមុនអ្វីៗទាំងអស់ ដូច្នេះការធ្វើតេស្ដ និងអភិវឌ្ឍអាវុធមិនមែនជារឿងចម្លែកនោះទេ។ ប៉ុន្តែ រឿងដែលចម្លែក នោះគឺហេតុអ្វីលោក គីម ទើបតែបង្ហាញមុខកូនស្រីនៅពេលនេះ ហើយនៅកន្លែងធ្វើតេស្ដមីស៊ីលទៅទៀត?

លោក ចន​ ដេលូរី (John Delury) ជាអ្នកតាមដានស្ថានការណ៍កូរ៉េខាងជើង និងជាសាស្រ្តាចារ្យម្នាក់មកពីសាកលវិទ្យាល័យ Yonsei University ក្នុងប្រទេស កូរ៉េខាងត្បូង បានលើកឡើងថាការបង្ហាញមុខកូនស្រី គឺដូចគ្នាទៅនឹងការបង្ហាញមុខភរិយាលើកដំបូងដែរ នោះគឺលោក គីម មានចេតនាចង់ឱ្យគេគ្រប់គ្នាបានឃើញ ពី «រូបភាពទន់ភ្លន់» របស់លោក។ ពោលគឺលោក គីម ចង់បង្ហាញឱ្យពិភពលោកដឹងថាលោកមិនមែនជា «មនុស្សល្មោភសង្រ្គាម ឬក៏ជាបុរសគ្រាប់រ៉ុក្កែត ដូចដែល អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដាក់ឈ្មោះឱ្យនោះទេ» ព្រមទាំងចង់បង្ហាញថារូបលោកគឺជា «ឪពុកល្អម្នាក់ និងជាមនុស្សម្នាក់កំពុងការពារ ក្រុមគ្រួសារ ដូចជារូបលោកកំពុងការពារប្រទេសជាតិ»។

ប៉ុន្តែ ក៏មានអ្នកជំនាញខ្លះទៀតយល់ផ្សេងពីនេះដែរ នោះគឺការបង្ហាញមុខកូនស្រីម្នាក់ ក្នុងចំណោមកូនរបស់លោក អាចជាសញ្ញាមួយនៃដំណើរការជ្រើសរើស អ្នកស្នងតំណែងពីលោក គីម ជុងអ៊ុន។ ពាក្យចចាមអារ៉ាមពីបញ្ហាសុខភាពរបស់លោក គីម ជុងអ៊ុន ធ្លាប់សារព័ត៌មានអន្តរជាតិធំៗចុះផ្សាយយ៉ាងព្រោងព្រាត កាលពី ប៉ុន្មានឆ្នាំមុន បន្ទាប់ពីលោក គីម បាត់មុខពីព្រឹត្តិការណ៍បុណ្យជាតិសំខាន់ៗជាច្រើន។ ជាក់ស្ដែង កាលពីឆ្នាំ២០១៨ លោក គីម បានបាត់មុខរហូតដល់ទៅ៣សប្ដាហ៍ ដែលធ្វើឱ្យមានការសន្និដ្ឋាន និងពាក្យចចាមអារ៉ាមថាលោកមានបញ្ហាធាត់លើសទម្ងន់ រីឯមានខ្លះទៀតថាលោក គីម ក្លាយជាមនុស្សរុក្ខជាតិ ហើយនៅពេលលោក បង្ហាញមុខជាឡើងវិញ មានការវិភាគជាច្រើនថាលោកបានឆ្លងកាត់ការវះកាត់។

បើតាមលោកស្រី ស៊ូ គីម ការដឹកនាំរបស់កូរ៉េខាងជើង ក៏ដូចជាបញ្ហាអ្នកស្នងតំណែងពីលោក គីម ជុងអ៊ុន ប្រៀបដូច «ប្រអប់ខ្មៅមួយ» ហើយមានមធ្យោបាយតិចតួច បំផុតដើម្បីបញ្ជាក់ពីការពិត លុះត្រាតែរឿងនោះចេញពីមាត់លោក គីមផ្ទាល់៕ Fresh News

ចែករំលែក

បញ្ចេញយោបល់