ក្រសួងការងារ បង្ហាញវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍

ថ្ងៃព្រហស្បតិ៍ ទី ៦ តុលា ២០២២​
8

 

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តសម្របសម្រួលវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍ ស្របតាមតួនាទីដែលមានចែងក្នុងច្បាប់ជា​ធរមាន ក៏ដូចជាស្របតាមស្មារតីចង់បានរបស់តំណាងភាគីកម្មករនិយោជិតដែលចង់ជួបចរចាជាមួយក្រុមហ៊ុនផ្ទាល់។

នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ ក្រសួងបានបន្តអញ្ជើញគូភាគីវិវាទមកជួបប្រជុំដោះស្រាយ ជាលើកទី១៩ ដោយមាន លោក ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប. ជាអ្នកសម្របសម្រួល និងជាប្រធានអង្គប្រជុំ, តំណាងភាគីកម្មករនិយោជិត រួមមាន លោកស្រី រី សុវណ្ណឌី, និងលោកស្រី ហៃ សុភាព និងតំណាងភាគីនិយោជក រួមមាន លោកស្រី ឌី សីហា និងលោកស្រី រស់ ប៊ុនឡេង។

ឆ្លងតាមរយៈកិច្ចពិភាក្សាយ៉ាងផុសផុល ភាគីទាំងពីរនៅតែមិនទាន់រកឃើញដំណោះស្រាយដែលភាគីទាំងពីរអាចទទួលយកបាន ព្រោះភាគីតំណាងកម្មករ​និយោជិត​នៅតែបន្តទាមទារឱ្យយកចូលធ្វើការវិញ រីឯភាគីតំណាងនិយោជកមិនអាចទទួលឱ្យចូលធ្វើការវិញបានឡើយ។ ដូច្នេះភាគីទាំងពីរឯកភាពកំណត់​កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទី ដើម្បីមានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមក​ដែលអាចឈានទៅបញ្ចប់វិវាទនេះ។

ជាថ្មីម្តងទៀត ក្រសួងស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរ​មានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងត្រូវរក្សាភាពស្ងប់ស្ងាត់។ ក្រសួងក៏សូមជម្រាប ជូនបុគ្គលផ្សេងទៀត​ដែលមិនពាក់ព័ន្ធនឹងករណីវិវាទនេះ សូមកុំចូលរួមក្នុងការតវ៉ា។

យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺអាចបញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕

ចែករំលែក

បញ្ចេញយោបល់