ប្រកាស​ជូនដំណឹង​តាម​ទូរស័ព្ទ​ចាប់​ភេរវជន​

ថ្ងៃពុធ ទី ២១ កញ្ញា ២០១៦​
89

វាជាលើកទីមួយមិនធ្លាប់មានដែលអាជ្ញាធរអាមេរិកបានប្រើប្រាស់សេចក្តីជូនដំណឹងតាមទូរស័ព្ទដើម្បីសាកសួរប្រជាជនក្នុងទីក្រុងញូវយ៉ករាប់លាននាក់ដើម្បីជួយចាប់ខ្លួនជនសង្ស័យភេរវករជនជាតិអាហ្វហ្គានីស្ថាន សញ្ជាតិអាមេរិក វ័យ២៨ឆ្នាំ ដែលជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅរដ្ឋ New Jersey និងសង្កាត់នៃទីប្រជុំជន Manhattan នាក្រុងញូវយ៉ក កាលពីសប្តាហ៍មុន ។

ប្រព័ន្ធបញ្ជូនដំណឹងតាមទូរស័ព្ទបន្ទាន់ឥតខ្សែត្រូវបានគេដំឡើង ហើយវាក៏ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រដែលប្រើប្រាស់ប្រព័ន្ធបញ្ជូនព័ត៌មានតាមទូរស័ព្ទដៃ ដើម្បីតាមប្រមាណភេរវករ ។

សូរសំឡេងកងរំពងរបស់ទូរស័ព្ទ និងសំឡេងខ្លាំងៗនៃសញ្ញាប្រកាសអាសន្ននៅម៉ោង៨ព្រឹក បានធ្វើឲ្យប្រជាជនក្នុងទីក្រុងញូវយ៉កភ្ញាក់ផ្អើលជាខ្លាំង ។ សារបញ្ជូនតាមទូរស័ព្ទ បានចូលទៅដល់ទូរស័ព្ទរបស់ប្រជាជនក្រុងញូវយ៉ករាប់លាននាក់ក្នុងពេលតែមួយ ដែលសរសេរជាអាថ៌ថា ចាប់ខ្លួន៖ Ahmad Khan Rahami វ័យ២៨ឆ្នាំ ភេទប្រុស, មើលសារព័ត៌មាន ដើម្បីឃើញរូបថត, ទូរស័ព្ទមកលេខ 9-1-1 ប្រសិនបានឃើញ។ ការបញ្ជូនសារតាមទូរស័ព្ទនេះ មានន័យថា ទាំងប្រជាជននៅក្នុងផ្ទះ នៅផ្លូវក្រោមដី នៅលើផ្លូវដើរ និងអ្នកកំពុងធ្វើការនៅការិយាល័យទូទាំងរដ្ឋញូវយ៉ក ជាចំណែកមួយក្នុងការតាមចាប់ខ្លួនជនសង្ស័យដែលបានបំផ្ទុះគ្រាប់បែកលើផ្លូវដែលសំបូរមនុស្សអ៊ូអរនៅទីក្រុងម៉េនហាតាន(Manhattan) កាលពីល្ងាចថ្ងៃសៅរ៍ ។

ជនសង្ស័យ Rahami ត្រូវបានគេចាប់ខ្លួនប៉ុន្មានម៉ោងបន្ទាប់ពីមានយុទ្ធនាការបញ្ជូន ដំណឹងតាមទូរស័ព្ទដៃនិងបញ្ជូនទៅឃុំឃាំង។ ជនសង្ស័យម្នាក់នេះក៏ជាប់សង្ស័យលើករណីបាញ់ប៉ូលិសនៅទីក្រុង Linden រដ្ឋ New Jersey ដែរ ។ ការប្រកាសអាសន្នជាធម្មតាបញ្ជូនព័ត៌មានទៅទូរស័ព្ទដើម្បីព្រមានប្រជាជនក្នុងទីក្រុងអំពីអាកាសធាតុមិនធ្ងន់ធ្ងរដូចជា ខ្យល់ព្យុះស៊ូណាមិជាដើម ហើយការប្រកាសអាសន្នមួយទៀតស្រដៀងនេះដែរធ្វើឡើងដោយប្រធានាធិបតីក្នុងអំឡុងពេលដាក់ជាតិស្ថិតក្នុងភាពអាសន្ន ។ ការបញ្ជូនសារតាមទូរស័ព្ទនាពេលនេះដើម្បីប្រជាពលរដ្ឋញូវយ៉កជួយរកទីកន្លែងលាក់ខ្លួនរបស់ Rahami ។ ជនសង្ស័យ Rahami កើតនៅថ្ងៃទី២៣ ខែមករា ឆ្នាំ១៩៨៨ នៅ ប្រទេសអាហ្វហ្គានីស្ថាន សញ្ជាតិអាមេរិក ភេទប្រុស ។ អាសយដ្ឋានចុងក្រោយរបស់ជននេះ ស្ថិតនៅទីក្រុង Elizabeth រដ្ឋ New Jersey មានទម្ងន់៩០គីឡូក្រាម កម្ពស់១,៧ម៉ែត្រ ភ្នែកពណ៌ត្នោត សក់ពណ៌ត្នោត ។

អ្នកនាំពាក្យប៉ូលិសរដ្ឋញូវយ៉កដែលបានប្រាប់សារព័ត៌មាន New York Times ថា សេចក្តីសម្រេចបញ្ជូនសារចេញពីអាជ្ញាធរក្នុងទីក្រុងញូវយ៉ក ធ្វើឡើងប្រហែល៨ដងមកហើយគិតចាប់ពីឆ្នាំ២០១២ ដែលទាក់ទងនឹងអាកាសធាតុដូចជា ប្រើការប្រកាសអាសន្ន៣ដង ទាក់ទងនឹងខ្យល់ព្យុះ Sandy, ប្រើម្តងទាក់ទងនឹងការហាមប្រាមការធ្វើដំណើរក្នុងអំឡុងខ្យល់ព្យុះទឹកកកនាឆ្នាំ២០១៥ និងប្រើពីរដងទាក់ទងនឹងការបំផ្ទុះគ្រាប់បែកនៅសង្កាត់ Chelsea ៕

ចែករំលែក

បញ្ចេញយោបល់