កម្ពុជា និងអង្គការសហប្រជាជាតិ ចេញសេចក្តីថ្លែងការណ៍រួមអំពីវឌ្ឍនភាពការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

ថ្ងៃពុធ ទី ២១ កញ្ញា ២០២២​
6

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលទទួលបន្ទុកដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក និងលោក Stephen Mathias ឧបការីអគ្គលេខាធិការ និងជានាយកការិយាល័យកិច្ចការច្បាប់របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍រួម អំពីវឌ្ឍនភាពការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

នៅថ្ងៃនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានជួបជាមួយឧបការីអគ្គលេខាធិការ អ.ស.ប.ទទួលបន្ទុកកិច្ចការច្បាប់របស់អង្គការសហប្រជាជាតិ លោក Stephen Mathias ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងមុខងារសេសសល់ក្រោយតុលាការ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

សេចក្តីថ្លែងការណ៍រួម បានបញ្ជាក់ថា ចាប់តាំងពី អ.វ.ត.ក. បានបង្កើតឡើងនៅឆ្នាំ២០០៦ មក អ.វ.ត.ក. បានទទួលភស្តុតាងពីជនរងគ្រោះជាង១០.៣០០ នាក់ បានចេញសេចក្តីសម្រេចជាង ១.៣៤៥ និងបានបង្កើតកំណត់ហេតុតាមផ្លូវតុលាការ និងប្រវត្តិសាស្ត្រសម្រាប់កម្ពុជាចំនួនជាង៣លានទំព័រ។ អង្គជំនុំជម្រះគ្រោងនឹងបញ្ចប់សំណុំរឿងទាំងអស់ត្រឹមបំណាច់ឆ្នាំនេះ។ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិបានឯកភាពគ្នាថា អង្គជំនុំជម្រះវិសាមញ្ញ នឹងបំពេញមុខងារសេសសល់របស់ខ្លួនសម្រាប់ដំណាក់កាលដំបូងរយៈពេលបីឆ្នាំ ដោយចាប់ផ្ដើមនៅក្នុងឆ្នាំ២០២៣។

នៅក្នុងកិច្ចពិភាក្សានេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោកឧបការីអគ្គលេខាធិការអ.ស.ប. បានស្វាគមន៍ចំពោះ វឌ្ឍនភាពការងារយ៉ាងធំធេងរបស់អ.វ.ត.ក.។ លើសពីនេះទៀត ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីមុខងារសេសសល់ដែលអ.វ.ត.ក.ត្រូវបំពេញនៅពេលបញ្ចប់កិច្ចដំណើរការនីតិវិធីតាមផ្លូវតុលាការរបស់ខ្លួន។ គោលបំណង មួយក្នុងចំណោមគោលបំណងសំខាន់នានា នៃមុខងារសេសសល់នោះ គឺដើម្បីថែរក្សាកេរដំណែលអ.វ.ត.ក. រួមទាំងតាមរយៈការអនុញ្ញាតឱ្យសាធារណជនអាចចូលពិនិត្យមើលព័ត៌មាននៅក្នុងបណ្ណសាររបស់អ.វ.ត.ក. ឱ្យ បានទូលំទូលាយ និងផ្សព្វផ្សាយព័ត៌មានអំពីការងាររបស់អ.វ.ត.ក.។

សេចក្តីថ្លែងការណ៍រួម បានកត់សម្គាល់ទៀតថា «ក្នុងនាមរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ យើងសូមបន្តការគាំទ្រដល់ការងារផ្នែកតុលាការ ដ៏មានសារសំខាន់របស់អង្គជំនុំជម្រះវិសាមញ្ញ និងការងារសេសសល់ដែលនឹងដំណើរការនាពេលខាងមុខ»។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ថវិកាដល់អង្គជំនុំជម្រះវិសាមញ្ញ និងសូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះការគាំទជាយូរអង្វែងពីអ.ស.ប. និងម្ចាស់ជំនួយរបស់អ.វ.ត.ក. ហើយថាការងាររបស់អ.វ.ត.ក.មិនអាចដំណើរការទៅមុខ ដោយគ្មានជំនួយពីអ.ស.ប.និងម្ចាស់ជំនួយទាំងនោះបានឡើយ។ លោកបានជំរុញឱ្យបណ្ដារដ្ឋជាម្ចាស់ជំនួយមេត្តាផ្តល់ការគាំទ្រ ដើម្បីឱ្យមានការផ្សព្វផ្សាយព័ត៌មានឱ្យបានកាន់តែទូលំទូលាយដល់សាធារណជនកម្ពុជា ជាពិសេសជនរងគ្រោះនៃរបបខ្មែរក្រហម និងយុវជនជំនាន់ក្រោយនៅកម្ពុជា គាំទ្រដល់ចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ និងបញ្ចៀសមិនឲ្យអំពើព្រៃផ្សៃពីអតីតកាលកើតឡើងសាជាថ្មី។

ឧបការីអគ្គលេខាធិការអ.ស.ប.ទទួលបន្ទុកកិច្ចការច្បាប់បានសម្តែងនូវសេចក្ដីសោមនស្សដែល បានមកទស្សនកិច្ចនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញធ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួមគ្នារបស់រាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដើម្បីធានានូវគណនេយ្យភាព ចំពោះឧក្រិដ្ឋកម្មនានា ដែលបានប្រព្រឹត្តនៅក្នុងអំឡុងរបបខ្មែរក្រហម ព្រមទាំងធានានូវយុត្តិធម៌សម្រាប់ជនរងគ្រោះ។ លោកឧបការីក៏បានបញ្ជាក់នូវការប្ដេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិផងដែរ ក្នុងការបន្តគាំទ្រដល់អ.វ.ត.ក, នៅក្នុងអំឡុងដំណាក់កាលអនុវត្តមុខងារសេសសល់ និងបានសង្កត់ធ្ងន់នូវ សារសំខាន់នៃការថែរក្សាកេរដំណែលអ.វ.ត.ក សម្រាប់ប្រជាជនកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោកឧបការីអគ្គលេខាធិការអ.ស.ប. នឹងចូលរួមស្តាប់ការប្រកាសសាលដីកាស្ថាពរនៅក្នុងសំណុំរឿងចុងក្រោយនៅអ.វ.ត.ក. ប្រឆាំងនឹងអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ខៀវ សំផន ដែលនឹងកំណត់ពេលដំណើរការនៅថ្ងៃស្អែក (ថៃ្ងព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ ២០២២)។ បន្ទាប់មក ភាគីទាំងពីរនឹងធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ខ្លួននៅបរិវេណអ.វ.ត.ក.៕

ចែករំលែក

បញ្ចេញយោបល់