វិភាគអន្តរជាតិ៖ តើចិន ចំណេញអ្វីពីការធ្វើសមយុទ្ធយោធាព័ទ្ធជុំវិញ កោះតៃវ៉ាន់?

ថ្ងៃព្រហស្បតិ៍ ទី ៤ សីហា ២០២២​
13

 

(វ៉ាស៊ីនតោន)៖ ភាពធូរស្រាលបានកើតមានឡើង បន្ទាប់ពីប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បានធ្វើដំណើរទៅដល់កោះតៃវ៉ាន់ ដោយសុវត្ថិភាពកាលពីយប់ថ្ងៃទី២ ខែសីហា ដ្បិតការភ័យខ្លាចថាយោធាចិនអាចនឹងបាញ់ទម្លាក់ ឬបញ្ជូនយន្ដហោះចម្បាំងឱ្យហោះអមយន្ដហោះរបស់លោកស្រី ដែលនឹងបង្កឱ្យមានសង្រ្គាមជាមួយសហរដ្ឋអាមេរិក វាមិនបានកើតឡើងនោះទេ។

តែទោះជាបែបនេះក្ដី បញ្ហាប្រឈមដែលសហរដ្ឋអាមេរិកកំពុងជួបប្រទះ គ្រាន់តែការចាប់ផ្ដើមមួយតែប៉ុណ្ណោះ។ ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ លោកស្រី ផេឡូស៊ី ចិនបានប្រកាសធ្វើសមយុទ្ធយោធាមានរយៈពេល៤ថ្ងៃ នៅក្នុងតំបន់ចំនួន ៦ទីតាំងព័ទ្ធជុំវិញកោះតៃវ៉ាន់។ បើទោះជាសមយុទ្ធនេះនឹងត្រូវធ្វើ ឡើងនៅថ្ងៃទី៤ ខែសីហា ក្រោយលោកស្រី ផេឡូស៊ី ចាកចេញពីតៃប៉ិក៏ដោយ តែវានឹងក្លាយជា តាក់ទិក ឬយុទ្ធសាស្ត្រយោធាមិនធ្លាប់មានពីមុនមករបស់ចិនដែល ហាក់ដូចជា ចិនចង់បង្ហាញថាខ្លួនមានសមត្ថភាពយោធាអាចបិទខ្ទប់ ឬគ្រប់គ្រងច្រកសមុទ្រតៃវ៉ាន់ទាំងមូលបានគ្រប់ពេលវេលា។ ឱកាសនៃការធ្វើសមយុទ្ធយោធា ធំបែបនេះគឺសហរដ្ឋអាមេរិក ជាអ្នកផ្ដល់ឱ្យចិន។

សមយុទ្ធយោធានេះក៏បានបង្ហាញដែរថាចិនមានវិធីសាស្ត្រធ្វើសង្រ្គាមគ្រប់ជម្រើស ដើម្បីដាក់សម្ពាធលើតៃវ៉ាន់ និងបំផ្លាញការគំាទ្ររបស់សហរដ្ឋអាមេរិកចំពោះ ទីក្រុងតៃប៉ិ ហើយដែលតាក់តិចរបៀបនេះត្រូវបានគេហៅជាទូទៅថា «យុទ្ធសាស្ត្រសង្រ្គាមតំបន់ពណ៌ប្រផេះ»។ បើតាមក្រុមអ្នកជំនាញ យុទ្ធសាស្ត្រសង្រ្គាមតំបន់ ពណ៌ប្រផេះនេះគឺជា «សង្រ្គាមចិត្តសាស្ត្រមួយ» ដែលចិនបាន និងកំពុងប្រើដើម្បីវាយបំបាក់ស្មារតី និងកម្លាំងចិត្តប្រជាជនតៃវ៉ាន់ឱ្យបាក់ស្បាត និងបំភ័យប្រទេស ដែលចង់ជួយតៃវ៉ាន់ តាមរយៈការបង្ហាញសាច់ដុំយោធា។ ម្យ៉ាងវិញទៀត ខណៈសមត្ថភាពយោធាចិនកាន់តែរីកចម្រើនទៅមុខ «យុទ្ធសាស្ត្រសង្រ្គាមតំបន់ពណ៌ ប្រផេះ» របស់ចិនក៏នឹងកាន់តែមានប្រសិទ្ធភាពដែរ ដែលនេះអាចនឹងបង្កផលលំបាកយ៉ាងច្រើនដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការពារសន្តិសុខ តៃវ៉ាន់។

នៅក្រោយសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង ក្រុមអ្នកវិភាគភាគច្រើនបានប្រដូចសង្រ្គាមនៅតៃវ៉ាន់ ទៅនឹងសង្រ្គាមន័រម៉ង់ឌី (Normandy) ដែលជាសង្រ្គាមឆ្លងសមុទ្រ របស់សម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីរំដោះតំបន់អឺរ៉ុបចេញពីកណ្ដាប់ដៃហ៊ីត្លែរ។ ពួកគេជឿជាក់ថាសង្រ្គាមបែបនេះនឹងមិនអាចកើតឡើងនៅតៃវ៉ាន់ ក្នុងរយៈពេល ៥ ទៅ ៧ឆ្នាំខាងមុខឡើយ។ ពីព្រោះថាវាជាសង្រ្គាមប្រថុយប្រថាននឹងបរាជ័យច្រើនជាងឈ្នះសម្រាប់ចិន ដែលមិនទាន់មានសមត្ថភាពយោធា ខ្លាំងក្លាគ្រប់គ្រាន់អាចធ្វើសង្រ្គាមបែបនេះបានឡើយ។

ក៏ប៉ុន្តែ ទម្រាំតែចិនអាចនឹងបំពេញចន្លោះប្រហោងយោធារបស់ខ្លួន ដើម្បីធានាជ័យជម្នះក្នុងសង្រ្គាមតៃវ៉ាន់ នោះច្បាស់ណាស់ចិននឹងបង្កើនសកម្មភាព «យុទ្ធសាស្ត្រ សង្រ្គាមតំបន់ពណ៌ប្រផេះ» ដើម្បីសាកល្បងសម្រេចគោលដៅរបស់ខ្លួន និងកំញើញកុំឱ្យសហរដ្ឋអាមេរិក ឬកម្លាំងណាមួយគាំទ្រតៃវ៉ាន់ ឬបង្រួបបង្រួមជាមួយតៃវ៉ាន់ ដោយមិនប្រើកម្លាំងបាយដែលអាចនឹងត្រូវជាមួយ «យុទ្ធសាស្ត្រឈ្នះដោយមិនបាច់ចម្បាំង» របស់ដូនតាចិន និងជាអ្នកប្រាជ្ញសង្រ្គាមចិនស៊ុន អ៊ូ។

លើសពីនេះទៅទៀត ជាមួយ «យុទ្ធសាស្ត្រសង្រ្គាមតំបន់ពណ៌ប្រផេះ» តាមរយៈការបង្ហាញសាច់ដុំយោធានេះ ចិនអាចនឹងប្រើវាដើម្បីបង្កការខូចខាតជាក់ស្ដែងដល់ សេដ្ឋកិច្ចតៃវ៉ាន់ ដោយបង្កើនហានិភ័យដល់បណ្ដាប្រទេសដែលចង់ធ្វើជំនួញជាមួយតៃវ៉ាន។ នៅត្រង់នេះ បានន័យថាប្រសិនតៃវ៉ាន់ត្រូវបានគេមើលឃើញថា ជាកន្លែងគ្មានសុវត្ថិភាពសម្រាប់ការធ្វើពាណិជ្ជកម្ម នោះប្រទេសដទៃ ឬក្រុមហ៊ុនបរទេសនឹងស្វែងរកកន្លែងផ្សេងជំនួស។ ជាឧទាហរណ៍ ដោយសារតែបារម្ភខ្លាច ចិនអាចគ្រប់គ្រងតៃវ៉ាន់បានជាយថាហេតុ ឬក៏មានវិបត្តិធ្ងន់ធ្ងរណាមួយដែលធ្វើឱ្យសហរដ្ឋអាមេរិកមិនអាចទទួលបានបន្ទះឈីបទំនើបៗដែលតៃវ៉ាន់កំពុងឈានមុខ ជាងគេ សភាទាំង២របស់សហរដ្ឋអាមេរិក បានអនុម័តច្បាប់ថ្មីមួយកាលពីពេលថ្មីៗនេះ សំដៅជំរុញ និងបង្កើនឧស្សាហកម្មបន្ទះឈីបនៅក្នុងស្រុក។

សម្រាប់ថ្នាក់ដឹកនាំចិន «យុទ្ធសាស្ត្រសង្រ្គាមតំបន់ពណ៌ប្រផេះ» គឺជាយុទ្ធសាស្ត្រដ៏ល្អបំផុតក្នុងពេលបច្ចុប្បន្ន ដោយវាផ្ដល់ជម្រើសឱ្យចិនអាចបង្កភាពតានតឹងផង ហើយអាចបញ្ចៀសការប្រឈមមុខដោយផ្ទាល់ជាមួយយោធាអាមេរិកផង។ ជាការពិតណាស់ សមយុទ្ធយោធារបស់ចិនត្រូវបានសហរដ្ឋអាមេរិកចាត់ទុកថាជាទង្វើ បង្កហេតុ និងប្រកបដោយគ្រោះថ្នាក់ រីឯចិនក៏បានហៅទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ជាទង្វើបង្កហេតុ និងប្រកបដោយគ្រោះថ្នាក់ដូចគ្នាដែរ។ ប៉ុន្តែ ជាលក្ខណៈ បច្ចេកទេស សមយុទ្ធយោធា វាមិនមែនជាការបង្កសង្រ្គាមដែលតម្រូវឱ្យទីក្រុងវ៉ាស៊ីនតោនចាត់វិធានការឆ្លើយតបនោះទេ ពោលគឺគ្រាន់តែការបញ្ជូនសារព្រមាន តែប៉ុណ្ណោះ។

នៅពេលអនាគត បើមានសេណារីយ៉ូធ្ងន់ធ្ងរជាងដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់ ចិនអាចនឹងធ្វើសមយុទ្ធយោធាជើងទឹកមានរយៈពេល រាប់សប្ដាហ៍ព័ទ្ធជុំវិញកោះតៃវ៉ាន់ ដែលនេះអាចនឹងកាត់ផ្ដាច់បណ្ដាញទំនាក់ទំនងសមុទ្ររបស់តៃវ៉ាន់តែម្ដង។ យុទ្ធសាស្ត្រដែលកាន់តែគ្រោះថ្នាក់ទៅទៀត គឺចិនអាច នឹងបញ្ជូនយន្ដហោះយោធា និងនាវាចម្បាំងទៅកាន់កៀកនឹងដែនទឹកតៃវ៉ាន់ និងដែនអាកាស ហើយបើតៃវ៉ាន់ហ៊ានហោះស្ទាក់ចាប់យន្ដហោះចិន នៅពេលនោះនឹង មានហានិភ័យខ្ពស់នៃការបាញ់ប្រហារដាក់គ្នាទៅវិញទៅមកដែលភាពតានតឹងរបៀបនេះអាចនឹងនាំទៅរកការបិទដែនអាកាសតៃវ៉ាន់បណ្ដុះអាសន្ន។

ដូច្នេះហើយទើបពេលវេលាល្អមិនទាន់មកដល់ «យុទ្ធសាស្ត្រសង្រ្គាមតំបន់ពណ៌ប្រផេះ» មិនបង្កហានិភ័យច្រើនសម្រាប់ចិននោះទេ។ យ៉ាងណាក៏ដោយ ជម្រើស កាន់តែល្អបំផុតនោះ គឺការចូលរួមផែ្នកការទូតដើម្បីបញ្ចៀសសង្រ្គាម ឬវិបត្តិកុំឱ្យផ្ទុះឡើងនៅពេលអនាគត ហើយវិធីមួយនេះត្រូវការការអនុវត្តជាក់ស្ដែង និងការអត់ធ្មត់ពីគ្រប់ភាគីទាំងអស់ ទាំងសហរដ្ឋអាមេរិក ចិន និងតៃវ៉ាន់ បើទោះជាមានការលំបាកក៏ដោយ។ ភាពតានតឹងជុំវិញដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅកោះតៃវ៉ាន់ វាពិតជារឿងគ្រោះថ្នាក់ ប៉ុន្តែវាក៏អាចនឹងត្រូវបានប្រើជាហេតុផលផងដែរ ប្រសិនបើសហរដ្ឋអាមេរិក និងចិន មានបំណងស្ដារកិច្ចសន្ទនា ព្រមទាំងមានបំណងបញ្ចៀសកុំឱ្យមានវិបត្តិបែបនេះនៅពេលអនាគត តែគ្រប់យ៉ាងវាអាស្រ័យទៅលើថាតើចិន ឬអាមេរិក មើលឃើញរឿងបែបនេះមានប្រយោជន៍ សម្រាប់ពួកគេ ដែរឬក៏យ៉ាងណា។

យ៉ាងណាក៏ដោយ នេះអាចជាការរំពឹង ឬក្ដីស្រម៉ៃមួយប៉ុណ្ណោះ ព្រោះនៅក្នុងបរិបទដែលការប្រជែងដណ្ដើមឥទ្ធិពលធ្វើជាមេដឹកនាំពិភពលោករវាងសហរដ្ឋអាមេរិក និងចិនកាន់តែខ្លាំង ហានិភ័យនៃការប្រឈមមុខដាក់គ្នារវាងមហាអំណាចទាំង២ មុខជាចៀសមិនរួចឡើយ គ្រាន់តែគេពិបាកស្មានឱ្យប្រាកដថានៅពេលណា តែប៉ុណ្ណោះ៕ ដោយៈ Fresh News

ចែករំលែក

បញ្ចេញយោបល់