វិភាគអន្តរជាតិ៖ តើនឹងមានអ្វីកើតឡើង បើគ្រាប់បែកនុយក្លេអ៊ែរត្រូវបានប្រើ ក្នុងសង្រ្គាមអ៊ុយក្រែន?

ថ្ងៃព្រហស្បតិ៍ ទី ១៧ វិច្ឆិកា ២០២២​
13

(បែរឡាំង)៖ នៅពេលដែលគិតអំពីសង្រ្គាមនៅអ៊ុយក្រែន និងការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរ គេអាចនឹងនឹកឃើញពីសេណារីយ៉ូចំនួន២ នោះគឺឧទ្ទវហេតុនៅឯរោងចក្រ ថាមពលនុយក្លេអ៊ែរ និងមហន្តរាយនៃការប្រើប្រាស់គ្រាប់បែក ឬអាវុធនុយក្លេអ៊ែរ។ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ពិភពលោកធ្លាប់បានពើបប្រទះនឹងមហន្តរាយនុយក្លេអ៊ែរ ដូចជានៅឯរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា (Fukushima) ប្រទេសជប៉ុន កាលពីឆ្នាំ២០១១ និងនៅរោងចក្រថាមពលនុយក្លេអ៊ែរឈែរណូប៊ីល (Chernobyl) របស់ អ៊ុយក្រែនក្នុងឆ្នាំ១៩៨៦ ព្រមទាំងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដោយសហរដ្ឋអាមេរិក លើទីក្រុងហ៉ីរ៉ូស៊ីម៉ា (Hiroshima) និងទីក្រុងណាហ្កាសាគី (Nagasaki) នៃប្រទេស ជប៉ុនកាលឆ្នាំ១៩៤៥។

ខណៈសង្រ្គាមអ៊ុយក្រែននៅតែបន្តអូសបន្លាយ ក៏មានការព្រួយបារម្ភកាន់តែខ្លាំងដែរពីមហន្តរាយណាមួយ ដែលនឹងកើតឡើងនៅឯរោងចក្រថាមពលនុយក្លេអ៊ែរអ៊ុយក្រែន ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia)។ ក្រុមអ្នកជំនាញ បាន និងកំពុងសិក្សាពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងសម័យសង្រ្គាមលោកលើកទី២ ដើម្បីស្វែងយល់ថាតើ អាចនឹងមានរឿងអ្វីកើតឡើង ប្រសិនបើអាវុធនុយក្លេអ៊ែរត្រូវបានប្រើក្នុងពេលសព្វថ្ងៃ?

* ទំហំនៃមហន្តរាយ អាស្រ័យលើប្រភេទអាវុធនុយក្លេអ៊ែរ

ជាការពិតណាស់ ការប៉ាន់ស្មានពីមហន្តរាយនុយក្លេអ៊ែរ ពិតជាលំបាកខ្លាំងណាស់ ដ្បិតវាអាស្រ័យទៅលើប្រភេទ និងទីតាំងដែលអាវុធនុយក្លេអ៊ែរត្រូវបានប្រើ។ លោក ឌីលែន ស្បូលឌីង (Dylan Spaulding) ជាអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ម្នាក់នៃកម្មវិធីសន្តិសុខសកល (Global Security Program) មកពីវិទ្យាស្ថាន Union of Concerned Scientists (UCS) មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថាអាវុធនុយក្លេអ៊ែរដែលត្រូវបានបំផ្ទុះនៅលើអាកាស បង្កផលប៉ះពាល់ផ្សេងគ្នាពីអាវុធនុយក្លេអ៊ែរដែលត្រូវបានបំផ្ទុះ នៅលើដី ហើយភាពខុសនៃអាវុធនេះក៏អាចនឹងត្រូវបានបំផ្ទុះសម្រាប់ហេតុផលយុទ្ធសាស្ត្រផ្សេងគ្នាដែរ។

ការបំផ្ទុះអាវុធនុយក្លេអ៊ែរនៅលើអាកាស អាចនឹងសម្លាប់មនុស្សជាច្រើនក្នុងពេលភ្លាមៗ ដោយមិនសូវមានផលប៉ះពាល់រយៈពេលវែងនៃធាតុវិទ្យុសកម្មហ៊ុមព័ន្ធប្រជាជន និង បរិស្ថាននោះទេ។ ចំណែកឯ ការបំផ្ទុះអាវុធនុយក្លេអ៊ែរនៅលើផ្ទៃដីវិញ អាចសម្លាប់មនុស្សជាច្រើន និងបន្សល់ទុកផលប៉ះពាល់ដល់បរិស្ថាន មនុស្ស និងខ្សែចង្វាក់ផ្គត់ផ្គង់ ស្បៀងអាហាររាប់សិបឆ្នាំ។ ជាឧទាហរណ៍ គេអាចប្រៀបធៀបរវាងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរពីសំណាក់សហរដ្ឋអាមេរិក លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្កាសាគី នៅចុងបញ្ចប់សង្រ្គាមលោកលើកទី២ និងមហន្តរាយនុយក្លេអ៊ែរនៅឯរោងចក្រ Chernobyl ក្នុងប្រទេសអ៊ុយក្រែនកាលពីឆ្នាំ១៩៨៦។ ​ការទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់ អាមេរិកបានសម្លាប់ប្រជាជនជប៉ុនភ្លាមៗ ចន្លោះពី ៦០,០០០នាក់ ដល់ ៨០,០០០នាក់ ក្នុងទីក្រុងណាហ្កាសាគី និងចន្លោះពី ៧០,០០០នាក់ ដល់ ១៣៥,០០០នាក់ ក្នុងទីក្រុងហ៉ីរ៉ូស៊ីម៉ា មានទាំងអ្នកស្លាប់ភ្លាមៗ និងកើតជំងឺមហារីក។

ការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទាំង២លើកនេះ បានបញ្ចេញធាតុវិទ្យុសកម្មទៅក្នុងបរិយាកាសតិចជាង ៤០ដង បើធៀបទៅនឹងឧទ្ទហេតុនុយក្លេអ៊ែរនៅឯរោងចក្រ Chernobyl ឆ្នាំ១៩៨៦ ប៉ុន្តែបានសម្លាប់មនុស្សរាប់សែននាក់ភ្លាមៗក្រោយការវាយប្រហារ។ សព្វថ្ងៃ ប្រជាជនអាចរស់នៅដោយមានសុវត្ថិភាពនៅក្នុងទីក្រុងណាហ្កាសាគី និងហ៉ីរ៉ូស៊ីម៉ា ដោយមិនមានការភ័យខ្លាចពីធាតុវិទ្យុសកម្មទេ ប៉ុន្តែតំបន់ Chernobyl នៅតែមានធាតុវិទ្យុសកម្ម និងមិនអាចឱ្យប្រជាជនរស់នៅបាន។ ផលប៉ះពាល់ផ្សេងទៀតនៃការទម្លាក់ គ្រាប់បែកនុយក្លេអ៊ែរកាលពីឆ្នាំ១៩៤៥ មានដូចជាការកើនឡើងនៃជំងឺមហារីកម្យ៉ាងដែលគេឱ្យឈ្មោះថា leukemia ជាពិសេសនៅក្នុងចំណោមកុមារដែលរស់នៅជុំវិញតំបន់ រងគ្រោះ។ មិនតែប៉ុណ្ណោះការសិក្សាមួយចំនួនបានបង្ហាញថាផលប៉ះពាល់រយៈពេលវែងនៃធាតុវិទ្យុសកម្ម អាចធ្វើឱ្យមានក្បាលតូច ធំធាត់យឺតយ៉ាវ និងពិការភាពសតិបញ្ញា នៅក្នុងចំណោមទារកនៅក្នុងផ្ទៃ នៅពេលដែលការផ្ទុះបានកើតឡើង ហើយនេះមិនទាន់រាប់បញ្ចូលកុមារដែលចាប់កំណើតនៅពេលការផ្ទុះបានកើតឡើងនោះទេ។

អាវុធនុយក្លេអ៊ែរមាន ២ប្រភេទសំខាន់ៗ នោះគឺអាវុធនុយក្លេអ៊ែរតាក់ទិក និងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ។ អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ សម្រាប់ប្រើវាយប្រហារលើគោលដៅ នៅឆ្ងាយ ឬអាចបំពាក់លើមីស៊ីលអន្តរទ្វីប រីឯអាវុធនុយក្លេអ៊ែរតាក់ទិកគឺសម្រាប់ប្រើវាយប្រហារ ឬបំពាក់លើមីស៊ីលរយៈចម្ងាយខ្លី ឬមធ្យម និងជាធម្មតាវាតូចជាង អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ។ ប៉ុន្តែ ទោះជាមានទំហំតូចពិតមែន តែអាវុធនុយក្លេអ៊ែរតាក់ទិកនៅតែអាចសម្លាប់មនុស្សក្នុងចំនួនដ៏ច្រើន ហើយក្នុងពេលបច្ចុប្បន្នទៀតសោត អាវុធប្រភេទនេះត្រូវបានគេជឿជាក់ថាមានកម្លាំងផ្ទុះខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរដែលអាមេរិកទម្លាក់លើណាហ្កាសាគី និងហ៊ីរ៉ូស៊ីម៉ា និងដែលត្រូវបានគេចាត់ ទុកជាគ្រាប់បែកនុយក្លេអ៊ែរយុទ្ធសាស្ត្រ រាប់សិបដងឯណោះ។

* ការបំផ្លិចបំផ្លាញខ្សែចង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ អាចសម្លាប់ជីវិតមនុស្សរាប់ពាន់លាននាក់

ការសិក្សាស្រាវជ្រាវមួយចេញផ្សាយដោយទស្សនាវដ្ដី Nature Food កាលពីខែសីហាកន្លងទៅ បានធ្វើការព្យាករថាតើនឹងអ្វីកើតឡើងចំពោះបរិស្ថាន ប្រជាជន និងការផ្គត់ផ្គង់ ស្បៀងអាហារសកល ប្រសិនបើរុស្ស៉ី និងសហរដ្ឋអាមេរិកប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រវាយប្រហារ​ដាក់គ្នាទៅវិញទៅមកក្នុងរយៈពេលមួយសប្ដាហ៍។ ការសិក្សានេះ បានរកឃើញថាមនុស្សដល់ទៅ ៣៦០លាននាក់អាចស្លាប់ភ្លាមៗដោយសារអាវុធនុយក្លេអ៊ែរ ហើយ ៥ពាន់លាននាក់ផ្សេងទៀត ឬស្មើនឹង៦០ភាគរយនៃប្រជាជនពិភពលោក អាចនឹងគ្មានចំណីអាហាររយៈពេល២ឆ្នាំ ក្រោយសង្រ្គាមនុយក្លេអ៊ែរ។

បន្ថែមពីលើនេះ ក្រុមអ្នកសា្រវជ្រាវ ក៏បានសិក្សាផងដែរពីសេណារីយ៉ូនៃសង្រ្គាមនុយក្លេអ៊ែរវាងប៉ាគីស្ថាន និងឥណ្ឌា។ ឥណ្ឌា និងប៉ាគីស្ថាន សុទ្ធតែមានក្បាលគ្រាប់នុយក្លេអ៊ែរ តិចជាងឆ្ងាយបើធៀបទៅនឹងសហរដ្ឋអាមេរិក និងរុស្ស៉ី ប៉ុន្តែគ្រាប់បែកនុយក្លេអ៊ែររបស់ពួកគេអាចផ្ដាច់យកអាយុជីវិតមនុស្សប្រមាណ ១៦៤លាននាក់ និងជាង ២.៥ពាន់លាន នាក់ទៀត ត្រូវរស់នៅដោយគ្មានចំណីអាហាររយៈពេល ២ឆ្នាំ ក្រោយសង្រ្គាមនុយក្លេអ៊ែរ។

មកទល់នឹងពេលនេះ អ្នកជំនាញនៅតែយល់ថាមានឱកាសតិចតួចណាស់ ដែលអាវុធនុយក្លេអ៊ែរណាមួយអាចនឹងត្រូវបានប្រើនៅក្នុងសង្រ្គាមអ៊ុយក្រែន។ តែទោះជាបែបនេះក្ដី ដារាបណាសង្រ្គាមនៅតែបន្តអូសបន្លាយ នោះហានិភ័យនៃការប្រើប្រាស់អាវុធប្រភេទនេះក៏នឹងនៅតែបន្តតាមលងបន្លាចពិភពលោកដូចគ្នាដែរ៕ Fresh News

ដែរ ប្រសិនបើមិនមានជាប់ពាក់ព័ន្ធនឹងប្រធានបទ «សង្រ្គាមលោកលើកទី៣» ទេនោះ៕ Fresh News

ចែករំលែក

បញ្ចេញយោបល់