វិភាគអន្តរជាតិ៖ សហរដ្ឋអាមេរិក នឹងលក់យន្ដហោះចម្បាំង F-35 ឱ្យថៃ ឬ?

ថ្ងៃសុក្រ ទី ១២ សីហា ២០២២​
16

 

(បាងកក)៖ កងទ័ពអាកាសថៃ (RTAF) បានបោះជំហានថ្មីមួយទៀត ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកការចូលរួមក្នុងក្លឹបប្រទេសដែលមានយន្ដហោះចម្បាំងបំបាំង កាយអាមេរិកដ៏ទំនើប F-35 យកមកប្រើ។ ដំណឹងល្អនេះកើតមានឡើង បន្ទាប់ពីគណៈកម្មាធិការអធិការកិច្ចកញ្ចប់ថវិកានៃសភាថៃបានអនុម័តកញ្ចប់ថវិកាជំហាន ដំបូង ១៤.៧លានដុល្លារ ជាការសម្រួលដល់ផែនការទិញយន្ដហោះចម្បាំង F-35A ចំនួន ២គ្រឿងរបស់កងទ័ពអាកាសថៃ។

យន្ដហោះចម្បាំង F-35A ចំនួន២គ្រឿងដែលកងទ័ពអាកាសថៃចង់ទិញពីសហរដ្ឋអាមេរិក មានតម្លៃសរុប ២០៧លានដុល្លារ ហើយបើតាមផែនការដែលស្រាប់ ថៃចង់បង់លុយជាដំណាក់កាលៗ មានរយៈពេល៤ឆ្នាំ។ ក៏ប៉ុន្តែ ទោះជាមានលុយក៏ដោយ ក៏មិនប្រាកដថាអាចនឹងមានវាសនាបានប្រើយន្ដហោះចម្បាំងដ៏ទំនើបរបស់ សហរដ្ឋអាមេរិកនោះដែរ។

ជាការពិតណាស់ ការទិញសព្វាវុធមានតម្លៃថ្លៃខ្ពស់កប់ពពកបែបនេះ ជាបញ្ហាដ៏ចម្រូងចម្រាសមួយនៅក្នុងប្រទេសថៃ។ ម្យ៉ាងខណៈសេដ្ឋកិច្ចថៃកំពុងរងផលប៉ះពាល់ យ៉ាងខ្លាំង ដោយសារកូវីដ១៩ ប្រជាជនថៃទូទៅ យល់ថារដ្ឋាភិបាលគួរតែបង្វែរកញ្ចប់ថវិកាទិញសព្វាវុធ មកជួយលើកកម្ពស់ជីវភាពប្រជាជន ហើយម្យ៉ាងទៀត ថៃ ត្រូវបានគេមើលឃើញថាជាប្រទេសមួយ ដែលមានបរិយាកាសគំរាមកំហែងពីខាងក្រៅ ឬពីបណ្ដាប្រទេសជិតខាងក្នុងកម្រិតទាបបំផុត ហើយដែលនេះជាហេតុផល មួយតែត្រូវបានគេចោទសួរជារឿយៗថាតើថៃពិតចាំបាច់ត្រូវការអាវុធថ្លៃកប់ពពក និងស៊េរីទំនើបៗដូចជាយន្ដហោះចម្បាំង F-35 ដែរទេ? តែយ៉ាងណាក៏ដោយ បញ្ហាដ៏ធំមិនមែនស្ថិតនៅត្រង់តម្លៃថ្លៃ ឬមានលុយទិញ ឬក៏អត់នោះទេ ប៉ុន្តែសំខាន់នៅត្រង់ថាតើសហរដ្ឋអាមេរិកយល់ព្រមលក់ F-35 ឱ្យថៃដែរឬទេ?

គួរជម្រាបថាយន្ដហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិក មាន៣ស៊េរី គឺ F-35A F-35B និង F-35C ហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានតែប្រទេសសិង្ហបុរី មួយគត់ដែលទទួលបានភ្លើងបៃតងបញ្ជាទិញយន្ដហោះចម្បាំង F-35នេះ។ ក្នុងនាមជាសម្ព័ន្ធមិត្តនៅក្រោមសន្ធិសញ្ញាជាមួយសហរដ្ឋអាមេរិក ថៃគួរតែមានភាគរយ ខ្ពស់ក្នុងការទិញយន្ដហោះចម្បាំង F-35។ ទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមលក់យន្ដហោះដ៏ទំនើបមួយឱ្យសម្ព័ន្ធមិត្តណាតូ (NATO) ចំនួន៧ ព្រមទាំងសម្ព័ន្ធមិត្តក្នុង តំបន់ឥណ្ឌូប៉ាស៊ីហ្វិកចំនួន៣ ដូចជាកូរ៉េខាងត្បូង ជប៉ុន និងសិង្ហបុរី។ មួយវិញទៀត ប្រសិនបើការលក់នេះអាចដំណើរការទៅមុខ នោះវានឹងកាន់តែជួយពង្រឹង សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងថៃ ដែលមានភាពសោះកក្រោះ នៅក្រោយសម័យសង្រ្គាមត្រជាក់ដោយសារតែ ប្រទេសទាំង២ មិនមានសត្រូវរួម និងការផ្អាក ការផ្ដល់ជំនួយយោធាអាមេរិកដល់ប្រទេសថៃ បន្ទាប់ពីរដ្ឋប្រហារយោធាក្នុងឆ្នាំ២០០៦ និងឆ្នាំ២០១៤។

នៅក្រោមអាណត្តិអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទំនាក់ទំនងការពារជាតិរវាងប្រទេសទាំង២ បានត្រឡប់មករកភាពប្រក្រតីបន្តិច រីឯប្រធានាធិបតី លោក ចូ បៃដិន ក៏បានលើកឡើងដែរថាការពង្រឹងសម្ព័ន្ធមិត្តឡើងវិញ គឺជាអាទិភាពនៃនយោបាយការបរទេសរបស់លោក។ ដូច្នេះបើថៃទិញបាន F-35 នោះវានឹង លើកកម្ពស់អន្តរប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកងទ័ពអាកាសថៃ។ ក៏ប៉ុន្តែ មកទល់ពេលនេះទីក្រុងវ៉ាស៊ីនតោនមិនបានបង្ហាញសញ្ញាជាវិជ្ជមានពាក់ព័ន្ធនឹង ផែនការទិញយន្ដហោះចម្បាំង F35 របស់ថៃឡើយ នៅក្រោមហេតុផលដ៏ធំមួយ នោះគឺអ្នករៀបចំគោលនយោបាយការពារជាតិអាមេរិក មានការព្រួយបារម្ភខ្លាចថា បច្ចេកវិទ្យារបស់ខ្លួនអាចនឹងធ្លាក់ចូលកណ្ដាប់ដៃចិន នៅក្នុងបរិបទដែលរដ្ឋាភិបាលថៃរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា មានទំនាក់ទំនងល្អ និងកាន់តែ ងាកទៅរកចិនរឹតតែខ្លាំង។

ចាប់តាំងពីមានរដ្ឋប្រហារកាលពីឆ្នាំ២០១៤មក ចិនបានក្លាយជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំសម្រាប់ថៃ ហើយថៃគឺជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានចូលរួម ក្នុងការធ្វើសមយុទ្ធយោធាជាប្រចាំប្រចំាឆ្នាំជាមួយកងទ័ពទាំង ៣ផ្នែក មានជើងគោក ជើងទឹក និងជើងអាកាសនៃកងទ័ពរំដោះប្រជាជនចិន (PLA)។ តាមរយៈការព្រួយបារម្ភខ្លាចបច្ចេកវិទ្យាទំនើបដូចជា F-35 ធ្លាក់ចូលក្នុងដៃគូសត្រូវភូមិសាស្ត្រនយោបាយ ដូចជាចិន និងរុស្ស៉ី សហរដ្ឋអាមេរិកមិនដែលស្ទាក់ស្ទើរឡើយក្នុងការធ្វើសកម្មភាពភ្លាមៗដើម្បី ដោះស្រាយក្ដីកង្វល់របស់ខ្លួន។ ជាឧទាហរណ៍ កាលពីឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានបណ្ដេញប្រទេសតួកគី ដែលជាសម្ព័ន្ធមិត្តណាតូចេញពីកម្មវិធីអភិវឌ្ឍ យន្ដហោះចម្បាំង F-35 បន្ទាប់ពីទីក្រុងអង់ការ៉ាទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៉ី។

ចំណែកឯ រដ្ឋបាលលោក ចូ បៃដិន ក៏ត្រូវបានគេរាយការណ៍ដែរថាបានសម្រេចផ្អាក ការលក់យន្ដហោះចម្បាំង F-35 ឱ្យអេមីរ៉ាតអារ៉ាប់រួមដែលមានទំនាក់ទំនងកាន់តែល្អប្រសើរឡើងជាមួយចិន ហើយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានប្រញាប់ ស្រង់យន្ដហោះចម្បាំង F-35 ភ្លាមៗ ដែលបានធ្លាក់នៅឯសមុទ្រមេឌីទែរ៉ាណេ និងសមុទ្រចិនខាងត្បូង នាពេលកន្លងមក ដើម្បីការពារកុំឱ្យបច្ចេកវិទ្យារបស់ខ្លួន ធ្លាក់ចូលក្នុងដៃចិន ឬរុស្ស៉ី។

លើសពីនេះទៅទៀត កាលពីឆ្នាំ២០២០ ឥណ្ឌូណេស៊ីក៏ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ចង់ទិញ F-35 តែដោយសារទីក្រុងហ្សាការតា មានទំនាក់ទំនងល្អជាមួយចិន ទីក្រុងវ៉ាស៊ីនតោនបានឆ្លើយបដិសេធយ៉ាងគួរសម ដោយផ្ដល់ជម្រើសលក់យន្ដហោះចម្បាំង F-15 Eagle ឱ្យឥណ្ឌូណេស៊ីជំនួសវិញ។ ដូចគ្នាដែរ សហរដ្ឋអាមេរិកអាចនឹង ផ្ដល់ជម្រើសលក់ F-15 ឱ្យថៃ ហើយថៃអាចនឹងទទួលយក តែអាចនឹងធ្វើកិកកុករកវិធីទិញក្នុងតម្លៃថោក ដោយនឹងប្រាប់សហរដ្ឋអាមេរិកថា «បើអ្នកឯងមិនព្រមលក់ យន្ដហោះ F-35 នោះយើងអាចនឹងទិញយន្ដហោះចម្បាំងរុស្ស៉ី SU-57 ឬុយន្ដហោះចម្បាំង FC-31 Gyrfalcon ពីចិន»៕ ដោយ៖ Fresh News

ចែករំលែក

បញ្ចេញយោបល់