វិភាគអន្តរជាតិ៖ បើចិនវាយតៃវ៉ាន់ តើឥណ្ឌានឹងធ្វើបែបណា?

ថ្ងៃសុក្រ ទី ១៨ វិច្ឆិកា ២០២២​
9

 

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន ត្រូវបានគេមើលឃើញថានឹងក្លាយជាស្នូលដ៏សំខាន់នៃសម្ព័ន្ធភាពទាំងឡាយ ដើម្បីការពារកោះតៃវ៉ាន់ពីការវាយប្រហារ ណាមួយពីសំណាក់ចិន។ ប៉ុន្តែ តំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានទំហំធំធេងណាស់ ដោយជោគជ័យនៅក្នុងការការពារតៃវ៉ាន់ ក៏ចាំបាច់ត្រូវតែមានការគំាទ្រពីបណ្ដាប្រទេសមួយចំនួន ក្នុងតំបន់ដែរ។

តួយ៉ាង ការអនុញ្ញាតឱ្យប្រើប្រាស់មូលដ្ឋានទ័ពនៅក្នុងប្រទេសហ្វីលីពីន ឬកូរ៉េខាងត្បូង អាចឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ចេញអំណាចទ័ពអាកាសរបស់ខ្លួន ហើយការប្រើប្រាស់ បរិក្ខារភស្ដុភារនៅសិង្ហបុរី នឹងផ្ដល់ភាពងាយស្រួលដល់ការធ្វើប្រតិបត្តិការក្នុងតំបន់សមុទ្រចិនខាងត្បូង រីឯការប្រើដែនអាកាសនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា ឥណ្ឌូណេស៊ី អាចឱ្យក្រុមយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់អាមេរិកដែលឈរជើងនៅលើកោះ Diego Garcia ងាយស្រួលធ្វើប្រតិបត្តិការប្រយុទ្ធផងដែរ។

បណ្ដាប្រទេសដែលបានរៀបរាប់ខាងលើ សុទ្ធតែមានការព្រួយបារម្ភចំពោះការកើនឡើងឥទ្ធិពលរបស់ចិន តែព្រមពេលជាមួយគ្នា ពួកគេនៅតែប្រុងប្រយ័ត្ននិងមិនចង់ជាប់ផុង នៅក្នុងជម្លោះរវាងសហរដ្ឋអាមេរិក និងចិន ឬមានជម្លោះដោយផ្ទាល់ជាមួយចិន នោះទេ។ និយាយដល់ភាពស្ទាក់ស្ទើរនេះ គេក៏មិនអាចភ្លេចបានដែរនូវប្រទេសមួយទៀតដែល មានសារៈសំខាន់បំផុតចំពោះយុទ្ធសាស្ត្រអាមេរិក នោះគឺ «ឥណ្ឌា» ដែលពិបាកនឹងវាស់ស្ទង់ចំពោះគោលជំហរនៅក្នុងសំណុំរឿងតៃវ៉ាន់។ ជាការពិតណាស់ តួនាទីស្នូលរបស់ ឥណ្ឌានៅក្នុងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន ត្រូវបានគេមើលឃើញយ៉ាងច្បាស់។ ឥណ្ឌាជាមហាអំណាចដ៏ធំមួយនៅក្នុងតំបន់អាស៊ីខាងត្បូង និងមហាសមុទ្រឥណ្ឌា ជាទីដែលចិនបាន និងកំពុងពង្រីកឥទ្ធិពល។

ឥណ្ឌា ធ្លាប់មានជម្លោះព្រំដែនជាមួយចិនជាច្រើនលើកនៅឯតំបន់ជួរភ្នំហិរមាល័យ ក្នុងនោះការប៉ះទង្គិតគ្នាដោយហិង្សាកាលពីខែមិថុនា ឆ្នាំ២០២០ បានផ្ដាច់ជីវិតកងទ័ពឥណ្ឌា យ៉ាងហោច ២០នាក់ ហើយចាប់តាំងពីនោះមកដែរ ជំហរទន់ភ្លន់របស់ទីក្រុងញូវដេលី ចំពោះចិនបានថយចុះបន្តិចម្ដងៗ។ ក្នុងនាមជាប្រទេសប្រជាធិបតេយ្យដ៏ធំមួយ នៅលើ ពិភពលោក ឥណ្ឌាមិនអាចគេចផុតឡើយពីការដើរនាទីជាតួអង្គដ៏លេចធ្លោរនៅក្នុងការប្រកួតប្រជែងរវាងអាមេរិក និងចិន ដែលត្រូវបានលោកប្រធានាធិបតី ចូ បៃដិនហៅថាជា «ការប្រជែងរវាងប្រជាធិបតេយ្យ និងរបបផ្ដាច់ការ»។ មួយវិញទៀត ក្នុងនាមជាមេដឹកនាំក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ឥណ្ឌាក៏មានឥទ្ធិពលការទូតដ៏សម្បើមដែរ។

រដ្ឋបាលប្រធានាធិបតី លោក បៃដិន មានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះឥណ្ឌា នៅក្រោមហេតុផលមួយចំនួន នោះគឺទីក្រុងញូវដេលី បានសម្រេចចូលរួមបង្កើតក្រុមបទេសក្វាដ (Quad) ឡើងវិញជាមួយអូស្ត្រាលី ជប៉ុន និងសហរដ្ឋអាមេរិក ព្រមទាំងគាំទ្រដល់គំនិត «ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។ មិនតែប៉ុណ្ណោះ ឥណ្ឌាក៏បាន និងកំពុងប្រើការធ្វើ សមយុទ្ធជើងទឹក និងការលក់អាវុធឱ្យបណ្ដាប្រទេសមួយចំនួន ដូចជាឥណ្ឌូណេស៊ី ដើម្បីពង្រឹង និងការបង្កើនការចូលរួមរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលអាចនឹងបង្ក ភាពស្មុគស្មាញដល់ការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ហើយនេះជាអ្វីដែលអាមេរិកចង់បាន។ ពោលគឺ ដូចប្រមុខគោលនយោបាយអាស៊ីរបស់រដ្ឋបាល លោក បៃដិន គឺលោក Kurt Campbell បានលើកឡើងថា «ទំនាក់ទំនងមិត្តភាពជាមួយឥណ្ឌា ពិតមានសារៈសំខាន់បំផុតសម្រាប់សហរដ្ឋអាមេរិក នៅក្នុងស.វទី២១នេះ»។

ក៏ប៉ុន្តែ កុំអាលអរ។ ពីព្រោះថាពេលខ្លះ ឥណ្ឌាអាចក្លាយជាដៃគូពឹងពាក់បានផង និងពេលខ្លះទៀតគឺជាដៃគូដែលមិនអាចពឹងពាក់បានផង ហើយក៏មិនសូវជាចាប់អារម្មណ៍លើ សម្ព័ន្ធភាពផ្លូវការជាមួយទីក្រុងវ៉ាស៊ីនតោន នោះដែរ។ រដ្ឋាភិបាលឥណ្ឌាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បានធ្វើឱ្យបណ្ដាប្រទេសលោកខាងលិចមានការខក ចិត្តជាខ្លាំងជុំវិញការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសឥណ្ឌា ក៏ដូចជាការពឹងផ្អែកខ្លាំងពេកលើការនាំចូលអាវុធ និងប្រេងពីរុស្ស៉ី ជាហេតុផលមួយជំរុញឱ្យ ឥណ្ឌាសម្រេចចិត្តមិនចូលរួមជាមួយលោកខាងលិចក្នុងការថ្កោលទោស និងដាក់ទណ្ឌកម្មរុស្ស៉ី សម្រាប់ការឈ្លានពានអ៊ុយក្រែន។ ដូច្នេះថាតើឥណ្ឌា អាចនឹងធ្វើបែបណា ប្រសិនបើចិនវាយតៃវ៉ាន់? បើតាមក្រុមអ្នកជំនាញ បើទោះជាឥណ្ឌា មិនអាចបញ្ចេញអំណាចយោធាបានច្រើន នៅភាគខាងកើតច្រកសមុទ្រម៉ាឡាកា (Malacca) ក៏ដោយ ក៏ឥណ្ឌានៅតែមានលទ្ធភាពជួយអាមេរិកបានច្រើន ប្រសិនបើពួកគេចង់។

ក្រុមមន្ត្រីអាមេរិកតែងតែរំពឹងថាឥណ្ឌាអាចនឹងអនុញ្ញាតឱ្យកងទ័ពអាមេរិក ប្រើប្រាស់កោះអាន់ដាម៉ាន់ (Andaman) និងកោះនីកូបា (Nicobar) ស្ថិតនៅភាគខាងកើតនៃឆ្នេរ សមុទ្របែនហ្កាល់ (Bay of Bengal) ដើម្បីជួយសម្រួលដល់ការបិទខ្ទប់ការដឹកប្រេងឆ្លងកាត់របស់ចិន ហើយកងទ័ពជើងទឹកឥណ្ឌា អាចជួយរារាំងកុំឱ្យនាវាចម្បាំងចិនចូលក្នុង តំបន់មហាសមុទ្រឥណ្ឌា ខណៈកងទ័ពជើងគោកឥណ្ឌា អាចធ្វើឱ្យចិនបែកអារម្មណ៍ តាមរយៈការបង្កើនកម្ដៅក្នុងតំបន់ជួរភ្នំហិរម៉ាល័យ។ ឥណ្ឌាមានប្រយោជន៍ ក្នុងការការពារ តៃវ៉ាន់ ដ្បិតបើចិនយកបានតៃវ៉ាន់ នោះអំណាចចិន នៅក្នុងតំបន់នឹងរីកកាន់តែធំដែលនេះជារឿងមួយឥណ្ឌាមិនចង់ឃើញឡើយ។

តែទោះជាបែបនេះក្ដី គ្មានអ្វីមួយអាចធានាបានថាឥណ្ឌានឹងចូលរួមយ៉ាងពេញទំហឹងទាំងការទូត និងយោធាជាមួយក្រុមចម្រុះ ឬក៏សម្ព័ន្ធភាពណាមួយដើម្បីការពារតៃវ៉ាន់ ឡើយ។ ការអំពាវនាវដោយត្រឹមតែឈរលើស្មារតីតម្លៃ ប្រជាធិបតេយ្យ ឬក៏បទដ្ឋានមិនឈ្លានពាន នឹងមិនអាចបញ្ចុះបញ្ចូលឱ្យឥណ្ឌាចូលជួយតៃវ៉ាន់លើសពីអ្វីដែលឥណ្ឌា កំពុងត្រូវបានបញ្ចុះបញ្ចូលឱ្យជួយអ៊ុយក្រែននោះទេ។

ក្រុមអ្នកជំនាញយោធាអាមេរិក តែងតែស្រមៃថាប្រសិនជាមានជំនួយពីឥណ្ឌា នោះភាគរយឈ្នះលើចិនអាចនឹងមានច្រើន។ ពោលបើឥណ្ឌាយល់ព្រមបើកការវាយប្រយុទ្ធ ជាមួយចិន នៅក្នុងតំបន់ជួរភ្នំហិរមាល័យ ក្នុងពេលដែលសង្រ្គាមតៃវ៉ាន់ផ្ទុះឡើង នោះចិនអាចនឹងវិលក្បុលក្នុងការរៀបចំយុទ្ធសាស្ត្រសង្រ្គាម។ ប៉ុន្តែអ្វីដែលឥណ្ឌាអាចនឹងធ្វើនៅ ក្នុងជម្លោះ ឬវិបត្តិតៃវ៉ាន់ គឺ «បានត្រឹមតែស្ថិតនៅក្នុងការប៉ាន់ស្មានប៉ុណ្ណោះ»។ រដ្ឋាភិបាលលោក ម៉ូឌី រីករាយចំពោះការជួយពីសហរដ្ឋអាមេរិក ក្នុងការដោះស្រាយបញ្ហាជាមួយ ចិន តែនៅតែស្ទាក់ស្ទើរខ្លាំងក្នុងការប្រែក្លាយភាពរីករាយនេះរុញច្រានឱ្យឥណ្ឌាផុងខ្លួនក្នុងជម្លោះ ឬចលាចលាក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចនោះដែរ៕ Fresh News

ចែករំលែក

បញ្ចេញយោបល់