ព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ វិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០

ថ្ងៃសៅរ៍ ទី ៦ សីហា ២០២២​
4

 

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះ បានឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ វិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០។

សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងក្រោមសំឡេង ១០៥ លើ១០៦ ក្នុងសម័យប្រជុំពេញអង្គនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ហើយត្រូវបានព្រឹទ្ធសភា ឱ្យយោបល់ឯកភាពទាំងស្រុងក្នុងសម័យប្រជុំលើកទី៩ នីតិកាលទី៤ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។

សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងសំដៅធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋបានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ ហើយធានាការពារ និងថែរក្សាបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។

សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មនេះ តាក់តែងឡើងយ៉ាងលំអិត ធានាបាននូវភាពត្រឹមត្រូវនៃការគោរពគោលការណ៍គ្រឹះនៃរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ដែលជារបបដឹកនាំប្រទេសបែបសភានិយម ព្រមទាំងជាការលើកកម្ពស់នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលប្រជាជនកម្ពុជាបង្ហាញឆន្ទៈ និងប្រើសិទ្ធិអំណាចរបស់ខ្លួន តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលប្រព្រឹត្តទៅរៀងរាល់៥ឆ្នាំម្តង ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ និងបទដ្ឋានគតិយុត្តជាធរមានរបស់ជាតិ៕

ជាព្រះរាជក្រម ប្រកាសអោយប្រើប្រាស់វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០

ចែករំលែក

បញ្ចេញយោបល់