មេធាវីបារាំងការពារក្តីរឿងបរិហាកេរ្តិ៍ ចេញសេចក្តីប្រកាសព័ត៌មានបង្ហាញការសម្រេចរបស់តុលាការបារាំង

ថ្ងៃពុធ ទី ១២ តុលា ២០២២​
15

(ភ្នំពេញ)៖ មេធាវីបារាំងការពារក្តីរឿងបរិហាកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញពីការសម្រេចរបស់តុលាការបារាំង ដោយអះអាងថា អ្វីដែលលើកឡើងដោយ សម រង្ស៉ី មិនមានការពិតនោះឡើយ។

សេចក្តីប្រកាសព័ត៌មានដែលផ្សព្វផ្សាយដោយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២នេះ បានលើកឡើងបង្ហាញនូវសេចក្តីសន្និដ្ឋានសំខាន់ៗមួយចំនួនមកបង្ហាញថា «ការចោទប្រកាន់ថា លោក ហ៊ុន សែន ជាអ្នកបង្គាប់បញ្ញាឱ្យមានការធ្វើឃាត ដែលមានចរិតនយោបាយទាំង២ករណីខាងលើ និង ថាបានធ្វើការបិទបាំងកាលៈទេសៈនៃការធ្វើឃាតនេះ គឺជាការធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ដើមបណ្តឹងរដ្ឋប្បវេណី (លោក ហ៊ុន សែន) (…)។ ដូច្នេះ ការនិយាយចោទប្រកាន់នេះ ត្រូវចាត់ទុកថាជាការបរិហាកេរ្តិ៍លោក ហ៊ុន សែន(…)»។
ក្នុងសេចក្តីប្រកាសព័ត៌មានបានបន្ថែមទៀតថា ចំពោះការពន្យល់ និងឯកសារដែលផ្ដល់ដោយលោក សម រង្ស៉ី សាលាដំបូងយល់ឃើញថា ការពន្យល់ និងឯកសារ «ពុំមានធាតុផ្សំជាក់លាក់ណាមួយបង្ហាញគាំទ្រការអះអាងរបស់ សម រង្ស៉ី ថា មូលហេតុនៃឧប្បទ្ទវហេតុ គឺដោយសារការបំផ្ទុះគ្រាប់បែក»។
ក្រុមមេធាវីបារាំង បានសង្កត់ធ្ងន់ថា ច្បាស់ជាងនេះទៅទៀត សាលាដំបូង បានកត់សំគាល់ថា អត្ថបទសារព័ត៌មានដែលផ្សព្វផ្សាយថា ឧទ្ធម្ភាគចក្រមានប្រព័ន្ធការពាររន្ទះ ដែលជាការសន្មត់នេះចង់សំដៅថា ឧទ្ធម្ភាគចក្រ ដែល ហុក ឡង់ឌី ជិះ មានប្រព័ន្ធការពាររន្ទះដូចគ្នា មានលក្ខណៈទូទៅខ្លាំងពេក មិនអាចយកមកបញ្ជាក់ ឬ បដិសេធ ការអះអាងរបស់អាជ្ញាធរកម្ពុជា ចំពោះឧបទ្ទវហេតុមួយនេះទេ។ លើសពីនេះទៀត ទោះបីជាជនជាប់ចោទ សម រង្ស៉ី បានលើកឡើង ទាំងនៅក្នុងពេលសវនាការ និងនៅក្នុងពាក្យសម្តីដែលត្រូវបានតុលាការចោទប្រកាន់ ថាខ្លួនបាននិយាយចោទប្រកាន់ដោយយោងទៅលើការប្រកាសរបស់អ្នកជំនាញផ្នែកយន្តហោះក៏ដោយ ប៉ុន្តែតុលាការកត់សម្គាល់ថា ជនជាប់ចោទ សម រង្ស៉ី មិនបានផ្តល់នូវការបញ្ជាក់ ឬកោសល្យវិច័យណាមួយឱ្យបានច្បាស់ នាពេលសវនាការនោះទេ។ ចុងក្រោយការផ្ដល់ជូនមកតុលាការនូវរូបថត ដែលមានគុណភាពមិនច្បាស់អំពីបំណែកនៃឧត្ថម្ភាគចក្រ មិនអាចបង្ហាញបានថាការធ្លាក់បាក់បែកឧត្តម្ភាគចក្រនោះ គឺកើតចេញពីការផ្ទុះគ្រាប់បែក ជាជាងការធ្លាក់ធម្មតានោះឡើយ បើមិនមានរបាយការណ៍ជំនាញមកសំអាង។
ក្រុមមេធាវីបារាំង បានអះអាងថា យោងលើមូលហេតុទាំងអស់ខាងលើ ចៅក្រមសាលាដំបូង បានចាត់ទុកថា មូលដ្ឋានអង្គហេតុទាក់ទងគ្នានៃការនិយាយចោទប្រកាន់របស់ សម រង្ស៉ី មានលក្ខណៈ «ខ្សោយ» ដែលវាផ្ទុយយ៉ាងខ្លាំងនឹង ការនិយាយចោទប្រកាន់មួយ ដែលមិនអាចទុកឱ្យមានការសង្ស័យណាមួយ អំពីការពាក់ព័ន្ធដោយសន្មតលើលោក ហ៊ុន សែន នៅក្នុងការធ្វើឃាតលោក ហុក ឡងឌីនោះទេ។ ហេតុដូច្នោះ សាលាដំបូងបានវិន្និច្ឆ័យយ៉ាងច្បាស់ថា ការចោទប្រកាន់របស់ សម រង្ស៉ី ពុំមានមូលដ្ឋាន និងអំណះអំណាងបញ្ជាក់ច្បាស់លាស់នោះឡើយ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់មេធាវីបានបញ្ជាក់ច្បាស់ថា តុលាការ បានចាត់ទុកថា សម រង្ស៉ី មានមូលដ្ឋានអង្គហេតុ «តិចតួចបំផុត» ក្នុងការគាំទ្រការចោទប្រកាន់របស់ខ្លួន។ ត្រង់ចំណុចនេះ តាមច្បាប់មូលដ្ឋានបញ្ជាក់ក្នុងអង្គហេតុត្រូវតែមានគ្រប់គ្រាន់ ក៏ប៉ុន្តែ ជាក់ស្តែងគ្មានមូលដ្ឋានអង្គហេតុទាល់តែសោះ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន ដែលជាដើមបណ្តឹង បានចាត់ទុកសេចក្តីសម្រេចរបស់តុលាការបារាំង គឺជាជោគជ័យមួយសម្រាប់សម្តេច។
សម្តេចតេជោ ហ៊ុន សែន បានរីករាយក្នុងការទទួលសេចក្តីសម្រេចនេះ ព្រោះបានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេច ពោលសម្តេចមិនជាប់ពាក់ព័ន្ធការស្លាប់របស់លោក ហុក ឡង់ឌី ដូចការមូលបង្កាច់របស់ សម រង្ស៉ី នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់តុលាការបារាំងចំពោះសេចក្តីសម្រេចនេះ។
នៅក្រោយពេលសាលក្រមនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការតាមក្រសួងស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋកម្ពុជាផង បានសម្តែងនូវការអបអរសាទរយ៉ាងខ្លាំងក្លា ចំពោះការទទួលបាននូវភាពស្អាតស្អំរបស់សម្តេចតេជោ ហ៊ុន សែន។ សាលក្រមនេះ បានបកស្បែកមុខ សម រង្ស៉ី ថាជាមេបក្សនយោបាយឧទ្ទាមតែងតែសាបព្រោះទង្វើអាក្រក់ និងមូលបង្កាច់មេដឹកនាំកម្ពុជា ដើម្បីបំពេញមហិច្ឆតាដ៏អាក្រក់របស់គេ៕

សេចក្តីប្រកាសព័ត៌មាន៖

សភាជំនុំជម្រះទី ១៧ នៃសាលាតំបូងទីក្រុងប៉ារីស បានសម្រេចនៅក្នុងសាលក្រមចុះថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ បានលើកឡើង ដែលលោក សម រង្ស៊ី មិនដែលជំទាស់ តវ៉ាថាជាកាបរិហាកេរ្តិ៍។

COMMUNIQUE DE PRESSE:

La 17éme Chambre du Tribunal Judiciaire de Paris a, dans sa decision du 10 octobre 2022, Jugé diffamatoires  les propos que Sam Rainsy n’a jamais contesté avoir tenus. 

 

 

ចែករំលែក

បញ្ចេញយោបល់