វិភាគអន្តរជាតិ៖ «ហ្គេមអវសានពិភពលោក» របស់លោក ពូទីន នៅអ៊ុយក្រែន

ថ្ងៃព្រហស្បតិ៍ ទី ៦ តុលា ២០២២​
11

 

(មូស្គូ)៖ កាលពីថ្ងៃទី៣០ ខែកញ្ញាកន្លងទៅ នៅក្រោយការបោះឆ្នោតប្រជាមតិនៅលើទឹកដីអ៊ុយក្រែនដែលលោកខាងលិចចាត់ទុកថា «ជាទង្វើខុសច្បាប់» រដ្ឋាភិបាលរុស្ស៉ី ប្រកាសថាតំបន់ចំនួន៤ របស់អ៊ុយក្រែនបានក្លាយជាផ្នែកមួយនៃទឹកដីរុស្ស៉ីជាផ្លូវការ។ ការប្រកាសនេះកើតមានឡើងនៅចំពេល «ការកែនទ័ពរុស្ស៉ីមួយផ្នែក» បានបង្កឱ្យ ប្រជាជនរុស្ស៉ីមួយចំនួនមិនពេញចិត្តជាខ្លាំង និងភិតភ័យដល់ថ្នាក់មានអ្នករត់ចេញពីប្រទេសដើម្បីគេចពីការបញ្ជូនឱ្យទៅធ្វើសង្រ្គាមនៅអ៊ុយក្រែន។

ជាមួយការប្រកាសកាត់យកទឹកដីអ៊ុយក្រែន និងការកែនទ័ពនេះ វាបានបង្ហាញថាសង្រ្គាមអ៊ុយក្រែន បានឈានចូលដំណាក់កាលថ្មីមួយដែលមើលទៅហាក់ដូចជា «គ្មានផ្លូវត្រឡប់ក្រោយវិញបានឡើយ»។ រីឯលោក ពូទីនក៏កាន់តែបញ្ជាក់ច្បាស់ៗជាងមុនដែរថាលោកនឹងធ្វើអ្វីៗគ្រប់យ៉ាង ក្នុងនោះមានទាំងដាក់ «ឱសានវាទប្រើ អាវុធនុយក្លេអ៊ែរ» ដើម្បីយកឈ្នះជាដាច់ខាតនៅក្នុងសង្រ្គាមអ៊ុយក្រែន។

ការវាយបកលឿនដូចផ្លេកបន្ទោររបស់អ៊ុយក្រែន ចាប់តាំងពីខែសីហាមក បានកែប្រែទាំងស្រុងនូវការយល់ឃើញរបស់លោក ពូទីន ថាតើរុស្ស៉ីគួរតែប្រយុទ្ធដោយរបៀបណា? ពីដំបូងឡើយ ផែនការរបស់លោក ពូទីន ត្រូវបានគេមើលឃើញថាឈរលើគោលគំនិតដែលថារដ្ឋាភិបាលលោក ហ្សេលេនស្គី នឹងមិនហ៊ានបើកការវាយប្រហារទ្រង់ទ្រាយធំ លើកងទ័ពរុស្ស៉ីទេ ហើយអាចនឹងដួលរលំយ៉ាងឆាប់រហ័ស ដោយសារតែសង្រ្គាមបានបំផ្លាញសេដ្ឋកិច្ចរបស់អ៊ុយក្រែន។ គំនិតដែលចង់ឱ្យអ៊ុយក្រែនដួលរលំនៅតែដដែល តែតាក់ទិកដែលលោក ពូទីន នឹងប្រើដើម្បីសម្រេចគោលដៅនេះត្រូវបានផ្លាស់ប្ដូរទៅហើយ ក្នុងបរិបទដែលការគំរាមកំហែងលើកងទ័ពរុស្ស៉ីនៅអ៊ុយក្រែនបានឈានដល់ ចំណុចដែលបង្ខំឱ្យវិមានក្រឹមឡាំង រួមទាំងលោក ពូទីន ដាក់ឱសានវាទមួយឱ្យពិភពលោក នោះគឺ «រុស្ស៉ីត្រូវតែឈ្នះដាច់ខាតនៅអ៊ុយក្រែន ឬក៏សង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើង»។

ការដាក់ឱសានវាទនេះគឺមានបីផ្នែកធំៗ៖ ទីមួយ គឺការកាត់យកទឹកអ៊ុយក្រែន។ ការកាត់យកតំបន់ចំនួន ៤របស់អ៊ុយក្រែន ក្នុងនោះរួមមានតំបន់ ដូណេត (Donetsk), លូហាន (Luhansk), ខឺសុន (Kherson) និងហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) មានន័យថារុស្ស៉ីបានផ្លាស់ប្ដូរសង្រ្គាមដែលចង់លុបបំបាត់ «ឯករាជ្យភាពរបស់អ៊ុយក្រែន» ទៅជា «សង្រ្គាមការពារខ្លួនឯងប្រឆាំងនឹងយោធាបរទេស»។ ទី២៖ ការកាត់យកទឹកអ៊ុយក្រែនជាទម្រង់មួយនៃការតវ៉ាប្រឆាំងទៅនឹងការលូកដៃរបស់លោកខាងលិច នៅក្នុងសង្រ្គាម អ៊ុយក្រែន ឬអាចមានន័យថាជំនួយយោធារបស់លោកខាងលិចសម្រាប់អ៊ុយក្រែន មានន័យស្មើនឹងការឈ្លានពានប្រឆាំងនឹងរុស្ស៉ី ហើយនៅម្ខាងទៀតគឺ លោក ពូទីនចង់បញ្ជូន សារសម្លុតគំរាមថាការបន្តផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន អាចនឹងរុញឱ្យលោកខាងលិចធ្លាក់ចូលក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៉ី ដែលលោក ពូទីនយល់ថាប្រទេសនៅអឺរ៉ុប ភាគច្រើនសុទ្ធតែមិនចង់ឃើញឡើយ។ ទី៣៖ ការកាត់យកទឹកដីអ៊ុយក្រែននេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញដែរថាពីការផ្លាស់ប្ដូរការយល់ឃើញរបស់វិមានក្រឹមឡាំងចំពោះ ស្ថានភាពបច្ចុប្បន្ន។ ពោលគឺនៅមុនអ៊ុយក្រែនចាប់ផ្ដើមធ្វើប្រតិបត្តិការវាយបក ទីក្រុងមូស្គូមិនជឿឡើយថាជំនួយយោធារបស់លោកខាងលិចអាចនឹងជួយឱ្យអ៊ុយក្រែន តស៊ូប្រយុទ្ធ ឬបង្កការគំរាមកំហែងដល់កងទ័ពរុស្ស៉ីដូចសព្វថ្ងៃនោះទេ។

ចំណែកឯ ឱសានវាទមួយទៀតរបស់លោក ពូទីន នោះគឺ «ជម្រើសប្រើអាវុធនុយក្លេអ៊ែរ»។ បន្ទាប់ពីលែងសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរ អស់មួយរយៈធំ លោក ពូទីន បានសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរសាជាថ្មី ជាមធ្យោបាយមួយដើម្បីមានឥទ្ធិពលលើការសម្រេចចិត្ត ឬគោលនយោបាយរបស់លោកខាងលិចចំពោះអ៊ុយក្រែន។ កាលពី ខែមេសាកន្លងទៅ នៅពេលកងទ័ពរុស្ស៉ីទទួលបរាជ័យដោយត្រូវដកថយចេញពីទីក្រុងកៀវ និងទីក្រុងឆែរនីហ៉ីវ (Chernihiv) វិមានក្រឹមឡាំងបានត្រឡប់មកសម្លុតគំរាម នុយក្លេអ៊ែរ ដោយលោក ពូទីន បាននិយាយថារដ្ឋាភិបាលរបស់លោកនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងករណីចាំបាច់។ នៅក្នុងខែឧសភា​ ភាសាសម្លុតគំរាមនេះ បានស្ងប់ស្ងាត់សារជាថ្មី ក្រោយលោក ពូទីនផ្ទាល់អះអាងថាទោះបីជាមានជំនួយអាវុធពីលោកខាងលិចក៏ដោយ ក៏អ៊ុយក្រែននឹងនៅតែត្រូវបរាជ័យដដែល។

ចូលដល់ខែកញ្ញា កងទ័ពរុស្ស៉ីបានបរាជ័យម្ដងទៀត រីឯកងទ័ពអ៊ុយក្រែនវិញ នៅតែបន្តភាពជឿនលឿនទៅមុខដោយវាយដណ្ដើមបានទឹកដីមកវិញជាបន្តបន្ទាប់។ តែគួរឱ្យ កត់សម្គាល់ការសម្លុតគំរាមនៅពេលនេះត្រូវបានគេមើលឃើញថាលោក ពូទីន និងថ្នាក់ដឹកនាំរុស្ស៉ីដែលគំាទ្រសង្រ្គាមនៅអ៊ុយក្រែន មានការប្ដេជ្ញាចិត្តខ្លាំងជាងមុន នោះគឺ «រុស្ស៉ីត្រូវតែឈ្នះ ទោះជាលះបង់តម្លៃណាក៏ដោយ»។ ជាការពិតណាស់ ទោះជាការគំរាមរបស់លោក ពូទីន គ្រាន់តែការកម្លា ឬក៏ជាការពិតក៏ដោយ ក៏ការគំរាមប្រើ អាវុធនុយក្លេអ៊ែរនេះបានផ្ដល់ការសន្មត់មួយរួចទៅហើយថា «បើមិនចង់ឱ្យរុស្ស៉ីប្រើអាវុធនុយក្លេអ៊ែរ លោក ពូទីនចាំបាច់ត្រូវតែមើលឃើញជ័យជម្នះរបស់រុស្ស៉ី គួបផ្សំជាមួយ សញ្ញាខ្លះៗពីអាមេរិកថា លោកខាងលិចនឹងឈប់ជួយអ៊ុយក្រែន»។ ក្នុងន័យនេះបើលោក ពូទីន មិនអាចសម្រេចបានតាមការចង់បានរបស់លោកទេ នោះរុស្ស៉ីនឹងនៅសល់តែ ជម្រើសប្រើអាវុធនុយក្លេអ៊ែរតែប៉ុណ្ណោះ។

តាមរយៈការដាក់ឱសានវាទប្រើអាវុធនុយក្លេអ៊ែរ និងការកែនទ័ពរបស់លោក ពូទីន វាក៏កំពុងដាក់សម្ពាធលើទាំងប្រជាជនរុស្ស៉ី និងថ្នាក់ដឹកនាំ​រុស្ស៉ី នោះគឺថាតើពួកគេត្រូវតែ ដើរតាមលោក ពូទីន រហូតដល់ថ្ងៃអវសានពិភពលោក ឬឈរអោបដៃមើលរុស្ស៉ីចាញ់ ឬក៏ត្រូវប្រឈមមុខនឹងការសងសឹកពីសំណាក់លោកខាងលិច ដែរឬក៏យាងណា? មិនតែប៉ុណ្ណោះ មហិច្ឆតាលើអ៊ុយក្រែនក៏បានធ្វើឱ្យលោក ពូទីន ស្ថិតនៅលើគោលជំហរមួយងាយរងគ្រោះផងដែរ។

ក្នុងដំណាក់កាលនេះ​ លោក ពូទីន អាចនឹងនៅតែជឿជាក់ដដែលថារុស្ស៉ីមានលទ្ធភាពឈ្នះ។ នៅក្នុងគំនិតរបស់លោក ការកែនទ័ពបន្ថែមអាចនឹងជួយឱ្យកងទ័ពរុស្ស៉ី វាយបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីតំបន់ដែលរុស្ស៉ីកាត់បានយក ហើយអាចនឹងបង្ខំឱ្យលោកខាងលិចលែងដៃអ៊ុយក្រែនបន្តិចម្ដងៗ ដោយទុកឱ្យទីក្រុងកៀវសុំចុះចាញ់ ដែលនេះនឹងត្រួសត្រាយផ្លូវឱ្យរុស្ស៉ីគ្រប់គ្រងទឹកដីថ្មីៗដែលកាត់យកពីអ៊ុយក្រែន។

ក៏ប៉ុន្តែ វានៅតែមានសំណួរច្រើនជាងចម្លើយ។ តើនឹងមានរឿងអ្វីកើតឡើង បើផែនការទាំងនេះមិនដើររលូនតាមការចង់បានរបស់លោក ពូទីន? តើនឹងមានរឿងអ្វីកើតឡើង បើកងទ័ពរុស្ស៉ីមិនអាចផ្ដួលកងទ័ពអ៊ុយក្រែន? តើលោកខាងលិចនៅតែបង្កើនការផ្ដល់អាវុធឱ្យអ៊ុយក្រែន ដោយមិនខ្វល់ពីការសម្លុតគំរាមរបស់លោក ពូទីន ឬក៏យ៉ាងណា? ហើយចុះបើប្រជាជនអ៊ុយក្រែននៅក្នុងតំបន់ដែលរុស្ស៉ីគ្រប់គ្រង ងើបឡើងបះបោរ តើវានឹងមានរឿងអ្វីកើតឡើង? មានតែលោក ពូទីនទេដែលអាចឆ្លើយសំណួរទាំងនេះបាន ហើយពេលវេលាដ៏គ្រោះថ្នាក់នឹងមកដល់ប្រសិនបើលោក ពូទីនមើលឃើញថាលោកនៅសល់តែជម្រើសអាវុធនុយក្លេអ៊ែរតែមួយគត់នៅក្នុងដៃ៕ Fresh News

ចែករំលែក

បញ្ចេញយោបល់