អ្នកវិភាគចៅចាក់ស្មុក៖ បើគណបក្សនយោបាយ និងសង្គមស៊ីវិលដែលសម្តែងក្តីកង្វល់រឿងវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ គប្បីមកទទួលការពន្យល់ និងបកស្រាយដោយផ្ទាល់បន្ថែមទៀតជាមួយក្រសួងយុត្តិធម៌ ដើម្បីជម្រះចោលនូវកង្វល់

ថ្ងៃអង្គារ ទី ២ សីហា ២០២២​
12

(ភ្នំពេញ)៖ រយៈពេល៤ថ្ងៃមកហើយដែលក្រសួងយុត្តិធម៌បានប្រកាសអញ្ជើញបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល ដែលជំទាស់ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ មកទទួលការ ពន្យល់ និងបកស្រាយបំភ្លឺដោយផ្ទាល់បន្ថែមទៀត ជាពិសេសដើម្បីជម្រះចោលនូវកង្វល់ដែលពួកគេតែងតែលើកឡើង ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានគណបក្សនយោបាយ និងសង្គមស៊ីវិលណាមួយក្នុងចំណោមគណបក្ស ៤ រួមមានគណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា និងអង្គការសង្គមស៊ីវិល ១០០ មាននិន្នាការទៅរកក្រុមប្រឆាំងដែលបានដាក់ញត្តិ និងចេញសេចក្តីថ្លែងការណ៍បង្ហាញក្តីកង្វល់នោះ ចេញ មុខមកណាត់ជួបក្រសួងយុត្តិធម៌នៅឡើយទេ ខណៈឱសានវាទកាន់តែខិតជិតមកដល់។

ទំនងគណបក្ស និងសង្គមស៊ីវិលទាំងនេះមិនមានភាពក្លាហ៊ានគ្រប់គ្រាន់ក្នុងការប្រឈមមុខនឹងការពិតឡើយ ខណៈចលនាជាតិទាំងមូលបានចេញញត្តិប្រកាសគាំទ្រពេញទំហឹង លើការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញលើកទី១០នេះយ៉ាងគគ្រឹកគគ្រេង។ ឬមួយពួកគេគ្រាន់តែជា អ្នកក្លាហានគង់ហ៊ាន?

វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើគឺដើម្បីធានាឱ្យបាននូវនិរន្តរភាពជាតិ ក៏ដូចជាធានាការពារឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា។ វិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី មាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ធ្វើឡើងយ៉ាងត្រឹមត្រូវតាមគោលការណ៍ និងនីតិវិធីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ជាពិសេសធានាបាននូវការគោរពគោលការណ៍គ្រឹះនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលជារបបដឹកនាំប្រទេសតាមបែបសភានិយម ព្រមទាំងជាការលើកកម្ពស់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលប្រជាជនកម្ពុជាបង្ហាញ ឆន្ទៈ និងប្រើសិទ្ធិអំណាចរបស់ខ្លួនតាមរយៈការបោះឆ្នោត ស្របតាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ និងបទដ្ឋានគតិយុត្តិជាធរមានរបស់ជាតិ។

វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះធ្វើឡើង ដើម្បីបំពេញចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ សំដៅធានាឱ្យបាននូវដំណើរការ ប្រព្រឹត្តដោយរលូននិងមាននិរន្តរភាពនៃស្ថាប័នរបស់រដ្ឋ និងការធានាការពារ និងថែរក្សឱ្យបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ទាំងអស់ដើម្បីជាគ្រឹះសម្រាប់អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។ នេះហើយជាការគិតផលប្រយោជន៍ជាតិជាធំ របស់រាជរដ្ឋាភិបាលដឹកនាំគណបក្សប្រជាជនកម្ពុជាដែលរាល់ដង្ហើមចេញចូលបានតម្កល់ផលប្រយោជន៍ជាតិជាធំ គោរពរដ្ឋធម្មនុញ្ញ ការពាររបបសភានិយម និងការពារគោលការណ៍គ្រឹះនៃរបបប្រជាធិបតេយ្យឋេរីពហុបក្ស និងរបបរាជានុយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ មិននិយាយក្តែងៗឱ្យតែរួចពីមាត់ទេ។

ក្រុមគណបក្សនយោបាយនិងអង្គការសង្គមស៊ីវិល វាដែលមាត់ស្នេហាជាតិតែចិត្តខ្មៅទុច្ចរិត បានកំពុងរកលេសគេចចេញពីការពិត និងស្វែងរកលេសដើម្បីលុបលាងភាពអាម៉ាស់របស់ខ្លួនដើម្បីបន្តបោកប្រាស់ពលរដ្ឋខ្មែរមួយចំនួនតូចដែលជឿងប់ងុលលើពួកគេបន្តទៀត។ តាមពិត ប្រសិនបើគណបក្សនយោបាយនិងអង្គការសង្គមស៊ីវិលដែលអួតខ្លួនជាអ្នកស្នេហាជាតិ ស្នេហាលទ្ធិប្រជាធិបតេយ្យពិតប្រាកដដូចអ្វី ដែលពួកគេតែងតែស្រែកក្តែងៗចំពោះមុខប្រជាពលរដ្ឋ និងជាមាសសុទ្ធ និងសម្តែងនូវក្តីព្រួយបារម្ភដោយសុទ្ធចិត្ត ហើយពិតជាមានបំណងគិតគូរដល់របបប្រជាធិបតេយ្យសេរីពហុបក្ស ឬរបបសភានិយម ឬរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ គប្បីចូលជួបជាមួយក្រសួងយុត្តិធម៌ ដើម្បីពិភាក្សាគ្នាផង ឬស្វែងយល់ឱ្យបានកាន់តែច្បាស់អំពីខ្លឹមសារ និងគោលបំណងពិតប្រាកដនៃវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០ នេះ កុំឱ្យចេះតែដើរនិយាយញុះញង់ខុសពីការពិត មិនបានការ។ តែក្រុមបក្ស នយោបាយនិងអង្គការសង្គមស៊ីវិលទាំងនេះដែលខ្លាំងបានតែពីក្រោយខ្នង និងការពឹងលើប្រព័ន្ធផ្សព្វផ្សាយបរទេសដើម្បីបំពងសំឡេងខ្លួនដើម្បីធ្វើប្រជាភិថុតិ និងប្រជោនិយម នឹងមិនចូលមកស្តាប់ការបំភ្លឺឡើយ។

នេះសបញ្ជាក់ឱ្យឃើញថា ក្រុមបក្សនយោបាយ និងសង្គមស៊ីវិលដែលតែងតែដើរតួឯកក្នុងការការពារលទ្ធិប្រជាធិបតេយ្យ ការពារសិទ្ធិមនុស្ស និងអួតពីខ្លួនស្នេហាជាតិ គោរពរដ្ឋធម្មនុញ្ញនោះ គឺគ្រាន់តែរូបភាពសម្តែង និងធ្វើនយោបាយបែបប្រជាភិថុតិ បោកប្រាស់ប្រជាពលរដ្ឋប៉ុណ្ណោះ ហើយពួកគេក៏គ្មានភាពស្មោះត្រង់ជាមួយជាតិនិងប្រជាជនដែរ គឺពួកគេគិតតែផលប្រយោជន៍និងមហិច្ឆតាអំណាចសម្រាប់បក្ខពួកខ្លួនតែប៉ុណ្ណោះ។ ប្រសិនបើក្រុមបក្សនយោបាយទាំង ៤ រួមមានគណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា និងអង្គការសង្គមស៊ីវិល ១០០ ពិតជាអ្នកស្រឡាញ់ជាតិ និងជាជើងឯកស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងចង់ការពាររដ្ឋធម្មនុញ្ញពិត ប្រាកដដូចមាត់ខ្លួនថា គួរតែក្លាហានចូលស្តាប់ការពន្យល់ និងបកស្រាយបំភ្លឺ និងអាចសួរដេញដោលស៊ីជម្រៅជាមួយស្ថាប័នជំនាញ និងមន្ត្រីជំនាញដោយផ្ទាល់ មិនមែនក្លាហានបានត្រឹមតែប្រើប្រាស់វិទ្យុបរទេសដើម្បីស្រែកឱ្យតែល្អមើល និងបោកប្រាស់ប្រជាពលរដ្ឋថាខ្លួនជាអ្នកគិតគូរពីផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជននោះទេ។

កាលដែលក្រុមបក្សនយោបាយនិងសង្គមស៊ីវិលទាំងអស់នេះមិនហ៊ានហើបមាត់នឹងការអញ្ជើញដោយសុទ្ធចិត្តរបស់ក្រសួងយុត្តិធម៌ជជែកគ្នា ពន្យល់គ្នាក្នុងនាមជាខ្មែរដូចគ្នាលើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ បានបង្ហាញយ៉ាងច្បាស់ថាអ្វីៗដែលពួកគេបានធ្វើកន្លងទៅនេះ គឺគ្រាន់តែដើម្បី ល្អមើល និងបម្រើប្រយោជន៍សួនតួរបស់ខ្លួននិងបក្ខពួកខ្លួន និងការដើរតាមបន្ទាត់នយោបាយរបស់ចៅហ្វាយនាយ និងម្ចាស់ជំនួយរបស់ខ្លួនប៉ុណ្ណោះ តែមិនបម្រើផលប្រយោជន៍ខ្មែរពិតប្រាកដឡើយ!

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២៖

ចែករំលែក

បញ្ចេញយោបល់