ក្រុមហ៊ុន​ចិន ATL ក្លាយជា​អ្នក​ផ្គត់ផ្គង់​ថ្មសម្រាប់​ទូរស័ព្ទ Samsung’s Galaxy Note 7

ថ្ងៃចន្ទ ទី ១៩ កញ្ញា ២០១៦​
75

ក្រុមហ៊ុនចិន Amperex Technology Limited (ATL) បានក្លាយជាដៃគូផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ទូរស័ព្ទ Galaxy Note 7 របស់ក្រុមហ៊ុនសាំស៊ុង កូរ៉េខាងត្បូង ។

ភាគហ៊ុនរបស់ក្រុមហ៊ុនសាំស៊ុងនាថ្ងៃចន្ទនេះ បានធ្លាក់ចុះក្នុងកម្រិតទាបបំផុត បើគិតត្រឹមអំឡុងរយៈពេលពីរខែចុងក្រោយនេះ បន្ទាប់ពីអតិថិជនរបស់ខ្លួនបានបិទទូរស័ព្ទក្នុងដៃនិងប្រគល់ទូរស័ព្ទម៉ូដែល Galaxy Note 7ដោយសារបញ្ហាឆេះថ្ម ។

ក្រុមហ៊ុន ATL តាមធម្មតាជាអ្នកផ្គត់ផ្គង់ថ្មដល់ក្រុមហ៊ុនសាំស៊ុងលំដាប់ទី៣ ដោយសារផ្តោតការរកស៊ីតែក្នុងប្រទេសចិនប៉ុណ្ណោះ។ បរិមាណថ្ម Galaxy Note 7 សម្រាប់ផ្គត់ផ្គង់ប្រហែល៧០ភាគរយទៀត គឺក្រុមហ៊ុន Samsung ផ្នែក Samsung SDI ជាអ្នកផលិត។

ក្រុមហ៊ុន ATL បានទទួលការបញ្ជាទិញថ្មសម្រាប់ Galaxy Note 7 បន្ថែមទៀត បន្ទាប់ពីមានរឿងឆេះថ្មទូរស័ព្ទ ហើយត្រូវប្រមូលទូរស័ព្ទនៅទូទាំងពិភពលោកត្រឡប់មកវិញ ។ លោក Joe Kit Chu Lam ប្រធានការិយាល័យប្រតិបត្តិការ ATL បាននិយាយថា ក្រុមហ៊ុនបានទទួលការបញ្ជាទិញយ៉ាងច្រើនសម្រាប់ខែនេះ។ លោកមិនអាចបញ្ចេញយោបល់អ្វីផ្សេងទៀតទេ ជាពិសេសលើបញ្ហារបស់អតិថិជនរបស់ក្រុមហ៊ុន ព្រោះវាជាកិច្ចសន្យាលើសេចក្តីទុកចិត្តរវាងគ្នានឹងគ្នា ។

ក្រុមហ៊ុនសាំសុ៊ងបានចេញសេចក្តីប្រកាសនាពេល ថ្មីៗនេះថា ដើម្បីកុំឲ្យទូរស័ព្ទ Galaxy Note 7 ក្តៅឆេះថ្ម អ្នកប្រើប្រាស់ទាំងអស់អាចសាកថ្ម ត្រឹម៦០ភាគរយ ឬក្រោមនេះទើបមានសុវត្ថិភាព ។

បើតាមសារព័ត៌មាន China Daily បាននិយាយនៅថ្ងៃអង្គារកន្លងមកនេះថា ក្រុមហ៊ុន ATL នឹងបង្កើនការផ្គត់ផ្គង់បញ្ចូនថ្មកាន់តែច្រើនទៅឲ្យក្រុមហ៊ុនសាំស៊ុង ។ ចំណែកទីភ្នាក់ ងារកូរ៉េ Yonhap បាននិយាយថា ក្រុមហ៊ុនសាំស៊ុងពេលនេះនឹងសម្រេចប្រើប្រាស់ថ្ម ទូរស័ព្ទដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនATL តែមួយប៉ុណ្ណោះ សម្រាប់ទូរស័ព្ទម៉ូដែល Galaxy Note 7 ។ ក្រុមហ៊ុនសាំស៊ុងបានផ្អាកការលក់ចេញរបស់ខ្លួនសម្រាប់ម៉ូដែល Galaxy Note 7 នៅទីផ្សារចំនួន១០ ក្នុងនោះមានទីផ្សារអាមេរិក ទីផ្សារកូរ៉េខាងត្បូង ប៉ុន្តែមិនបានផ្អាកលក់នៅប្រទេសចិនទេព្រោះថា ថ្មដែលប្រើប្រាស់ក្នុងប្រទេសចិនសម្រាប់ម៉ូដែល Galaxy Note 7 មានសុវត្ថិភាព ហើយអ្នកផ្គត់ផ្គង់ថ្មក៏ខុសគ្នាដែរ ។  តាមការព្យាករក្រុមហ៊ុនសាំស៊ុងប្រហែលជាត្រូវការថ្មថ្មីចំនួនប្រហែល១២លានគ្រាប់ ៕

ចែករំលែក

បញ្ចេញយោបល់