វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក បោះបង់ចោល «គោលនយោបាយចិនតែមួយ» មែនឬ?

ថ្ងៃសុក្រ ទី ៥ សីហា ២០២២​
4

 

(វ៉ាស៊ីនតោន)៖ ដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅកោះតៃវ៉ាន់ ក្នុងសប្ដាហ៍នេះ បានបង្កឱ្យចិនក្ដៅក្រហាយ និងខឹងសម្បារ យ៉ាងខ្លាំង តែជាសំណាងល្អសម្រាប់ពិភពលោក ដែលការខឹងសម្បារនេះមិនបានបង្កឱ្យទៅជាជម្លោះ ឬសង្រ្គាមនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ លោកស្រី ផេឡូស៊ី មានអាយុ ៨២ឆ្នាំ បានក្លាយជាប្រធានសភាតំណាងរាស្ត្រអាមេរិកដំបូងគេ ដែលបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងរយៈពេលជាង ២៥ឆ្នាំមកនេះ ហើយថាដំណើរទស្សនកិច្ចរបស់លោកស្រីបានបញ្ជាក់ យ៉ាងច្បាស់ថាសហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលតៃវ៉ាន់ឡើយ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ទាំងលោកស្រី ផេឡូស៊ី និងសេតវិមាន បានអះអាងដូចគ្នាថាសហរដ្ឋអាមេរិកមិនបានផ្លាស់ប្ដូរអ្វីទេ ពាក់ព័ន្ធនឹង «គោលនយោបាយចិនតែមួយ»។

យ៉ាងណាក៏ដោយ ដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ដែលជាអ្នកនយោបាយអាមេរិកម្នាក់ដែលតែងតែរិះគន់ចិន កើតមានឡើងនៅចំពេលដែលថ្នាក់ដឹកនាំចិនមើលឃើញថា សហរដ្ឋអាមេរិកកំពុងដើរចេញកាន់តែឆ្ងាយពី «គោលនយោបាយចិនតែមួយ» តាមរយៈការបញ្ជូនមន្ត្រី និងអតីតមន្ត្រីរបស់ខ្លួនមកបំពេញទស្សនកិច្ចនៅតៃវ៉ាន់ជាបន្តបន្ទាប់ ដែលនេះឯងជាក្ដីបារម្ភមួយរបស់ចិន ដោយខ្លាចថាដំណើរទស្សនកិច្ចទាំងនោះ អាចនឹងជំរុញឱ្យប្រទេសដទៃយកគំរូតាម ឬសាកល្បងព្យាយាមភ្ជាប់ទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ ក្នុងបរិបទដែលគំនិតគាំទ្រតៃវ៉ាន់នៅក្នុងគណបក្សទាំង២ របស់អាមេរិកមានសន្ទុះរឹតតែខ្លាំង ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក។

លើសពីនេះទៅទៀត លោក ចូ បៃដិន ផ្ទាល់ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកមក ធ្លាប់បានលើកឡើងដល់ទៅ ៣ដងថាសហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍យោធា ការពារតៃវ៉ាន់ រីឯអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានជំរុញត្រង់ៗឱ្យអាមេរិកគាំទ្រឯករាជ្យភាពតៃវ៉ាន់។ មិនតែប៉ុណ្ណោះ ក៏ធ្លាប់មានដែរការបែកធ្លាយព័ត៌មានថាយោធាអាមេរិកមានវត្តមាននៅលើទឹកដីតៃវ៉ាន់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីបណ្ដុះបណ្ដាលយោធាតៃវ៉ាន់។ ទាំងនេះសុទ្ធតែជាសកម្មភាពដែលទីក្រុងប៉េកាំង អាចយកមកបកប្រែជាភាសាចិនថាជា «ការឆ្លងបន្ទាត់ក្រហម» ពាក់ព័ន្ធនឹងតៃវ៉ាន់។ កាន់តែសំខាន់ជាងនេះទៅទៀត នៅពេលដែលអតីតប្រធានសភាតំណាងរាស្ត្រអាមេរិក លោក ហ្គីនហ្គ្រីស (Gingrich) ដែលបំពេញទស្សនកិច្ចនៅតៃវ៉ាន់ កាលពីឆ្នាំ១៩៩៧ លោកគឺជាប្រធានសភាតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធារណរដ្ឋ តែរដ្ឋាភិបាលអាមេរិកដឹកនាំ ដោយអតីតប្រធានាធិបតី លោក ប៊ីល គ្លីនតុន មកពីគណបក្សប្រធិបតេយ្យ។ ប៉ុន្តែ ដោយសារតែលោកស្រី ផេឡូស៊ី និងលោក ចូ បៃដិនសុទ្ធតែជាមនុស្សក្នុងបក្សប្រជាធិបតេយ្យ តែមួយ វាអាចឱ្យថ្នាក់ដឹកនាំចិនគិតថាដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ជាការឆ្លុះបញ្ចំងពីគោលនយោបាយសេតវិមានចំពោះចិន។

ដូច្នេះថាតើដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី បានបង្ហាញថាសហរដ្ឋអាមេរិកបានបោះបង់ចោលគោលនយោបាយចិនតែមួយ ហើយមែនឬដែរទេ? ជាការពិតណាស់ បើតាម អ្នកជំនាញមួយចំនួន «គោលនយោបាយចិនតែមួយ» មានតែនៅលើក្រដាសតែប៉ុណ្ណោះ ព្រោះជាក់ស្ដែងសហរដ្ឋអាមេរិក មិនបានទទួលស្គាល់ការទាមទារសិទ្ធិអធិបតេយ្យរបស់ចិន លើតៃវ៉ាន់ឡើយ។ ដើម្បីសាកល្បងយល់ គេត្រូវដឹងថាតើអ្វីទៅជា «គោលនយោបាយចិនតែមួយ» របស់សហរដ្ឋអាមេរិក ចំពោះចិន?

នៅពេលសហរដ្ឋអាមេរិក ផ្ដាច់ទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ ឬសាធារណរដ្ឋចិន(ROC) ហើយងាកមកភ្ជាប់ទំនាក់ទំនងជាមួយចិន ឬសាធារណរដ្ឋប្រជាមានិតចិន (PRC) វិញ ក្នុងឆ្នាំ១៩៧៩ ទីក្រុងវ៉ាស៊ីនតោនផ្ទាល់បានគូសបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ចិន ហើយពាក្យ «តែមួយគត់» នេះមានន័យថា PRC គឺជាចិនតែមួយគត់ ហើយមិនបានចាត់ទុកតៃវ៉ាន់ជា «រដ្ឋផ្ដាច់ខ្លួនចេញពីចិន» នោះឡើយ។ តែទោះជាបែបនេះក្ដី សហរដ្ឋអាមេរិកមិនបានទទួលស្គាល់ ការទាមទារសិទ្ធិអធិបតេយ្យរបស់ចិន លើតៃវ៉ាន់នោះទេ ដោយជំនួសមកវិញ សហរដ្ឋអាមេរិកបានត្រឹមតែ «ដឹងឮ» ពីគោលជំហររបស់ចិនដែលថាតៃវ៉ាន់ជាផ្នែកមួយរបស់ចិន។ តែ ដោយសារហេតុផលភូមិសាស្ត្រនយោបាយ ទាំងសហរដ្ឋអាមេរិក និងចិន (PRC) សុទ្ធតែមានឆន្ទៈដើរទៅមុខជាមួយគ្នា បើទោះជាពួកគេមានការខ្វែងគំនិតគ្នាលើអធិបតេយ្យរបស់ តៃវ៉ាន់ នៅត្រង់ការប្រើរវាងពាក្យ «ដឹងឮ» និងពាក្យ «ទទួលស្គាល់» ក៏ដោយ។

មែនទែនទៅ នៅពេលចិនធ្លាប់បានព្យាយាមកែប្រែអត្ថបទជាភាសាចិន ជាមួយពាក្យ «ដឹងឮ» ឬមានន័យជាភាសាអង់គ្លេសថា «acknowledge» ទៅជាពាក្យ «ទទួលស្គាល់» ឬ «recognize» អតីតអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក វ៉ារិន គ្រីស្ដូហ្វឺ (Warren Christopher) បានលើកឡើងនៅក្នុងសវនាការឆ្លើយសំណួររបស់ព្រឹទ្ធសភាអាមេរិក ដូច្នេះថា «យើងមើលឃើញថាអត្ថបទជាភាសាអង់គ្លេស គឺជាអត្ថបទមិនអាចកែប្រែបានឡើយ ហើយមើលឃើញថាពាក្យ «ដឹងឮ» ឬ «acknowledge» គឺជាពាក្យកំណត់សម្រាប់ សហរដ្ឋអាមេរិក»។ បន្ថែមពីលើនេះ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៨២ នៅក្នុងសេចក្ដីប្រកាសរវាងអាមេរិក-ចិន សហរដ្ឋអាមេរិកបានដើរមួយជំហានបន្ថែមទៀត ដោយបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនមិនមានបំណងដើរតាម ឬអនុវត្តគោលនយោបាយ «ចិនពីរ» ឬ «ចិនមួយផ្សេង, តៃវ៉ាន់មួយផ្សេង» នោះទេ។

សរុបមកវិញ បច្ចុប្បន្ន គោលនយោបាយចិនតែមួយរបស់សហរដ្ឋអាមេរិក គឺមានន័យថា សហរដ្ឋអាមេរិកទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់ តែមួយគត់របស់ចិន ប៉ុន្តែគ្រាន់តែដឹងឮពីគោលជំហររបស់ទីក្រុងប៉េកាំង ដែលថាតៃវ៉ាន់ គឺជាផ្នែកមួយរបស់ចិនតែប៉ុណ្ណោះ។ ម្លោះហើយ សហរដ្ឋអាមេរិករក្សាទំនាក់ទំនងការទូតផ្លូវការជាមួយចិន និងទំនាក់ទំនងមិនផ្លូវការជាមួយតៃវ៉ាន់។ ចំណែកឯ រដ្ឋបាលប្រធានាធិបតីអាមេរិកគ្រប់ជំនាន់រាប់ចាប់តាំងពីឆ្នាំ១៩៧៩ មកទល់នឹងរដ្ឋបាលរបស់ប្រធានាធិបតី លោក ចូ បៃដិន ក៏តែងតែអះអាងជារឿយៗពីការប្រកាន់ភ្ជាប់នូវគោលនយោបាយចិនតែមួយនេះផងដែរ។ ពីព្រោះអ្នកបង្កើតគោលនយោបាយអាមេរិកកន្លងមក ជឿថាគោលនយោបាយចិនតែមួយនេះអាចជួយរក្សាស្ថិរភាពនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ និងអនុញ្ញាតឱ្យចិន និងតៃវ៉ាន់អាចនឹងបន្តអន្តរកាលនៃនយោបាយ និងសង្គមសេដ្ឋកិច្ចរៀងៗខ្លួន ក្នុងសន្តិភាព។

ក៏ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅចំពេលសមត្ថភាពយោធាចិនកាន់តែរីកចម្រើនទៅមុខ និងការប្រកួតប្រជែងដណើ្ដមឥទ្ធិពលកាន់តែខ្លាំងក្នុងនៅក្នុងតំបន់អាស៊ី វាបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងចំណោមក្រុមមន្ត្រីយោធាអាមេរិក ដោយខ្លាចថាចិនអាចនឹងប្រើកម្លាំងយោធាដើម្បីបង្រួបបង្រួមជាមួយតៃវ៉ាន់ នៅថ្ងៃណាមួយ ដែលនេះបាន និងកំពុងធ្វើឱ្យជំហររបស់សហរដ្ឋអាមេរិកចំពោះសំណុំរឿងតៃវ៉ាន់ ផ្លាស់ប្ដូរបន្តិចម្ដងៗ ហើយគេអាចយល់បានតាមរយៈសម្ដីរបស់លោក ចូ បៃដិន ដែលអះអាងដល់ទៅ ៣ដងថា នឹងប្រើកម្លាំងយោធាការពារតៃវ៉ាន់ ក្នុងករណីមានការវាយប្រហារពីចិន៕ ដោយៈ Fresh News

ចែករំលែក

បញ្ចេញយោបល់